បុរសមានដើមកំណើត នៅ​ភ្នំពេញ ប្រទេស​កម្ពុជា លោក Peter Khan ដែលកំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក នោះ មានការជឿជាក់​ថា កូន​ស្រី​របស់​គាត់ គឺ​វីរកីឡាការិនី​ជឺជីតស៊ូ ខាន់ ចេសា (Jessa Khan) នឹង​នៅតែ​អាច​ដណ្តើម​បានមេដាយ ជូនកម្ពុជា ម្តង​ទៀត សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ដែល​ធ្វើ​នៅ ខែឧសភា ខាង​មុខ​នេះ។

«ខ្ញុំគិត​ថា កូន​ស្រី​របស់​ខ្ញុំ ​នឹង​ធ្វើ​បាន​ល្អ។ យើង​ខ្ញុំសង្ឃឹម​ថា Jessa នឹង​នាំមក នូវ​មេដាយ​ជូន​ជាតិ​កម្ពុជា​ទៀត»។ នេះជា​ការ​លើក​ឡើង​របស់​លោក Peter Khan ដែល​សំដៅ​ទៅ​ដល់​ការ​ធ្វើ​ដំណើរមកប្រកួតស៊ីហ្គេម នៅ​ប្រទេស​វៀតណាម របស់​កីឡាការិនី​ឆ្នើម ខាន់ ចេសា ព្រោះ ចេសា ធ្លាប់បានឈ្នះមេដាយ​មាស ពីការ​ប្រកួត​ស៊ីហ្គេម នៅប្រទេស​ហ្វីលីពីន កាលពី​ឆ្នាំ​២០១៩​ម្តង​ហើយ ក្នុង​ប្រភេទ​ទម្ងន់​៤៩គីឡូក្រាម ហើយ​កីឡាការិនីជម្រើសជាតិ​កម្ពុជា​រូបនេះ ក៏​ធ្លាប់​បាន​ឈ្នះ​មេដាយ​មាស ​កីឡា​អាស៊ី នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ឆ្នាំ​២០១៨ ផងដែរ។

ការ​ផ្តល់​ភាព​ជឿជាក់​របស់លោក Peter Khan ទៅ​លើ ខាន់ ចេសា បែបនេះ ក៏​ព្រោះតែ​កីឡាការិនីកូនខ្មែរ​-អាមេរិក ខាន់ ចេសា នៅពេលនេះ មាន​សមត្ថ​ភាព កាន់តែ​ខ្លាំង និងទើប​ឈ្នះ​បាន​មេដាយមាស ក្នុង​ប្រភេទ​ទម្ងន់ ៥៣,៥​គីឡូក្រាម ពីការ​ប្រកួតក្រប​ខណ្ឌ​ខ្សែ​ក្រវាត់​ខ្មៅ នៃ​ ព្រឹត្តិការណ៍​ជើងឯក Pan Jiu-Jitsu Championship ឬ 2022 IBJJF Pan Championships នៅ​សហរដ្ឋអាមេរិក។

លោក Peter Khan បាន​ឱ្យ​ដឹង​ថា ​ការ​ប្រកួត​ Pan Jiu-Jitsu Championship នេះ ​​រៀបចំ​ឡើង ​ដោយ​សហ​ព័ន្ធ​កីឡា​ជឺជីត​ស៊ូ​អន្តរ​ជាតិ ​នៅ​​រដ្ឋហ្លរីដា​នេះ ហើយនេះ​ជា​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​កីឡា​ជឺជីត​ស៊ូ ធំបំផុត នៅអាមេរិក​ខាង​ជើង ដោយ​មាន​អត្តពលិក ជាបេក្ខនារី​ជាង​៤៦០០នាក់ មកពីជុំវិញ​ពិភព​លោក បាន​ចូល​រួម ហើយជា​លទ្ធផលនៃ​ការ​ប្រកួត​នោះ ចេសា បានឈ្នះ​ទាំង​២ប្រកួត ដោយ​ចុងក្រោយ បាន​ឈ្នះ​កីឡាការិនី​ប្រេស៊ីល Thamires Aquino នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ទទួលបាន​មេដាយមាស ខណៈ​មេដាយ​សំរឹទ្ធ​ស្ទួន លើ​ប្រភេទ​ទម្ងន់​នេះ បាន​ទៅ​កីឡាការិនី​ប្រេស៊ីល Andreza Morais និង​កីឡាការិនី​អាមេរិក Sofia Amarante។

