កីឡាករ ហេង គឹមហុង បាន​ក្លាយ​ជាវីរបុរស ក្នុងការ​ជួយឱ្យ​ក្រុម​អគ្គិសនីកម្ពុជា រក្សា​បាន​នូវកំណត់​ត្រា មិន​ធ្លាប់ចាញ់របស់​ខ្លួន ជា​បន្ត​ទៀត ស​ម្រា​ប់​ការ​ប្រកួតជម្រើសជើងឯក​កម្ពុជា​លីគ​២ ឆ្នាំ​២០២២ ចំណែក​ក្រុមសូលទីឡូអង្គរ ក៏បាន​​រក​ឃើញ​ការ​​ឈ្នះ​​លើក​ដំបូង​របស់​ខ្លួនផងដែរ បន្ទាប់ពី​ជួប​ភាពជូរ​ចត់ ចំនួន​៦​ប្រកួតកន្លងមកនេះ។

បើទោះបីជា​គ្រូ​បង្គោល​ក្រុម​អគ្គិសនីកម្ពុជា លោក ទុំ សារ៉ាយ មិន​បានចាត់ទុក​ក្រុម​ព្រៃវែងអេហ្វស៊ី ថាជា​ក្រុម​ខ្លាំង ដូច​កក្រុម​ធ្លាប់លេង​នៅលីគកំពូល​កម្ពុជា ជាមួយគ្នា ដូចជា​ក្រុមអាស៊ីអឺរ៉ុប និង​ក្រុមនគរបាលជាតិ ជា​ដើម ប៉ុន្តែ​តាម​រយៈការ​ប្រកួត កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ ក្រុមទាំង​២ បានប្រកួតគ្នា យ៉ាងស្វិតស្វាញ ព្រោះនេះជា​ការ​ប្រកួត​ដណ្តើ​ម​គ្នា​យក​លេខ​១។

យ៉ាង​ណា​ក៏​ដោយ ការ​រក​បានត្រឹម​១​គ្រាប់របស់​ម្ចាស់អាវ​លេខ​១២ ហេង គឹមហុង ដែល​បាន​កើតមាន​ឡើង តាំងពី​តង់ទី​១​នោះ បានជួយឱ្យក្រុម​ម្ចាស់​ផ្ទះ អគ្គិសនី​កម្ពុជា ឈ្នះ​ក្រុម​ព្រៃវែង ១-០ ទាំង​លំបាក ដើម្បី​បន្ត​ឈរ នៅកំពូល​តារាង នៅមាន​១៩ពិន្ទុ ដាច់ពី​ក្រុម​នគរបាលជាតិ ដែល​ទើប​ឡើងមក​ឈរ​នៅលេខ​២ ចំនួន​៣ពិន្ទុ ព្រោះ កាលពីម្សិលមិញ​នេះ នគរ​បាល​ជាតិ បាន​យក​ឈ្នះ​ក្រុម​ខេត្តត្បូង​ឃ្មុំ ៣-១។

ផ្ទុយ​ពី​នេះ ក្រុមកោះកុងអេហ្វស៊ី មិនអាច​រក្សា​ទីតាំង​លេខ​៣​របស់​ខ្លួន​បាននោះទេ ដោយ​ពួកគេ ​បានចាញ់​ក្រុមអាស៊ីអឺរ៉ុប ២-១ ប៉ុន្តែ​ក្រុម​អាយអេសអាយដង្កោរសែនជ័យ បាន​​យក​ឈ្នះ​ក្រុម​​សាលាកីឡា​បាល់ទាត់ជាតិ ៣-១ ដើម្បី​បន្តឈរ នៅ​ចំណាត់​ថ្នាក់លេខ​​៥ ដោយ​​មាន​១៣ពិន្ទុ លើស​ក្រុម​អាស៊ីអឺរ៉ុប ១ពិន្ទុដដែល។

យ៉ាង​ណា​មិញ ក្រុម​ធ្លាប់លេងនៅលីគកំពូល​កម្ពុជា សូលទីឡូអង្គរ ដែល​បាន​ចាញ់​៦​លើកជាប់ៗ​គ្នា​នោះ បាន​រក​ឃើញការ​ឈ្នះ ជា​លើក​ដំបូង​របស់ខ្លួន​ហើយ បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះក្រុម​ឈរ​នៅបាតតារាង ណិចស្តិបអេហ្វស៊ី ៦-០ ចំណែក​ក្រុម​សៀមរាប​អេហ្វស៊ី បាន​យក​​ឈ្នះ​​ក្រុមម្ចាស់​ផ្ទះ បន្ទាយមានជ័យ​អេហ្វស៊ី ៤-១ ដើម្បី​ឡើង​មក​ឈរ នៅ​លេខ​៩ ជា បណ្តោះអាសន្ន៕