MV បទចម្រៀង «អ្នកចម្បាំង» ដែល​​បាន​ផលិត​ឡើង ដើម្បីបង្ហាញ​ពី​​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង​​គុណ​​​តម្លៃ​ដ៏អស្ចារ្យ​នៃ​គុន​ល្បុក្កតោខ្មែរនោះ បាន​នឹង​កំពុង​ទទួលបានការគាំ​ទ្រ​ខ្លាំងពីមហាជន បន្ទាប់ពី​បទ​នេះ បាន​ដាក់​សម្ពោធ និងបង្ហាញ​ជា​ផ្លូវ​ការ កាលពី​ថ្ងៃសៅរ៍ កន្លង​មក​នេះ។

ជាមួយការ​ផលិត​ដ៏​ល្អឯកនេះ បទចម្រៀង «អ្នកចម្បាំង» សហព័ន្ធ​កីឡាគុនល្បុក្កតោ និង​ផលិត​កម្មរាម បានជ្រើស​រើស​យក​ទីតាំង​សំខាន់ៗ នៅ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​តំបន់អង្គរ សម្រាប់ជា​ទី​កន្លែង​ថត និង​ផលិត​ MV នៃ​បទចម្រៀងនេះ ដើម្បី​ឱ្យ​ស័ក្តិសម ទៅ​នឹងស្ថាន​ភាព​ពិត​នៃគុន​ល្បុក្កតោ ដែលកាល​នោះ ត្រូវបាន​ប្រើប្រាស់​ជាក្បាច់គុន សម្រាប់ធ្វើ​សឹង​សង្រ្គោះ នៅ​ក្នុង​​ជួរកង​ទ័ព នៃ​សម័យអង្គរ ដ៏​រុងរឿងរបស់​កម្ពុជា។

លោក អ៊ួ តារា អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជា និង​ជា​អ្នក​ដឹកនាំ​ផលិត បាន​ប្រាប់​ថា MV បទ «អ្នកចម្បាំ​ង»នេះ បាន​ផលិតអំឡុងខែ៨ ឬ ខែ៩ ហើយ​ដល់​ខែ​១១ ខាងផលិតកម្មរាម ក៏ចាប់ផ្ដើមបំផុសឱ្យ​មានការផលិត MV ឡើង ហើយ​យើង​ក៏​បាន​ផលិត​ចប់ ​នៅ​ចុង​ឆ្នាំ២០២១ ប៉ុន្តែខាងផលិតកម្ម គេបានកំណត់ថា ត្រូវ​រង់​ចាំ​ពេល​វេលា​សម​ស្រប​ណា​មួយ ទើបសម្រេចបញ្ចេញ MV ឡើង ហើយយើងឃើញថា ជិត​ចូល​ឆ្នាំ​ហាក់​សម​ស្រប​ទើប​យើង​បញ្ចេញ នៅពេលនេះតែម្ដង។

MV នៃ​បទ​ចម្រៀង​ «អ្នកចម្បាំង» នេះ នឹងត្រូវប្រគល់​ជូន ទៅ​​គណៈកម្មាធិការជាតិរៀបចំ​ការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០៣២ (CAMSOC) ដើម្បី​ទុក​ប្រើប្រាស់​ជា​ផ្លូវការ ជា​លើក​ដំបូង នៅពេល​កម្ពុជា ធ្វើ​ជាម្ចាស់​ផ្ទះស៊ីហ្គេម ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្រ្ត ផងដែរ ហើយ​ផ្ទាំង​ទស្សនីយភាព នៅ​ក្នុង MV នេះ ពិតជា​មាន​ភាព​អងស្ចារ្យ ជាមួយការ​សម្តែង​របស់់​ក្រុម​គុនល្បុក្កតោ​កម្ពុជា ដ៏រស់រវ៉ើក។

លោក អ៊ួ តារា បាន​បន្ថែម​ថា៖ «ដោយមានការសហការ និង​ជួយ​ជ្រោម​ជ្រែង​យ៉ាង​យកចិត្ត​ទុកដាក់ពី គណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ និងអាជ្ញាធរជាតិ អប្សរា បាន​សម្រួល​ដល់​ការចុះថត ដោយយើងបាន​ជ្រើសរើស​យក​ទីតាំង ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្បាច់គុន សិល្បៈកងទ័ព សម័យបុរាណហ្នឹង គឺយើងដាក់បញ្ចូល នៅក្នុងផ្ទាំងទស្សនីយភាព MV ទាំងអស់ ដែលទីតាំងនៃការចុះថតមាននៅក្នុង និងក្រៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទ​ភិមានអាកាស លានជល់ដំរី ទីតាំងទេសចរណ៍យើង ទៅដល់លើភ្នំគូលែន និង​ប្រាសាទ​ទន្លេបាទី»។

អគ្គលេខាធិការរង​សហព័ន្ធ​កីឡា​គុនល្បុក្កតោ​កម្ពុជារូបនេះ បានបន្ថែម​ទៀត​ថា៖ ​«បទ​អ្នក​ចម្បាំង គឺ​បាន​បញ្ចូល​គ្នា​រវាង​សិល្បៈ​សម័យ និង​បុរាណ ហើយ​បាន​លេច​​ជា​ទស្សនីយ​ភាព​ថ្មី​មួយ ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​មាន​ជា​ទម្រង់​​​ស្នៀត​គុន​ល្បុក្កតោ និង​ទម្រង់​យុទ្ធ​វិធី​ទ័ព​សម័យ​អង្គរ និង​ខ្លឹមសារ​ចម្រៀង ឧទ្ទិស​ស្នា​ដៃ​ដល់​បុព្វបុរស​ទំនៀម​​ទម្លាប់ ប្រពៃ​ណី​អ្នក​ហាត់​គុនជំនឿ​សាសនា និង​ការ​ជំរុញ​ស្មារតី​ដល់​យុវជន​ឱ្យ​មាន​ស្មារតី​ជា​​អ្នក​​ប្រយុទ្ធ ក្នុងការ​ថែ​រក្សា​មរតក​ដ៏​វិសេស​វិសាល​មួយ​នេះ»។

ជាមួយ​គ្នា​នេះ បទចម្រៀង «អ្នក​ចម្បាំង» បានបង្ហាញ​ពី​​អត្ថន័យ​ដ៏​ជ្រាលជ្រៅ និង​គុណ​​​តម្លៃ​របស់ល្បុក្កតោខ្មែរ ដោយ​​បានបង្កប់​នៅប្រវត្តិដ៏​យូរ​លង់ ដែល​ដូន​តា បាន​បន្សល់​ទុក​ឱ្យ​មក​កូនចៅខ្មែរ​ជំនាន់​ក្រោយ ព្រោះ​​នេះជាទ្រព្យ ដែល​មាន​តម្លៃ មិនអាច​កាត់​ថ្លៃ​បាន ហើយកម្ពុជា ក៏បាននិងកំពុង​ខ្នះខ្នែង បញ្ជូន​សំណុំ​ឯកសារ​ចុះ​ឈ្មោះ «​គុនល្បុក្កតោ»​ ទៅ​ស្ថាប័ន​បេតិក​ភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ ដើម្បី​ដាក់​​ក្បាច់​គុន​បុរាណ​ខ្មែរ​មួយ​នេះ​ ចូល​​ក្នុង​បញ្ជី​បេតិក​ភណ្ឌ​​​អរូបី​​របស់​​មនុស្ស​ជាតិ ផងដែរ។

លោក សេង ចំណាន អគ្គនាយកផលិតកម្មរាម បាន​ប្រាប់​ថា៖ «ការ​ផលិត​បទ​ចម្រៀង​នេះ​​​ឡើង គឺ​កើត​​ចេញ​ពីទឹក​ចិត្ត​ភក្តី​ភាព សម្រាប់​គុនល្បុក្កតោ ដែល​ជា​ស្នា​ដៃ​បង្កើត​ដោយ​បុព្វបុរស​ខ្មែរ ដូច​នេះ​ការ​ផលិត ក៏​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​បំផុត ដើម្បីឱ្យ​សម​ជា​ស្នាដៃ​របស់​កូន​ខ្មែរ។ បទ​អ្នក​ចម្បាំង ផលិត​ឡើង ​ក្នុងគោលបំណង លើក​តម្កើង ផ្សព្វផ្សាយ និង​បង្ហាញ​​ទៅ​កាន់​អន្តរជាតិ អំពី​សក្កានុពល​​នៃ​​គុនល្បុក្កតោ​របស់​ខ្មែរ​»៕
អ្នកចម្បាំង