ខ្សែការពារដ៏​ឆ្នើម ទេស សម្បត្តិ បាន​ដឹង​រួច​ទៅ​ហើយ​ថា រូប​គេ នឹងគ្មានឱកាស បាន​​ចូល​រួម​ជួយ​ក្រុមជម្រើសជាតិ​កម្ពុជា បាននោះទេ សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម ដែលនឹងចាប់​ផ្តើម នៅ​ខែឧសភា ខាងមុខ​នេះ។

ការបាត់បង់ឱកាស​ដ៏ធំ​នេះ ក៏ព្រោះ​តែ​ខ្សែ​ការពារ​របស់ក្លិប​វិសាខា រូប​នេះ បាន​ទទួល​រង​របួស​កជើង ក្នុងពេលប្រកួតជាមួយគិរីវង់សុខសែនជ័យ កាលពីសប្ដាហ៍ទី៣ ថ្ងៃទី២២ ខែមីនា ហើយ​គ្រូពេទ្យ​បានបញ្ជាក់ថា រូបគេ នឹងត្រូវសម្រាកប្រហែលជាលើស ៣សប្ដាហ៍ទៀត គ្រា​ដែល​ស៊ីហ្គេម ឆ្នាំ​២០២២ នឹងមកដល់នៅអំឡុង ២សប្ដាហ៍ខាងមុខនេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​រូបគេ​ពុំ​អាច​ជា​សះស្បើយ​ទាន់​ពេល​វេលា​ឡើយ។

កីឡាករ​​មានដើមកំណើត នៅ​ខេត្តកំពង់ស្ពឺ ទេស សម្បត្តិ បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ក្នុងស្រុក​ថា៖ «ខ្ញុំពិតជាសោកស្ដាយណាស់ ព្រោះវាជាស៊ីហ្គេម ចុងក្រោយសម្រាប់ខ្ញុំផង។ គោលដៅខ្ញុំ គឺតាំងពីចប់ពានស៊ីហ្គេម លើកមុនម្ល៉េះ ​ហើយ​វាជា​គោល​ដៅធំ ​សម្រាប់​អាជីព​របស់​ខ្ញុំ​ដែរ»។

ខ្សែ​ការពារកណ្តាលជា​ប្រធាន​ក្រុមជម្រើសជាតិ​កម្ពុជា ទេស សម្បត្តិ បាន​បន្ថែម​ថា៖​« «ខ្ញុំ​រឹ​តតែ​​ចង់លេងពានមួយនេះ បន្ទាប់ពីខ្ញុំបានចាញ់ ក្រុម​ទីម័រខាងកើត ពេល​លេង​ក្នុង​ទឹកដី​ខ្លួន​ឯង។ ខ្ញុំឈឺចាប់ ចំពោះ​អ្នកមើល​ងាយ​ប្រទេស​របស់​ខ្ញុំ និងអ្នកស្អប់រូបខ្ញុំ​ផ្ទាល់ ហើយ​ខ្ញុំ​តាំង​ចិត្ត​ថា នឹង​ធ្វើ​ឱ្យ​គេស្គាល់ពីអ្វី ដែលខ្ញុំមាន និងប្ដូរការគិតរបស់ពួកគេ ប៉ុន្តែ​ជា​អកុសល​ដោយ​សារ​របួស ធ្វើឱ្យ​ខ្ញុំបាត់បង់ឱកាស»។

តែទោះបីជា​យ៉ាង​ណា ទេស សម្បត្តិ នៅតែ​មានការជឿជាក់ ទៅ​លើ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ថា ពួកគេ នៅតែ​ធ្វើបាន​ល្អ សម្រាប់ការ​ប្រកួតស៊ីហ្គេម នៅប្រទេស​វៀតណាម លើកនេះ ហើយរូបគេ​បាន​បញ្ជាក់​ថា៖​«តែខ្ញុំនៅតែជឿជាក់ថា ពួកគេនឹងធ្វើបានសម្រាប់ការ​ប្រកួតខាងមុខ សំណាងល្អអ្នកទាំងអស់គ្នា»៕