ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភពលោក International Professional Combat Council (IPCC) KUN KHMER ដំបូង​បង្អស់ នៅ​កម្ពុជា ​ក្នុង​ព្រឹត្តិការណ៍ «WURKZ ប្រដាល់​​គុន​ខ្មែរ​ប្រចាំ​ប្រទេស» របស់​សង្វៀន​ថោន ដែល​មាន​ប្រាក់​រង្វាន់​រហូត​​ដល់​១២០​លាន​រៀល នោះ នឹង​ចាប់​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ នៅ​ថ្ងៃសៅរ៍ ចុង​សប្តាហ៍​នេះ។

កីឡាករ​លំដាប់​ខ្លាំងចំនួន​១២​នាក់ ដែល​ទទួលបានជ័យជម្នះ នៅ​ក្នុង​ការ​ប្រកួតជម្រុះ នៅ​សង្វៀន​ថោន កាលពី​ថ្ងៃទី​១២ ខែមីនា កន្លង​មកនេះ ត្រូវបាន​ចាប់​ពូល​រួច​ហើយ នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​២ ខែមេសា ហើយ​ជាមួយគ្នានេះ ពួកគេ សុទ្ធតែ​បាន​បង្ហាញ​ឆន្ទៈ​មុតមាំ ក្នុងការ​ប្រជែងយក​ខ្សែ​ក្រវាត់​ពិភពលោក ទម្ងន់​៦៥គីឡូក្រាម​​មួយ​នេះ។

តាម​រយៈការ​ចាប់​ឆ្នោត កាលពី​ថ្ងៃទី​២ ខែមេសា នោះ បាន​បង្ហាញ​ថា កីឡាករ ចាន់ ប៊ុនហឿន, កន ចន្ថា, អេលីត សុខហ៊ុច, ផល សោភ័ណ្ឌ, ខុន បូឡា និង សោម វិឆ័យ បានឈរ​នៅពូល​A ជាមួយ​គ្នា ខណៈ​ពូល​B មាន ម៉ន ព្រហ្មម៉ាញ, ធន់ ចាន់តាក់, ឡុង បេនលឿន, រិន សារ័ត្ន, សូត្រ ប៊ុនធី និង សោម ពិសិដ្ឋ។

សម្រាប់ការ​ប្រកួតដណ្តើម​ខ្សែ​ក្រវាត់ពិភពលោក លំដាប់ប្រចាំ​ប្រទេស​នេះ គ្រោង​នឹង​ធ្វើ​​​ការ​ប្រកួត​ជម្រុះ​តាមពូល​ទាំង​២ នៅតាម​ខេត្ត-រាជធានី​ចំនួន​១២ ដោយចាប់​ផ្តើម​ពី​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃទី​២៣ ខែមេសា​នេះ រួច​បន្ត​ទៅ​ខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្ត​បាត់ដំបង បន្ទាយ​មានជ័យ សៀម​រាប កំពង់ធំ កំពង់ចាម ស្វាយរៀង  ព្រៃវែង ក្រុងតាខ្មៅ​ខេត្តកណ្តាល ហើយ​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ នឹង​ត្រូវ​ធ្វើ​នៅ​ភ្នំពេញ។

ទាក់ទង​ការ​ប្រកួតនេះ លោក តែម ម៉ឺន ប្រធានសហព័ន្ធ​កីឡាប្រដាល់គុនខ្មែរ បាន​ថ្លែង​ នៅក្នុងសន្និសីទ​កាសែត នោះ​ថា៖ «កម្មវិធី WURKZ ប្រដាល់​គុនខ្មែរ​ប្រចាំប្រទេសនេះ ជា​កម្មវិធីថ្មី​មួយ និង​ធំ​បំផុត ប្រចាំឆ្នាំ២០២២ ហើយ​កម្មវិធីនេះ នឹង​ជួយ​ពង្រឹងសមត្ថភាព និងការ​ហ្វឹកហាត់ ដល់​កីឡាករ​ប្រដាល់គុនខ្មែរ សម្រាប់​ត្រៀម​ចូល​រួម​ការ​ប្រកួត​ ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើកទី​៣២ ឆ្នាំ២០២៣ ដែល​ព្រះរាជ​ណា​ចក្រ​កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ ព្រម​ទាំង​លើក​មុខ​មាត់​វិស័យគុនខ្មែរផងដែរ»។

