បរទេស៖ លោក Julian Nagelsmann គ្រូបង្វឹកនៃក្រុម Bayern Munich បាននិយាយ​ថា ក្រុម​របស់​លោក «សម» នឹង​ចាញ់​ហើយ ក្រោយពី​ការ​រង​បរា​ជ័យ​ក្នុងលទ្ធផល ១-០ នៅលើ​ទឹកដីក្រុម Villarreal ក្នុងការ​ប្រកួត​ជើង​ទី​១​នៃក្រប​ខ័ណ្ឌ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ កាលពីថ្ងៃ​ពុធ​។

ខ្សែ​បម្រើស្លាប Arnaut Danjuma បាន​ស៊ុត​បាល់​កាត់​សេចក្តី​តែ​១​គ្រាប់​ក្នុងការ​ប្រកួត ហើយ​ក្រុម Bayern ពិត​ជា​​មាន​សំណាង​ណា​ស់​ដែល​ពួកគេ​នឹង​ត្រូវវិល​ទៅកាន់​ប្រទេស​អាល្លឺម៉ង់​វិញ ដោយ​មិន​របូត​គ្រាប់​បាល់​ឲ្យច្រើន​ជាង​នេះ ក្រោយពី​ខ្សែ​ប្រយុទ្ធ Gerard Moreno របស់ Villarreal បាន​បង្កើត​ឱកាស​ល្អ​ៗ​ចំនួន​២​លើក​។ លោក Nagelsmann បាន​ប្រាប់​សារ​ព័ត៌មាន៖ DAZN ថា៖ «យើង​សម​​នឹង​ទទួល​បរា​ជ័យ​ហើយ​។ យើង​លេង​មិនល្អ​ឡើយ​។​ ក្នុង​តង់​ទី​១ យើង​មិនមាន​ថាមពល​គ្រប់គ្រាន់​ឡើយ យើងមិនបានបង្កើត​ឱកាសច្រើន​សម្រាប់​ខ្លួន​យើង​​ឡើយ ហើយយើង​បោះ​បង់​ការ​គ្រប់គ្រង់​បាល់​»​។ Moreno បាន​ស៊ុត​បាល់​ប៉ះ​នឹង​បង្គោល​ទី ហើយ​បន្ទាប់​មក​ បាន​ស៊ុត​បាល់​កោងពីចម្ងាយ​​ខុស​ទី​តែបន្តិច​ប៉ុណ្ណោះ ក្រោយពី​អ្នក​ចាំទី Manuel Neuer របស់ Bayern បាន​ព្យា​យាម​សង្គ្រោះ​បាល់​ខុស ក្រោយពី​បាល់​រត់​ខុស​ទីទៅហើយ​នោះ​។

លោក Nagelsmann បាន​បន្ថែម​ទៀត​ថា៖ «យើង​ពិត​ជា​មាន​សំណាងណាស់​​ដែលយើង​មិន​របូត​គ្រាប់​បាល់​ ដោយ​សារ​តែហុស​នេះ​»​។ ការ​រង​បរា​ជ័យ​នេះ បាន​បញ្ចប់កំណត់ត្រា​នៃ​ការមិនស្គាល់​ចាញ់​សោះ​ត្រឹម​២២​លើ ពីការ​ប្រកួតក្រៅដី​ក្នុងក្រប​ខ័ណ្ឌ Champions League​៕

ប្រភព​ព័ត៌មាន៖ Channel News Asia