ខ្សែ​ការពារ ស្រាំង ទិត្យឈី បាន​ធ្វើការ​ប្រឆាំង ទៅនឹង​សេចក្តី​ថ្លែងការណ៍​របស់​ក្លិប​អង្គរថាយហ្គឺរ ហើយបានអះអាង​ថា អ្វីៗ ដែល​បាន​លើក​ឡើង នៅ​ក្នុងសេចក្តី​ថ្លែងការណ៍នេះ វាជារឿង​មិនពិត ដែល​ផ្ទុយ​ទៅនឹង​ស្ថានភាព​ជាក់ស្តែង នៅមុន​ពេល​ក្លិប​មួយនេះ បានបញ្ចប់កុង​ត្រាស្ងាត់ៗ​ជាមួយ​រូបគេ។

កីឡាករ​ពាក់​លេខ​៣ ស្រាំង ទិត្យឈី បាន​បង្ហោះ​នៅលើ​ហ្វេសប៊ុកផ្ទាល់​ខ្លួន​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​សេចក្តី​ថ្លែង​ការ​ណ៍​របស់​ក្លិប​អង្គរ​ថាយហ្គឺរ បែប​នេះ​ថា៖ ​«សុំមើល​លិខិត​ព្រមាន​លោក​ប្រធាន​តិច​មក ហើយ​សុំ​មើល​ការ​ចរចា​របស់​លោក​ប្រធាន​និង GM ក្លិប​តិច​មក។ ​ប្រធាន​ដេក​នៅ​ជប៉ុន GMដេក នៅជប៉ុន និយាយរួមការងារ Online ហើយ​ព្រមាន​ខ្ញុំ​ថា​មិច​ខ្លះ?? ឆាត​មក​ម្ដងៗ​សួរ​តែ​រឿង​គ្រូថ្មី មិចដែរ កីឡាករមិចដែល ខ្ញុំ​ចង់​បាន​ពាន»។

អតីត​ខ្សែ​ការពារ​ធ្លាប់លេង នៅ​ក្លិប​ភ្នំពេញ​ក្រោន និងបឹងកេត រូបនេះ ក៏​បានចោទ​ប្រកាន់ក្លិប​អង្គរថាយហ្គឺរ ចង់ធ្វើស៊ី​លើ​រូបគេ ដូច​កីឡាករ​មួយចំនួន ដែល​ធ្លាប់​បាន​ចាកចេញពី​ក្លិបនេះ​កន្លងមក​ផងដែរ។ ទិត្យឈី បានបញ្ជាក់​ថា៖ «​ឯណា​ពាក្យ​ថា ព្រមាន និង​លិខិត​ព្រមាន​ចុង​ក្រោយ នៅណាវិញ សុំមើលតិចមកលោកប្រធាន។​ ធ្លាប់​ធ្វើ​ស៊ី​កីឡាករ​ច្រើន​ហើយ ចង់​ធ្វើ​ស៊ី​ខ្ញុំ​មួយ​ទៀតមែន?»។

គួរ​បញ្ជាក់ថា កាល​ពី​ថ្ងៃអង្គារ ម្សិលមិញ ក្លិប​អង្គរថាយហ្គឺរ បាន​ចេញសេចក្តី​ថ្លែងការណ៍ ចំពោះ​រឿងរ៉ាវបញ្ចប់​កុងត្រា​ជាមួយ ​កីឡាករ ស្រាំង ទិត្យឈី​ នេះ ហើយ​នៅ​ក្នុងសេចក្តី​ថ្លែង​ការណ៍​ ដែល​មាន​ការចុះហត្ថលេខាទទួល​ស្គាល់ពី​ប្រធាន​ក្លិបជនជាតិ​ជប៉ុន​លោក AKIHIRO KATO នោះ ក្លិប​អង្គរថាយហ្គឺរ បាន​បរិយាយ​យ៉ាងលម្អិត ចំពោះ​បញ្ហា ដែលបាន​កើត​ឡើង នៅ​មុន​ពេលក្លិប បាន​ឈាន​ទៅ​លើ​ការ​បញ្ចប់កុងត្រាជាមួយ ស្រាំង ទិត្យឈី ដោយស្ងាត់ៗ ព្រោះ​ចង់ទុកកិត្តិយស​ឱ្យ​កីឡាករ​រូបនេះ។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​នោះ បានបង្ហាញថា ក្លិបអង្គរថាយហ្គឺរ ​បាន​ធ្វើ​ការចរចារ និង​​ណែនាំជាច្រើនលើក រួច​ធ្វើ​ការ​ព្រមានជា​ចុង​ក្រោយ អំពី​ការ​មិនគោរពវិន័យ ក្នុងការ​ហ្វឹក​ហាត់ និង​ឈប់សម្រាក ដោយ​គ្មាន​មូល​ហេតុ​ច្បាស់លាស់​របស់ ស្រាំថ ទិត្យឈី  ប៉ុន្តែ ទិត្យឈី នៅតែ​មិន​ស្តាប់ និង​ទទួល​កំហុស​ខ្លួន​ឯង ដោយបន្ត​ធ្វើ​ទម្លាប់បែប​នេះដដែលៗ ទើប​ក្លិប​ឈាន​ដល់​ការ​​បញ្ចប់​កុងត្រា​ជាមួយកីឡាករ​រូបនេះ​តែម្តង។

បើទោះបីជា ស្រាំង ទិត្យឈី បាន​ប្រតិកម្មប្រឆាំង មិនទទួល​យក ទៅនឹង​សេចក្តី​ថ្លែងការណ៍ ដែល​បាន​ប្រកាសជាសាធារណៈ កាលពី​ថ្ងៃអង្គារ​នេះ ក៏​ដោយ ប៉ុន្តែ​ខ្លឹម​សារ នៅ​ក្នុងសេចក្តី​ថ្លែងការណ៍នេះ បានបញ្ជាក់​ច្បាស់​ហើយ​ថា ស្រាំង ទិត្យឈី នឹង​មិន​ទទួល​បាន​សំណង​​អ្វី​ទាំង​អស់ ចំពោះ​ការ​បញ្ចប់កុងត្រា ឬបណ្តាញ​ចេញ មុនពេល​កំណត់​នេះ ព្រោះក្លិប​អង្គរថាយហ្គឺរ បាន​បញ្ជាក់​ថា អ្វីៗ ដែលបាន​ធ្វើ​នេះ គឺ​ស្របទៅតាម​កិច្ចសន្យារវាង​ក្លិប និង​កីឡាករ ស្រាំង ទិត្យឈី តែម្តង៕