ក្រុម Burn X Flash បានដាក់គោលដៅកាន់តែធំ ក្នុងការស្វែងរកជ័យជម្នះបន្ថែមទៀត ជូនដល់អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីក្រុមមួយនេះ បានបន្តឈ្នះពាន ការប្រកួតកីឡាអេឡិចត្រូនិក (E-Sport) លើវិញ្ញាសា Mobile Legend នៃព្រឹត្តិការណ៍ T.Y Media E-Champion រដូវកាលទី១ ឆ្នាំ២០២២ អមជាមួយប្រាក់រង្វាន់ចំនួន៥០លានរៀល កាលពីពេលថ្មីៗនេះ។
សម្រាប់ការប្រកួតជុំផ្តាច់ព្រ័ត្រ៨ក្រុមចុងក្រោយ ក្នុងវគ្គ PlayOff Breacket នៃពានរង្វាន់ T.Y Media E-Champion រដូវកាលទី១ ឆ្នាំ២០២២ ធ្វើនៅផ្សារទំនើបអ៊ីអន២ ចំនួន៤ថ្ងៃ ហើយទើបបានបញ្ចប់ កាលពីថ្ងៃអាទិត្យ កន្លងមកនេះ Burn X Flash បានក្លាយជាក្រុមតែមួយគត់ ដែលបានឈ្នះគ្រប់ការប្រកួតទាំងអស់ ដើម្បីក្លាយជាម្ចាស់ជើងឯក នៅរដូវកាលនេះ។
ជាមួយការលេងយ៉ាងស្រុះដៃគ្នានេះ ក្រុម Burn X Flash បានយកឈ្នះក្រុម DEAD OR ALIVE នៅក្នុងវគ្គ៨ក្រុម រួចបានបន្តយកឈ្នះក្រុម See You Soon និងឈ្នះក្រុម IMPUNITY KH ហើយសម្រាប់ការឡើងទៅជួបក្រុមខ្លាំង See You Soon ជាថ្មីម្តងទៀត នៅវគ្គផ្តាច់ព្រ័ត្រ ក្រុម Burn X Flash បានបន្តយកឈ្នះម្តងទៀត ដើម្បីគ្រប់តំណែងជើងឯក ដ៏គួរឱ្យកាត់សម្គាល់បំផុត ខណៈការប្រកួតនេះ មានអ្នកគាំទ្ររាប់រយនាក់ បានចូលរួមទស្សនាផ្ទាល់។
ជាមួយការឈ្នះពានដ៏ធំមួយនេះ តំណាងក្រុម Burn X Plash បាននិយាយ ក្រោយការប្រកួតថា៖ «ពួកយើងពិតជាសប្បាយរីករាយ សម្រាប់ការឈ្នះតំណែងជើងឯក លើកនេះ ព្រោះវាជាព្រឹត្តិការណ៍ដ៏ធំ មិនធ្លាប់មានពីមុនមក ហើយនេះក៏ជាលើកទី១ ផងដែរ ដែលពួកយើង បានឃើញអ្នកគាំទ្រផ្ទាល់ គឺអរគុណដល់ពួកគេ ដែលបានមកគាំទ្រដល់ពួកយើង សម្រាប់ការប្រកួតរយៈពេល៤ថ្ងៃនេះ»។
បន្ថែមលើនេះ ក្រុម Burn X Flash បានដាក់គោលដៅកាន់តែធំ សម្រាប់ការបង្ហាញខ្លួនការប្រកួតក្រោយៗទៀត ដោយពួកគេ បានបញ្ជាក់ថា៖ «ពួកយើងពិតជាចង់ឃើញព្រឹត្តិការណ៍ T.Y Media E-Champion នេះ នៅរដូវកាលទី២ ហើយខ្ញុំឭ បង ធីវ៉ាយ ថាលើកក្រោយ នឹងមានទ្រង់ទ្រាយធំជាងនេះទៅទៀត អ៊ីចឹងពួកយើង នឹងខិតខំហ្វឹកហាត់ និងនាំយកលទ្ធផលល្អបន្តទៀត គឺមិនត្រឹមតែការប្រកួតមួយនេះទេ ប៉ុន្តែការប្រកួតផ្សេងៗទៀត មិនថាក្នុងស្រុក ឬក្រៅស្រុក យើងនឹងប្រឹងប្រែនាំយកលទ្ធផលល្អៗ មកជូនដល់អ្នកគាំទ្ររបស់យើង»។
ចំណែកក្រុម See You Soon ដែលធ្លាប់បង្ហាញភាពលេចធ្លោរខ្លាំង សម្រាប់ការប្រកួត កាលពីឆ្នាំ២០២០ ដោយពួកគេបានឈ្នះជើងឯកការប្រកួតកីឡាអេឡិចត្រូនិក លីគអាជីពលំដាប់អន្តរជាតិ MPL KH Season 1 សម្រាប់វិញ្ញាសា Mobile Legends: Bang Bang ហើយទទួលបានឱកាស ទៅប្រកួតតំណាងឱ្យកម្ពុជា ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក M3 World Championship នៅប្រទេសសិង្ហបុរីនោះ ក៏បានធ្វើការប្តេជ្ញា ដណ្តើមយកពាន សម្រាប់ការប្រកួត T.Y Media E-Champion នៅរដូវកាលក្រោយ ផងដែរ។
តំណាងក្រុម See You Soon បាននិយាយថា៖ «ការប្រកួត T.Y Media E-Champion ពិតជារៀបចំបានល្អ និងមានភាពសុក្រឹត្យ ហើយយើងពិតជាចង់ឱ្យមានការប្រកួតរដូវកាលទី២ ទី៣ ទី៤ និងជាបន្តបន្ទាប់ទៀត។ បើទោះបីជារដូវកាលទី១នេះ យើងធ្វើមិនសូវបានល្អ ប៉ុន្តែពួកយើងប្តេជ្ញាថា នៅរដូវកាលក្រោយ យើងនឹងយកពានមួយនេះឱ្យបាន»។
បើតាមលោក ឈុន សំណាង ហៅ ធីវ៉ាយ ជាអគ្គនាយកក្រុមហ៊ុន ធី វ៉ាយ មេឌា & អ៊ែតវើថាយស៊ីង Co,Ltd ដែលជាអ្នកឧបត្ថម្ភធំ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះ ការប្រកួតពានរង្វាន់ T.Y Media E-Champion នេះ មានប្រាក់រង្វាន់សរុបចំនួន១០០លានរៀល គឺមានន័យថា គ្រប់ក្រុមទាំង៨ សុទ្ធតែទទួលបានប្រាក់រង្វាន់ ទៅតាមចំណាត់ថ្នាក់របស់ពួកគេ ហើយលោកបានបង្ហើបថា លោកនឹងរៀបចំឱ្យមានការប្រកួតរដូវកាលទី២ និងទី៣ ជាបន្តបន្តាប់ទៀត៕