ក្រុម​បាល់បោះជម្រើសជាតិ​កម្ពុជា ដែល​កំពុង​ប្រកួត​ប្រជែង​ពង្រឹងសមត្ថ​ភាព នៅបាទី ប្រទេស​ឥណ្ឌូនេស៊ី នោះ បាន​បង្ហាញ​សញ្ញាល្អ​ប៉ុន្មាន​ឡើយ ខណៈ​ពួក​គេ រក​មិនឃើញការ​ឈ្នះ​សោះ  ទៅលើ​ការ​​ប្រកួត​ប្រជែងទ​ម្រង់ ៣x៣ នៃ​ពាន​រង្វាន់​ ABL Pre-SEA Games Challenge 2022 ឬ ABL ៣x៣ International Champions Cup 2022 នោះ។ ផ្ទុយ​ពី​នេះ​ក្រុម​បុរស​ឥណ្ឌូនេស៊ី និងនារី​របស់វៀតណាម សុទ្ធតែ​បាន​ឈ្នះ​តំណែង​ជើងឯក​រៀងៗ​ខ្លួន សម្រាប់ការ​ប្រកួត​នេះ។

តាម​រយៈការ​ប្រកួត​លើ​ទម្រង់ ៣x៣ នៃ​ពាន​រង្វាន់​ ABL Pre-SEA Games Challenge 2022 នេះ ក្រុមបាល់បោះជម្រើសជាតិ​កម្ពុជា បាន​ចាញ់​គ្រប់​ការ​ប្រកួតទាំង​អស់ ដោយ​ក្នុង​នោះ​ពួក​គេ បានចាញ់​ក្រុម​ម្ចាស់​ផ្ទះ Bali United ជាមួយពិន្ទុ ១៧-១២ សម្រាប់ការ​ប្រកួត​បើក​ឆាក រួច​បន្ត​ចាញ់​ក្រុម Platinum Karaoke របស់​ហ្វីលីពីន ២១-២ ហើយ​ចុង​ក្រោយ ពួក​គេ​បាន​ចាញ់​ក្រុម Sniperx របស់ប្រទេស​ថៃ ក្នុង​លទ្ធផល ១៩-១០។

ជាមួយការ​ចាញ់​ទាំង​៣​ប្រកួតជាប់ៗ​គ្នា​ និង​បាន​ធ្លាក់ពីការ​ប្រកួត​ត្រឹមវគ្គ​ជម្រុះ​នេះ បាន​បង្ហាញ​ឱ្យ​ឃើញថា សម្រាប់ការ​ប្រកួត​ទម្រង់ ៣x៣ នេះ ក្រុមបាល់បោះ​កម្ពុជា នៅមានកម្រិត​លេង ទាបជាង​គេ ហើយ​វា​ក៏ជា​ក្តី​បារម្ភ​ផងដែរ សម្រាប់ការ​ត្រៀម​ខ្លួន ទៅ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​វៀតណាម ក្នុងខែឧសភា ឆ្នាំ​២០២២​នេះ។

ផ្ទុយ​ពីនេះ ​ក្រុមម្ចាស់​ផ្ទះ INA PATRIOTS A របស់​ឥណ្ឌូនេស៊ី បាន​ក្លាយ​ជា​ម្ចាស់ជើងឯក ក្នុងការ​ប្រកួត​ពាន​រង្វាន់ ABL 3×3 International Champions Cup 2022 នេះ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះក្រុម MABA របស់ម៉ាឡេស៊ី នៅវគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​លទ្ធផល ២១-១៥ ចំណែក​ក្រុម PLATINUM KARAOKE បាន​យក​ឈ្នះក្រុម​ VN RED & GOLD ១៥-៨ ដើម្បី​ទទួលបាន​លេខ​៣។

ដោយឡែក សម្រាប់ការ​ប្រកួត​ផ្នែកនារី លើ​ទម្រង់ ៣x៣ នេះ ក្រុម​នារី​របស់វៀតណាម RED & GOLD បាន​កត់​ត្រា​នូវជ័យជម្នះ​យ៉ាង​រំភើប​លើ​​​ក្រុម LOUVRE ANGELS ក្នុង​លទ្ធផល ១៤-៧ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ក្លាយជា​ម្ចាស់​ជើង​ឯក ចំណែក​ក្រុម Team ELITE ទទួល​បាន​លេខ​៣ ក្នុង​ពាន​រង្វាន់ ABL 3×3 International Champions Cup នេះ បន្ទាប់ពី​បាន​យក​ឈ្នះ​ក្រុម​ DELHI 3BL ដោយ​លទ្ធផល ១៧-៦ នោះ។

យ៉ាង​ណា​ក៏​ដោយ ក្រុមបាល់បោះ​ជម្រើសជាតិ​កម្ពុជា នៅមិនទាន់បាន​បញ្ចប់បេសកកម្ម សម្រាប់​ការ​ចេញ​​ទៅ​ប្រកួត នៅ​ឥណ្ឌូនេស៊ីនេះ នៅឡើយ​ទេ ដោយ​ពួកគេ នឹង​ចាប់ដំណើរ​ការ​ប្រកួត​លើ​ទម្រង់​លេខ ៥x៥ វិញ​ម្តង ដោយ​នៅ​ថ្ងៃអង្គារ​នេះ ដោយ​ពួកគេ នឹង​ត្រូវ​ជួប​ក្រុម BBM CLS Knight នៅ​ល្ងាច​ម៉ោង​៥ (ម៉ោង​នៅឥណ្ឌូនេស៊ី) ថ្ងៃ​អង្គារ​នេះ សម្រាប់​ការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​A៕