សហព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា បាន​បញ្ចេញ​បញ្ជីឈ្មោះ​កីឡាការិនីទាំង​៣៥​នាក់ ដែល​បាន​​ជាប់នៅ​ក្នុង​បញ្ជី​រាយនាម​បឋមកីឡាការិនី​ជម្រើសជាតិកម្ពុជា សម្រាប់ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅ​ក្នុងខែឧសភា ឆ្នាំ​២០២២ នៅប្រទេស​វៀតណាម ជា​ផ្លូវការ​ហើយ។

តាមបញ្ជី​រាយនាម​បឋមកីឡាការិនី​ជម្រើសជាតិកម្ពុជា ដែល​សហព័ន្ធ ទើបបាន​បង្ហាញ កាលពី​ព្រឹក​ថ្ងៃពុធ​នេះ គឺ​​កីឡាការិនី​របស់​ក្រុម​ម្ចាស់​ជើង​ឯក​លីគនារី ភ្នំពេញ​ក្រោន បានជាប់​ច្រើន​ជាង​គេ ដោយមានរហូត​ដល់​១៣​នាក់ ហើយ​បន្ទាប់មក គឺ​ក្រុម​ព្រះខ័នរាជស្វាយរៀង ដែល​មាន​ចំនួន៨នាក់។

ចំណែក​កីឡាការីនីចំនួន​១៤នាក់​ទៀត គឺ​ជា​កីឡាការិនី​របស់​ក្រុម​ជើងឯក​រង ណាហ្គាវើលដ៍​​កំពង់ស្ពឺ ដែល​មាន​ចំនួន៧នាក់ ចំណែក​ក្រុមសៀម​រាប មាន​ចំនួន​៥នាក់ ហើយ​២​នាក់​ទៀត ជាកីឡាការិនី​របស់​ក្រុមបឹងកេត។ តែ​ទោះ​បីជា​យ៉ាង​ណា បេក្ខភាព​ទាំង​៣៥​នាក់នេះ នឹង​ត្រូវតេស្ត​ជម្រុះ ចោល​ខ្លះ នៅ​មុនការ​ចេញ​ទៅ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​វៀតណាម។

ជាមួយ​គ្នា​នេះ តាម​រយៈ​ការ​ចាប់ឆ្នោត​វិញ្ញាសា​បាល់ទាត់​នារី ដែល​ត្រូវបានធ្វើ កាលពី​ថ្ងៃ​ពុធទី​៦ ខែមេសា កន្លង​មកនេះ ​ក្រុម​នារី​កម្ពុជា បាន​ឈរ​នៅ​ពូល​A ដោយ​ក្នុង​នោះ កម្ពុជា ត្រូវ​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុមនារី ​ហ្វីលីពីន នៅ​ថ្ងៃទី​៩ រួច​បន្ត​ទៅ​ជួប​ក្រុមនារី ​ឥណ្ឌូនេស៊ី នៅ​ថ្ងៃទី​១១ និង​ចុងក្រោយ ត្រូវ​ប្រឈម​ជាមួយក្រុម​​ម្ចាស់ផ្ទះវៀតណាម នៅ​ថ្ងៃទី​១៤ ខែឧសភា។ ចំណែក​ពូលB មាន​ថៃ មី​យ៉ាន់​ម៉ា ឡាវ និងក្រុមនារី ​សិង្ហ​បុរី៕