បរទេស៖ Luka Modric បានផ្លាស់ប្តូរ​ស្ថាន​ការណ៍ ហើយ Karim Benzema បាន​រក​គ្រាប់​បាល់​កាត់សេចក្តី ខណៈ​ដែលក្រុម Real Madrid បាន​រា​រាំង​ការ​វាយ​បក​ដ៏រំភើប​ពី​ក្រុម Chelsea កាលពីថ្ងៃ​អង្គារ ដើម្បី​ឈ្នះ​ក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ Champions League វគ្គ​៨ក្រុមចុងក្រោយ ក្នុងលទ្ធផល​ទាំង​២​ជើង ៥-៤​។

ក្រុម Chelsea បានលុប​ចោល​គ្រាប់​បាល់​នាំមុខ ៣-១ របស់ Real Madrid ពីការ​ប្រកួត​ជើង​ទី​១ ក្នុង​ការ​វាយ​បក​ដ៏​ទាក់​ទាញ​នាកីឡដ្ឋាន Santiago Bernabeu ខណៈ​ដែល Mason Mount, Antonio Rudiger និង Timo Werner បាន​ជួយ​ឲ្យ​ក្រុម​ម្ចាស់​ការ​ពារ​តំណែង​ជើង​ឯក​មួយនេះ ស្ថិត​លើផ្លូវ​នៃ​ការ​ដណ្តើម​បាន​ជ័យ​ជម្នះ​ដ៏​មិនគួរ​ឲ្យជឿ​។ ប៉ុន្តែ Modric វ័យ​៣៦​ឆ្នាំ បាន​ចូល​ទៅ​​សង្គ្រោះ​ស្ថាន​ការណ៍ ដើម្បី​បន្ថែម​កំណត់ត្រា​ដ៏​គួរ​ឲ្យ​ចាប់​​អារម្មណ៍​មួយ​ទៀត​លើ​អាជីព​ប្រកប​ដោយ​ផ្លែ​ការផ្កា​របស់​គេ តាមរយៈ​ការ​បញ្ជូន​បាល់​យ៉ាងល្អ​ទៅ​ឲ្យ Rodrygo ដែល​បាន​ស៊ុត​បាល់​បញ្ចូល​ទីយ៉ាងល្អ ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​ត្រូវ​កាត់​សេចក្តី​នៅនាទី​បន្ថែម​១៥នាទី​២ដង​។

ក្រោយពី​រក​បាន​៣​គ្រាប់នៅកីឡដ្ឋាន Stamford Bridge បន្ទាប់​មក Benzema បាន​រក​គ្រាប់​បាល់​ឈ្នះ ដោយ​​តារាឆ្នើម​អន្តរ​ជាតិ​បារាំង​រូបនេះ បានដណ្តើម​យក​ប្រៀប​លើ​ការ​ភ្លាត់​ស្នៀត​របស់ Rudiger ដើម្បី​តែត​បាល់បញ្ចូល​ទី​យ៉ាងល្អ ខណៈ​​ការ​ចាញ់ ៣-២ គ្រប់​គ្រាន់​ក្នុងការ​ជួយ​ឲ្យ Real ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​។ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត លោក Carlo Ancelotti បាន​និយាយ​ថា៖ «អ្នក​មិនគិត​ថា អ្វី​ៗ​នឹង​បាត់បង់​នៅកីឡដ្ឋាន Bernabeu​។ ខ្ញុំមិនអាច​ពន្យល់​បាន​ឡើយ ប៉ុន្តែ មាន​អភិនិហារ​មួយ​នៅកីឡដ្ឋាន​នេះ ដែល​ជួយ​ដល់​អ្នក​»​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia