ការ​ប្រកួត​ពាន​រង្វាន់​បាល់​ទាត់​ក្នុងសាលថ្នាក់ជាតិ ឆ្នាំ​២០២១ បានបញ្ចប់ការ​ប្រកួតជម្រុះ​តាមពូល​ទាំង​៥​ជា​ផ្លូវ​ការ​ហើយ ហើយក៏​បានរក​ឃើញ​ក្រុមខ្លាំងទាំង​៦ ឡើង​ទៅ​កាន់ការ​ប្រកួត​ដំណាក់កាល​ទី​២ ផងដែរ ប៉ុន្តែ​ក្រុមការពារ​តំណែង​ជើងឯក មហាហង្ស បាន​ធ្លាក់ចេញ​ពីការ​ប្រកួតនេះ​ហើយ។

តាម​រយៈការ​ប្រកួតចុង​ក្រោយ​ប្រចាំពូល​ទាំង​៥ នៅ​មជ្ឈមណ្ឌលកីឡាដឹប្លូស្ពតអារីណា កាល​ពី​ថ្ងៃអាទិត្យ កន្លង​មកនេះ ក្រុម​ឪម៉ាល់​អេហ្វស៊ី និង Young Gun FT សុទ្ធតែ​ដណ្តើម​បានជ័យជម្នះ ក្នុង​ការ​ប្រកួតកាត់សេចក្តីចុងក្រោយ​នេះ ដោយក្នុង​នោះ ឪម៉ាល់ បានឈ្នះ​ក្រុម​ Alpha FT ៩-៣ ខណៈ Young Gun FT បាន​យក​ឈ្នះក្រុម Red Eagle ៧-៤ ហើយ​លទ្ធផលនេះ បានជួយ​ឱ្យ​ពួក​គេ ទទួល​បាន​លេខ​១ នៅតាម​ពូល​រៀងៗ​ខ្លួន ដើម្បី​ឡើង​ទៅ​វគ្គ​បន្ត។

ចំណែកក្រុម​​  Alpha FT និង​ក្រុម Red Eagle ដែល​ទទួល​បាន​ត្រឹម​លេខ​២ ដូចគ្នា​នោះ បាន​ធ្លាក់ចេញពី​ការ​ប្រកួតនេះ​ ជាមួយការ​ឈ្នះ​២ និងចាញ់​១​ប្រកួត​ដូចគ្នា ចំណែក​ក្រុមការពារ​តំណែង​ជើងឯក មហាហង្ស ដែលបាន​បញ្ចប់ការ​ប្រកួត ដោយ​ឈ្នះ​២ និងចាញ់​១​ប្រកួត​ដែរ​នោះ ក៏បាន​ធ្លាក់ចាញ​ពីការ​ប្រកួតនេះ ក្នុងនាមជា​ក្រុមលេខ​២​ ប្រចាំពូល​B ផងដែរ ខណៈក្រុម Bees FC បាន​ក្លាយជា​ក្រុម​លេខ​១ ប្រចាំពូល​Bនេះ ដើម្បី​ឡើង​ទៅវគ្គ​បន្ត ដោយ​ឈ្នះ​ទាំង​៣​ប្រកួត។

ផ្ទុយ​ពីនេះ ក្រុម Tai Chi FT បាន​ក្លាយ​ជា​ក្រុម​លេខ​២​ល្អ នឹង​បាន​ឡើង​ទៅបន្ត​ផងដែរ បន្ទាប់ពី​ពួកគេ បានបញ្ចប់ការ​ប្រកួត​ដោយ​ឈ្នះ​២ និងស្មើ​ជាមួយ​ក្រុម​លេខ​១ The Blue Warrios FC ៥-៥ ក្នុងការ​ប្រកួត​លើក​ទី​៣​ចុង​ក្រោយ ប្រចាំពូល​D កាលពី​ថ្ងៃអាទិត្យ នោះ ហើយ​ក្រុម The Blue Warrios FC បាន​ក្លាយជា​ក្រុម​លេខ​១​ប្រចាំពូល​D ខណៈ​ក្រុម​ខ្មែរ​នគរ​អេហ្វស៊ី ជា​ក្រុម​លេខ​១​ប្រចាំពូល​A ដែល​ត្រូវ​ឡើងទៅ​វគ្គបន្ត​ដូចគ្នា។

យ៉ាងណាមិញ សម្រាប់ការ​ប្រកួត​នៅដំណាក់កាល​ទី​២ គឺ​ក្រុមខ្មែរ​នគរ​អេហ្វស៊ី ក្រុម Bees FC ក្រុមឪម៉ាស់អេហ្វស៊ី ក្រុម The Blue Warrios FC ក្រុម Young Gun FT និងក្រុម Tai Chi FT ត្រូវ​បានកំណត់​ឱ្យប្រកួត​គ្នា​វិល​ជុំ សន្សំពិន្ទុ ហើយនៅក្រោយបញ្ចប់ការ​ប្រកួត​វិល​ជុំ​ ក្រុម ដែល​ទទួល​បាន​​លេខ​៣ និងលេខ​៤ ត្រូវ​ប្រកួត​ខ្វែង​ ដើម្បីរក​​ក្រុម​ឈ្នះ ឡើង​ទៅ​ជួប​ក្រុម​​លេខ​២ ដែល​ឈរចាំ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ចំណែក​​ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ ត្រូវ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ ជាមួយ​ក្រុម​លេខ១ ដែល​ឈរ​ចាំ ដើម្បី​ដណ្តើម​​យក​ពាន៕