ជាមួយ​គ្នា​នោះ លោក គឹម ស្រ៊ុនកុសល តំណាងស្ថាប័ន IPCC ពិភពលោក ប្រចាំប្រទេសកម្ពុជា និង​​ជា​​ទីប្រឹកក្សា​ក្រុម​ហ៊ុនថោន​គ្រុប បាន​និយាយ​ថា៖ «គុនខ្មែរ​ ត្រូវ​បាន​ស្វាគមន៍​ចូល​ជា​សមាជិក​គ្រួសារ​ស្ថាប័ន​ប្រដាល់​អន្តរជាតិ IPCC។ កិច្ច​ខិតខំ​ប្រឹង​ប្រែង ​នៃ​ពិភព​ប្រដាល់​គុន​ខ្មែរ​នេះ ​បាន​​ធ្វើ​ឱ្យ​ពិភព​លោក​រំជើប​រំជួល ​ទទួល​ស្គាល់​ពី​ភាព​រស់​រវើក ​នៃ​ក្បាច់​គុន​ខ្មែរ​យ៉ាង​សម្បូរ​បែប ហើយ​នេះ​ជា​មោទនភាព​ជាតិ​ខ្មែរ​ជាខ្លាំង ដោយ​ជោគជ័យ​នេះ បាន​កើត​ចេញ​ពី​ស្មារតី​ខ្មែរ ដែល​​​រួប​រួម​សាមគ្គីគ្នា»។

ជាមួយគ្នា​នេះ លោក គឹម ស្រ៊ុនកុសល បានឱ្យ​ដឹង​ទៀត​ថា ការ​ប្រកួតជម្រុះដណ្តើម​ខ្សែ​ក្រវាត់ពិភពលោក IPCC KUN KHMER នៅ​តាម​ខេត្ត-រាជធានី​នេះ នឹងត្រូវ​ធ្វើ​ឡើង រៀងរាល់​សប្តាហ៍ ដោយ​ក្នុង​១សប្តាហ៍ មានការ​ប្រកួតជម្រុះ​គូខ្សែ​ក្រវាត់ចំនួន​៣គូ ព្រម​ទាំងការ​ប្រកួត​ម៉ារ៉ាតុង​លក្ខណៈ​អន្តរជាតិ ហើយ​បេក្ខភាពកីឡាករ​បរទេស ទាំង​២​នាក់ ដែល​ត្រូវ​ប្រកួតម៉ារ៉ាតុង ​នៅ​ថ្ងៃបើក​ឆាក ជាមួយ​កីឡាករ​លំដាប់កំពូល​របស់​កម្ពុជា នា​ថ្ងៃសៅរ៍ ចុង​សប្តាហ៍នេះ ត្រូវបានលោក ស្រ៊ុនកុសល បង្ហើប​ថា ជា​លំដាប់កីឡាករ​ជើង​ខ្លាំង ដែល​មាន​សមត្ថភាពខ្ពស់ និង​សុទ្ធ​តែមាន​ឈ្មោះ​បោះសំឡេង។

គួរ​បញ្ជាក់ថា សម្រាប់ការ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់ពិភពលោក IPCC KUN KHMER នេះ ម្ចាស់​ខ្សែ​ក្រវាត់ នឹង​ទទួលបាន​ប្រាក់រង្វាន់​ចំនួន៤៨​លានរៀល ជើងឯករង បាន​ ២៤​លាន​រៀល កីឡាករលេខ ៣ និងលេខ ៤ នឹង​ទទួលបានទឹកប្រាក់​ចំនួន​៨​លានរៀល ​ចំណែក​កីឡាករ​៨​នាក់​ផ្សេងទៀត ដែល​​ធ្លាក់ នៅ​ក្នុង​វគ្គ​ជម្រុះ នឹងទទួលបានទឹកប្រាក់រង្វាន់​លើកទឹកចិត្ត ចំនួន​៤ លាន​​រៀលដូច​គ្នា៕