មន្ត្រី​ជំនាញ​របស់សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក លោក ហែម គី​រី បាន​អះអាងថា ក្រុម​ជម្រើសជាតិ​ហែល​​ទឹក​កម្ពុជា បាន​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង សម្រាប់​ត្រៀម​ទៅប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម នា​ខែ​ឧសភា ឆ្នាំ​២០២២នេះ ប៉ុន្តែក្រុម​មួយ​នេះ នៅ​មិនទាន់​ហ៊ាន​កំណត់​គោលដៅ ចំពោះ​ការ​​ប្រជែង​យក​ឱ្យបាន​មេដាយ នៅក្នុង​កម្រិត​ណាមួយ​នោះឡើយ។

លោក ហែម គី​រី បាន​ប្រាប់​​ថា សម្រាប់​ការ​ត្រៀមខ្លួន​របស់​កីឡាករ កីឡាការិនី​សហព័ន្ធ​ខ្មែរ​កីឡា​ហែល​​ទឹក គឺ​យើង​បាន​បិទ​ខ្ទប់​ហ្វឹក​​ហាត់ តាំងពី​ការផ្ទុះ​ជំងឺ​កូ​វីដ ​១៩ លើក​ទី​១ ហើយ​ក្រោយមកទៀត យើង​នៅតែ​បន្ត​ហ្វឹកហាត់ រហូត​ក្រសួង​អប់រំ អនុញ្ញាតឱ្យ​យើង​ហ្វឹកហាត់​បិទ​ខ្ទប់ នៅ​​ពហុ​កី​ឡ​ដ្ឋា​ន​ជាតិ​មរតក​តេ​ជោ និង​នៅ​ស្តា​ត​អូឡាំពិក​។​

អគ្គលេខាធិការ​រូបនេះ បន្ថែមថា​៖ «​ឥឡូវនេះ យើង​បាន​ចូលមក​ហ្វឹកហាត់នៅ​ស្តា​ត​អូឡាំពិក​វិញ​ហើយ ដោយ​យើង​បាន​ហ្វឹក​​ហាត់​ជាប់លាប់ ហើយ​យើង​ក៏​រំពឹង​ខ្ពស់​ថា សម្រាប់​ការប្រកួត​ស៊ី​ហ្គេមនៅ​ប្រទេស​វៀតណាម លើក​នេះ ដោយ​លទ្ធផល​របស់​កីឡាករ កីឡាការិនី​ហែល​ទឹក​កម្ពុជា នឹងមាន​ការប្រែប្រួល​ច្រើន​ ប៉ុន្តែ​ខ្ញុំ​សូម​រំលេច​ទៅវិញ​ថា បើ​ឱ្យ​យើង​ធ្វើការ​វាយតម្លៃ ឬ​កំណត់ថា យើង​នឹង​អាច​ឈ្នះ​មេដាយ នៅលើ​កម្រិត​ណាមួយ​នោះ គឺ​យើង​មិនទាន់​អាច​កំណត់​បាន​នៅឡើយ​ទេ ដោយសារតែ​សិទ្ធ​ផល​របស់​យើងនៅមានកម្រិត​ទាបនៅឡើយ មិន​ទាន់​សង្ឃឹម​ ១០០ ​ភាគរយ​នោះទេ​»​។​

លោក​បានបន្ថែម​ថា៖ «​យើង​មិនទាន់​ច្បាស់​ ១០០ ​ភាគរយ​នោះទេ ក៏ប៉ុន្តែ​យើង​សង្ឃឹម​ថា ការប្រកួត​នឹង​អាចមាន​ការប្រែប្រួល​ណាមួយ ព្រោះនៅក្នុង​រយៈពេល​បិទ​ខ្ទប់​នេះ ពួកគេ ពិត​ជា​​មាន​ការ​​ខិតខំ ព្រោះ​យើង​ជា​អ្នកពិនិត្យ និង​ជា​អ្នក​រៀបចំ តែងមាន​ការកែសម្រួល ទៅលើ​ការ​ហ្វឹក​ហាត់​​របស់​ពួក​​គាត់ គឺ​ពី​ការហាត់ ១​ ពេល ត្រឹម ​២ ​ម៉ោង រហូតដល់​ ១​ ពេល ពី ​៣ ​ម៉ោង ទៅ​៣​ម៉ោង​កន្លះ»។

«​សរុបទៅ ​១​​ថ្ងៃ ក្រុម​ជម្រើសជាតិ​របស់​យើង ហាត់​ចូល​ ៦​ ម៉ោង តែ​ចំពោះ​បន្ទុក​ហ្វឹកហាត់ ចាប់​​ពី ​៦០០០ ​ម៉ែត្រ ទៅ​៨០០០ ​ម៉ែត្រ ក្នុង ​១ ​ពេល អ៊ីចឹង​គឺ​ខ្លាំង​ជាង​មុន​ច្រើន ហើយ​កីឡាករ​ក៏មាន​ការប្រែប្រួល ទាំង​ទៅលើ​កាយសម្បទា បច្ចេកទេស និង​កម្លាំង​ផងដែរ​»​។ លោក ហែម គីរី បាន​បញ្ជាក់បន្ថែម៕