តំណាងប្រទេស ជាសមាជិកក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទាំងអស់ បានឯកភាព និងគាំទ្រទាំងស្រុង ចំពោះម្ចាស់ផ្ទះកម្ពុជា ក្នុងការកំណត់ប្រភេទកីឡា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខណៈកិច្ចប្រជុំ ដែលបានចាប់ណើរការ នៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រនេះ គឺមានប្រទេសចំនួន៩ បានចូលរួមដោយផ្ទាល់ ហើយប្រទេសប្រ៊ុយណេ និងទីម័រខាងកើត បានចូលរួមតាមរយៈប្រព័ន្ធអនឡាញ (ZOOM)។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានថ្លែង នៅក្រោយកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) កាលពីព្រឹកថ្ងៃនេះថា៖«លទ្ធផល ដែលសំខាន់ជាងគេព្រឹកនេះ គឺការឯកភាពរបស់ប្រទេសទាំងអស់ និងលើកទឹកចិត្តកម្ពុជាថា កម្ពុជាបានត្រៀមលក្ខណៈ និងដាក់ចូលនូវប្រភេទកីឡាបានគ្រប់គ្រាន់ មានន័យថា ប្រទេសទាំងអស់ បានសម្ដែងការរីករាយជាខ្លាំង ចំពោះការត្រៀមលក្ខណៈរបស់កម្ពុជាក្នុងការដាក់នូវប្រភេទកីឡា ដែលមានតាំង ពីប្រភេទកីឡាអត្តសញ្ញាណជាតិរបស់ប្រទេសនីមួយៗ»។
«អ្វីដែលគួរឱ្យកត់សម្គាល់ យើងអត់ឃើញមានការតវ៉ា ឬមានការមិនពេញចិត្ត រឿងការងាររៀបចំប្រភេទកីឡានោះទេ គឺប្រទេសទាំងអស់ បានគាំទ្រដល់ការរៀបចំលើកទី១ របស់កម្ពុជា។ គេសប្បាយចិត្ត ដោយសារកម្ពុជា ធ្វើកិច្ចការដំបូង តែយើងធ្វើបានល្អ ហើយយើងរៀបចំតាមលំដាប់លំដោយ ហើយគោរពទៅតាមធម្មនុញ្ញស៊ីហ្គេម ដែលមានស្រាប់»។ លោក វ៉ាត់ ចំរើន បានបន្ថែម។
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សម្រាប់ការរៀបចំការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ គឺក្នុងប្រភេទកីឡាទាំងអស់ ដែលយើងបានដាក់នេះ គ្មានប្រទេសណាមួយជំទាស់ទេ គឺមានតែការឯកភាព និងការគាំទ្រដល់កម្ពុជាទាំងស្រុង ។ អ៊ីចឹងនេះជាស្មារតីនៃចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំងអស់ នៅក្នុងតំបន់អាស៊ាន ដែលជាសមាជិកស៊ីហ្គេម ហើយមានប្រទេសតិចតួចប៉ុណ្ណោះ ដែលបានស្នើឱ្យយើងដាក់ប្រភេទកីឡាផ្សេងទៀត ដែលយើងអត់មាន ហើយនឹងនឹងខិតខំប្រឹងប្រែងបន្ថែមទៀត នូវអ្វីដែលយើងអាចធ្វើបាន»។
យ៉ាងណាក៏ដោយ នេះគ្រាន់តែជាជំហ៊ានជោគជ័យ សម្រាប់ការពិភាក្សារបស់ម្ចាស់ផ្ទះកម្ពុជា ក្នុងការដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF-Council) នៅថ្ងៃដំបូងនេះ ព្រោះកម្ពុជា នៅមានបញ្ហាជាច្រើនទៀត ដែលនឹងត្រូវលើកយកពិភាក្សា និងសុំការយោគយល់ពីបណ្តាប្រទេស ជាសមាជិកទាំងនេះ ដោយកិច្ចប្រជុំនេះ ត្រូវធ្វើឡើងចំនួន៣ថ្ងៃ និងបញ្ចប់នៅថ្ងៃអាទិត្យនេះ៕