គ្រាប់បាល់តាមស្មើនៅតង់ទី២ពីសំណាក់ខ្សែបម្រើប្រយុទ្ធ Ferran Torres បានជួយសង្គ្រោះក្រុម Barcelona កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលក្រុមយក្សអេស្ប៉ាញមួយនេះ បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Eintracht Frankfurt ក្នុងការប្រកួតជើងទី១នៃក្រខ័ណ្ឌ Europa League វគ្គ៨ក្រុមចុងក្រោយរបស់ពួកគេ។
ក្រុម Frankfurt ដែលបាត់បង់ខ្សែការពារប្រេស៊ីល Tuta ដោយសារតែការរងពិន័យកាតក្រហម សម្រាប់ការរងពិន័យកាតលឿង២លើកនោះ បានរកគ្រាប់បាល់នាំមុខមុន នៅពេលដែលកីឡាករ Ansgar Knauff បានស៊ុតបាល់កោងពីចម្ងាយចូលជ្រុងម្ខាងនៃទីយ៉ាងល្អ បន្ទាប់ពីបញ្ចប់តង់ទី១។ Barcelona ក៏បានជួបសំណាងល្អផងដែរ នៅពេលដែលលោកអាជ្ញាកណ្តាល Srdjan Jovanovic បានសម្រេចលុបចោលការសម្រេចចិត្តរបស់លោកក្នុងការផ្តល់ការពិន័យប៉េណាល់ទី នៅពេលដែលប្រធានក្រុម Sergio Busquets បានធ្វើឲ្យកីឡាករ Rafael Borre ដួលក្នុងប្រអប់គ្រោះថ្នាក់។ ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុម Barcelona បានវាយបកវិញ នៅពេលដែល Torres បានស៊ុតបាល់បញ្ចូលទី ក្រោយពីការបញ្ជូនបាល់យ៉ាងល្អរបស់កីឡាករ Frenkie de Jong នៅនាទី ទី៦៦។ Torres បានឲ្យដឹងថា៖ «ការវាយបកតាមពីក្រោយ ប៉ុន្តែ បានបញ្ចប់ដោយលទ្ធផលស្មើ ប្រហែលជាលទ្ធផលដ៏មានតម្លៃសម្រាប់ជើងទី២»។ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ១គូទៀត ក្រុម West Ham បានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុម Olympique Lyonnais បើទោះបីកីឡាករ Aaron Creswell បានរងពិន័យកាតក្រហម នៅជិតបញ្ចប់តង់ទី១ក៏ដោយ៕
ប្រភពព័ត៌មាន៖ Channel News Asia