លីគ​​អាជីព​កីឡា​អេឡិចត្រូនិក MPL-KH នៅ​កម្ពុជា ​​សម្រាប់​​វិញ្ញាសា Mobile Legends: Bang Bang​ បាន​រក​ឃើញ​ក្រុម​ខ្លាំងទាំង​៤ ដើម្បី​​ឡើងទៅកាន់​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​​​ព្រ័ត្រជាផ្លូវ​ការ​ហើយ បន្ទាប់​ពី​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​អស់​ពេល​ជា​ច្រើន​សប្តាហ៍​ កន្លង​មក​នេះ។

សម្រាប់​ការ​ប្រកួត​វិល​ជុំ​សន្សំ​ពិន្ទុ​រវាង​ក្រុមទាំង​៨ កន្លង​មក​នេះ វា​បាន​ក្លាយ​ជា​ការ​ប្រកួត​​​ដ៏​ស្វិត​ស្វាញ និង​រំភើប​រីក​រាយ​បំផុត ​ដោយ​ក្រុម​ខ្លាំង​ទាំង​៨ ​បាន​ជួប​ប្រកួត​គ្នា​ទាំង​អស់ ហើយ​​ក្រោយ​ការ​ប្រកួត​សន្សំ​ពិន្ទុ​ជា​ច្រើន​សប្តាហ៍នោះ ក្រុម​ខ្លាំង Impunity KH ទទួល​បាន​ពិន្ទុ​ច្រើន​ជាង​គេ ​ដើម្បី​ឈរ​នៅ​លើ​កំពូល​តារា។ ជាមួយ​គ្នា​នេះ​ មាន​សមាជិក​ក្រុម​ជា​ច្រើន​ បាន​ក្លាយ​ជា​កីឡាករ​ឆ្នើម​ប្រចាំ​ក្រុម​នីមួយៗ ​ដោយ​សារ​ពួក​គេ​ប្រកួត​បាន​ល្អ​ឥត​ខ្ចោះ។

យ៉ាង​ណា​មិញ សម្រាប់​លទ្ធផល ​ការ​ប្រកួត​វគ្គ​ខ្វែង ក្រុម Team MAX ទទួលបានជ័យជម្នះ​ពីការប្រកួត​ដ៏​​ស្វិត​ស្វាញ ដោយ​លទ្ធផល​បច្ចេកទេស​ ៣-២​ លើ​ក្រុម Logic Esports ដើម្បី​​បាន​​កៅអី​ឡើង​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយ​ក្រុម​ខ្លាំង Impunity KH ក៏​បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ក្រោយ​​បាន​លត់​ក្រុម​ Infamous LG ដោយ​លទ្ធផល​តដៃ​មិន​រួច ៣-០។

ចំណែក​ក្រុម Burn X Plax ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ បន្ទាប់​ពី​យក​ឈ្នះ​ក្រុម DG Quantum ដោយ​លទ្ធផល ៣-១ ខណៈ​ក្រុមល្បី​ធ្លាប់​សាង​បាន​ភាពល្បីល្បាញSee You Soon បាន​លត់​ក្រុម Divinity SaGa ដោយ​លទ្ធផល​តដៃ​មិន​រួច ៣-០ ដើម្បី​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រដូចគ្នា។

យ៉ាងណាមិញ សម្រាប់​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់​ព្រ័ត្រ ​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី ​​២៣-២៤ ខែ​មេសា​នេះ​ ចាប់​ពី​វេលា​ម៉ោង​១១​នាទី​ព្រឹក​ទៅ ​នៅ​ផ្សារ​ទំនើប​អ៊ីអន​សែនសុខ រាជ​ធានី​ភ្នំពេញ ហើយ​ជាមួយ​គ្នា​ អ្នក​គាំទ្រ​ទាំង​អស់ ដែល​បាន​​ចូល​រួម​ទស្សនាផ្ទាល់ក៏នឹង​​​បាន​ឃើញ​ទស្សនីយភាព ដ៏​​សប្បាយ​រីក​រាយ ​ជាមួយ​ក្រុម​តារា​កិត្តិយស និង​ក្រុម​កីឡាករ​សំណព្វ​ចិត្ត​របស់​​ពួកគេ​ផងដែរ។

គួរ​បញ្ជាក់​ថា សម្រាប់​ព្រឹត្តិការណ៍ន  បានរួមគ្នា​បង្កើត​ឡើង ដោយ​​ក្រុម​ហ៊ុន​ទូរសព្ទ Smart និង​គាំទ្រ​ ដោយ​បណ្តាញ​ទំនាក់​ទំនង​សង្គម​TikTok និង​ភេសជ្ជៈ Sting ​ដោយ​រដូវ​កាល​នេះ​ មាន​​ក្រុមចូល​រួម​សរុប​​ជាង​​៤៦០ ​​បាន​ចុះ​ឈ្មោះ​​ចូល​រួម​ប្រកួត​​ក្នុង​វគ្គ​ជម្រុះ ​ដែល​រៀប​ចំ​ឡើង​ដោយ​ក្រុម​ហ៊ុន MOONTON Games។

សម្រាប់​ការ​ប្រកួត​លីគ​​អាជីព​កីឡា​អេឡិចត្រូនិក MPL-KH នេះ មាន​ប្រាក់​រង្វាន់​រហូត​ដល់​៤ម៉ឺន​ដុល្លារ ដោយ​ក្នុង​នោះ ក្រុម​លេខ​១ នឹង​ទទួល​បាន ​១៦០០០ ​ដុល្លារ​អាមេរិក ក្រុម​លេខ​២ បាន​៨​០០០​ ដុល្លារ​អាមេរិក ក្រុម​លេខ​៣ បាន​៥​០០០​ ដុល្លារ​អាមេរិក ក្រុម​លេខ​៤ បាន​៣០០០​ដុល្លារអាមេរិក ហើយ​ក្រុម​លេខ​៥ លេខ​៦ លេខ​៧ និង​ក្រុមលេខ​៨ ដែលធ្លាក់​ក្នុង​វគ្គ​ជម្រុះ​៨​ក្រុម​ចុងក្រោយ កន្លងមក​នេះ ទទួលបានប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ចំនួន ២​០០០​ ដុល្លារ​​អាមេរិកដូចគ្នា៕