ជាមួយការ​ឈ្នះ​បាន​មេដាយ​មាស​របស់​កូន​ស្រី ខាន់ ចេសា នេះ លោក​ Peter Khan បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖​ «យើង​ខ្ញុំ លើស​ពីមោទនភាព ដែល Jessa Khan បាន​ឈ្នះ​ជើងឯក​លើក​ដំបូង​ ក្នុង​ការ​ប្រកួត​ជើងឯក Pan Jiu-Jitsu Championship នេះ ដោយ​បង្ហាញ​ថា ការ​ខិតខំ​ប្រឹង​ប្រែង​លះបង់​គ្រប់​បែប​យ៉ាង ​របស់​នាង ​ទទួល​បាន​ផល។ ហើយ​យើង​ខ្ញុំ​ដឹង​ថា អ្នក​អាច​ធ្វើ​បាន។ Jessa ពិត​ជា​មាន​មោទន​​ភាព​ណាស់! ខ្ញុំ​ស្រឡាញ់​អ្នក​គ្រប់​បែប​យ៉ាង»។

ចំណែក ខាន់ ចេសា មាន​ភាព​រំភើប​ខ្លាំង​រហូតស្រក់ទឹក​ភ្នែក។ តាម​រយៈ​ខ្សែ​វីដេអូ​ខ្លី​មួយ ដែល​បានបង្ហោះ ជុំវិញ​ការ​ដណ្តើម​បាន​មេដាយមាស​នេះ ខាន់ ចេសា បាននិយាយ​​ថា៖​«ខ្ញុំ​ពិត​ជា​​រំភើប​ខ្លាំង​ណាស់ ​និង​រីក​រាយ​ខ្លាំង​ណាស់ ចំពោះ​ការ​ឈ្នះ​មេដាយ​មាស នៅ​ក្នុង​ក្រប​ខណ្ឌ​ខ្សែ​ក្រវាត់​​ខ្មៅ នៃ​ការ​ប្រកួត​ជើងឯក Pan Jiu-Jitsu Championship នេះ ព្រោះ​វា​ជ័យ​ជម្នះ ដែល​​កើត​ចេញ​ពីការ​ខិតខំ​ប្រឹង​ប្រែ​របស់​ខ្ញុំ បន្ទាប់​ពី​ខ្ញុំ​បាន​ចាញ់ នៅ​ក្នុង​ការ​ប្រកួត​នេះ កាល​ពី​ឆ្នាំ​២០២១ ហើយ​ខ្ញុំ​ពិត​ជា​អរគុណ​ដល់​ក្រុម​គ្រូ​បង្វឹក និង​គ្រួសារ​របស់​ខ្ញុំ បាន​គាំ​ទ្រ និង​លើកទឹក​ចិត្ត​ដល់​ខ្ញុំ​ជានិច្ច»។

តាម​លោក Peter Khan ​បាន​ឱ្យ​ដឹង​ថា​ បន្ទាប់ពី​ការ​ឈ្នះមេដាយ នៅ​ក្នុងការ​ប្រកួត Pan Jiu-Jitsu Championship នេះទៅ Jessa Khan ព្រមទាំង​រូប​លោក និង​អ្នក​ម្តាយ នឹង​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា នៅ​ថ្ងៃទី​៥ ខែឧសភា ដើម្បី​ចូល​រួម​ជាមួយ​ក្រុម​ជម្រើសជាតិ ដើម្បី​ត្រៀម​ទៅ​ប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ នៅ​ប្រទេស​វៀតណាម៕