គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ទរណ៍សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើការពិន័យ ទៅដល់ក្រុមកងយោធពលខេមរភូមិន្ទ (ទ័ព) នៅទឹកប្រាក់ចំនួន១លានរៀល និងពិន័យឱ្យក្រុមនេះ ធ្វើការប្រកួត ដោយគ្មានអ្នកគាំទ្រ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ នៅកីឡដ្ឋានស្តាតចាស់។

សម្រាប់ការពិន័យជាប្រាក់ចំនួន១លានរៀល និងមិនឱ្យទស្សនិកជនចូលរួមទស្សនាផ្ទាល់នេះ ក៏ព្រោះតែអ្នកគាំទ្ររបស់ក្រុមទ័ព ULTRA ARMY បានជេរប្រមាថទៅលើមន្រ្តីការប្រកួត នាពេលកន្លងមក ដែលទង្វើរនេះ បានរំលោភទៅនឹងក្រមវិន័យសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។

យោងតាមសេចក្តីសម្រេចរបស់គណៈកម្មការវិន័យ និងគណៈកម្មការឧទ្ទរណ៍ សហព័ន្ធកីឡាបាល់ទាត់កម្ពុជានេះ គឺការប្រកួតរវាងក្រុមកងយោធពលខេមរភូមិន្ទ និង វិសាខា នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) នាល្ងាចម៉ោង ៦:៣០ ថ្ងៃសៅរ៍នេះ គឺមិនអនុញ្ញាតឱ្យមានទស្សនិកជនចូលគាំទ្រផ្ទាល់នោះទេ។

គួររំឭកថា នៅមុនការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២២នេះ ក្រុមទ័ព ធ្លាប់បានយកឈ្នះក្រុមវិសាខា ម្តងហើយ សម្រាប់ការប្រកួតដណ្តើមពានបើករដូវកាល ប៉ុន្តែសម្រាប់ការប្រកួតផ្លូវការ ចំនួន៥លើកដូចគ្នា កន្លងមកនេះ ក្រុមវិសាខា ធ្វើបានល្អជាងក្រុមទ័ព ដោយបានឈ្នះ២ ស្មើ១ និងចាញ់២ប្រកួត មាន៧ពិន្ទុ ចំណែកក្រុមទ័ព បានឈ្នះ១ ស្មើ១ និងចាញ់៣ប្រកួត មាន៤ពិន្ទុប៉ុណ្ណោះ៕