បរទេស៖ ក្រុម Paris Saint-Germain បាន​កត់​ត្រា​ជ័យ​ជម្នះ​​ក្នុងលទ្ធផល ៣-០ នៅលើ​ទឹកដីក្រុម Angers កាលពីថ្ងៃ​ពុធ ប៉ុន្តែ នឹង​ត្រូវ​តែ​រង់​ចាំ​​បន្តិច​ទៀត ដើម្បី​​ក្លាយ​ជា​ម្ចាស់​ជើង​ឯកក្រប​ខ័ណ្ឌ Ligue 1 ក្រោយពី​គូ​ប្រជែង​យ៉ាង​ប្រកៀក​បំផុត​របស់​ពួក​គេ Marseille បានផ្តួលក្រុម Nantes ក្នុង​លទ្ធ​ផល ៣-២​។

ក្រុម PSG បាន​ចាប់​ផ្តើម​ថ្ងៃ​ប្រកួត​របស់​គេ ​ជា​មួយ​ពិន្ទុ​នាំមុខ​១៥ពិន្ទុ​ដាច់ ខណៈ​ដែល​នៅ​សល់​ការ​ប្រកួត​៦​លើក​ទៀត ហើយ​ពួកគេ​បាន​ដឹង​យ៉ាង​ច្បាស់​ថា ពួកគេ​អាច​លក​ពាន​ក្រប​ខ័ណ្ឌ Ligue 1 ជាលើក​ទី​៨​ ក្នុង​រយៈពេល​១០​ឆ្នាំ​បាន លុះ​ត្រា​តែ​ក្រុមឈរ​លេខ​២ Marseille ភ្លាត់​ស្នៀត​។ ក្រុម​របស់​លោក Mauricio Pochettino ទទួល​បានលទ្ធ​ផល​ដែលពួក​គេ​ត្រូវ​ការ​ តាមរយៈ​ការយកឈ្នះ​លើ​ក្រុម Angers យ៉ាង​ងាយ បើ​ទោះ​បី​លេង​ដោយ​គ្មាន​តារាឆ្នើម Lionel Messi ដែល​មាន​រហួស និង​ខ្សែ​ប្រយុទ្ធ Neymar ដែល​ជាប់​ពិន័យ​ព្យួរ​ក៏ដោយ​។

PSG នៅ​តែ​នាំមុខ​១៥ពិន្ទុ ខណៈ​ដែលនៅ​សល់​​ពិន្ទុ​ចំនួន​១៥​ទៀត ដែលត្រូវ​ដណ្តើម​យក ហើយ​ក៏​មាន​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ច្រើន​ផង​ដែរ​។​ ពួក​​គេ​នឹងក្លាយ​ជា​ម្ចាស់​ជើង​ឯក​នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ ដោយ​គ្រាន់​តែ​ដណ្តើម​បាន​១ពិន្ទុ​លើ​ទឹក​ដីខ្លួន​ឯង​ពេល​ប្រកួត​ជា​មួយ​នឹង​ក្រុម Lens​។ លោក Pochettino បាន​ប្រាប់​ទូរ​ទស្សន៍ Canal Plus ថា៖ «វា​ពិ​ត​ជា​សំខាន់​ណាស់​សម្រាប់​​យើង ក្នុង​​ការ​ឈ្នះពាន​ជើង​​នេះ ហើយ​ខ្ញុំ​​សង្ឃឹម​ថា យើង​អាច​ធ្វើ​បាន​នៅ​ថ្ងៃ​សៅរ៍​នេះ​»​៕

ប្រភព​ព័ត៌មាន៖ Channel News Asia