ខ្សែការពារជប៉ុន ដែលធ្លាប់មានទម្រង់លេងបានល្អ សម្រាប់ការបង្ហាញខ្លួន ក្នុងលីគកំពូលកម្ពុជា កាលពីរដូវកាលឆ្នាំ២០២០ និង ២០២២២ កន្លងមកនេះ ត្រូវបានក្លិបភ្នំពេញក្រោន បញ្ចប់កុងត្រា ទាំងរូបគេ មិនទាន់បានបង្ហាញខ្លួន ក្នុងជម្រើស១១នាក់ដំបូងម្តងសោះ។
បើទោះបីជា Daisuke Kobayashi បានចុះកុងត្រាជាមួយក្លិបភ្នំពេញក្រោន តាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីជំនួសទីតាំងមិត្តរួមជាតិរបស់គេ Yudai Ogawa ដែលមានបញ្ហារបួស Hernia ingrinial (ពោះវៀន) ហើយត្រូវត្រឡប់ទៅវះកាត់ និងព្យាបាលក្នុងរយៈពេលយូរ នៅប្រទេសជប៉ុនវិញ ប៉ុន្តែក្នុងរយៈពេលនេះ Daisuke មិនធ្លាប់ត្រូវបានដាក់ឱ្យលេង នៅក្នុងជម្រើស១១នាក់ដំបូងនោះទេ បើទោះបីកីឡាករជប៉ុនរូបនេះ ធ្លាប់ជាកីឡាករដ៏សំខាន់ ពេលលេងឱ្យក្រុមព្រះខ័នរាជស្វាយរៀង កាលពីឆ្នាំ២០២០ និងឆ្នាំ២០២១ ក៏ដោយ។
យ៉ាងណាក៏ដោយ ការដើរផ្លូវរួមគ្នា រវាងក្រុមភ្នំពេញក្រោន និង Daisuke Kobayashi ត្រូវបានបញ្ចប់ហើយ បន្ទាប់ពីក្រុមភ្នំពេញក្រោន បានបញ្ចប់កុងត្រាជាមួយរូបគេ កាលពីថ្ងៃអង្គារ ម្សិលមិញ ដោយបានប្រកាស នៅលើផេចហ្វេសប៊ុកផ្លូវការថា៖ «ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រឱ្យបានជ្រាបថា ក្លិបបានសម្រេចចែកផ្លូវគ្នា ជាមួយកីឡាករ Daisuke Kobayashi ។ យើងសង្ឃឹមថា រូបគេនឹងទទួលបានភាពជោគជ័យបន្ថែមទៀតក្នុងអាជីពបាល់ទាត់»។
តែទោះបីជាយ៉ាងណា ការបញ្ចប់កុងត្រារបស់ភ្នំពេញក្រោន ទៅលើខ្សែការពារពាក់លេខ២ Daisuke នេះ មិនបានធ្វើឱ្យអ្នកគាំទ្រក្រុមសិង្ហក្រហម មានការខូចចិត្ត និងប្រតិកម្ម ទៅលើបញ្ហានេះទេ ផ្ទុយទៅវិញ ពួកគេភាគច្រើន បានឯកភាព ព្រោះ Daisuke ពិតជាមិនបានបង្ហាញទម្រងើលេងល្អ ដូចពេលលេងឱ្យក្រុមព្រះខ័នរាជស្វាយរៀង មែន ហើយកីឡាកររូបនេះ ក៏មិនសូវបានលេងនោះដែរ អ៊ីចឹងការចាកចេញរបស់គាត់ ជាជម្រើសដ៏ល្អ ដើម្បីស្វែងរកទ្រនំថ្មី ជាបន្តទៀត។
ជាមួយគ្នានេះ អ្នកគាំទ្រក្រុមភ្នំពេញក្រោន ក៏បានដឹងដែរថា ការចែកផ្លូវជាមួយ Daisuke គឺដើម្បីបើកផ្លូវទៅរកកីឡាករបរទេស មានគុណភាពម្នាក់ទៀត មកចាំដៃលេងជាមួយខ្សែការពារជប៉ុន Ose Takaki ខ្សែបម្រើប្រយុទ្ធជនជាតិកូឡុំប៊ី Andre Nieto ខ្សែប្រយុទ្ធអ៊ុយក្រែន Valeriy Hryshyn និងខ្សែប្រយុទ្ធអាហ្វហ្គានីស្ថាន Fareed Sadat ដើម្បីជួយស្រោចស្រង់ ការធ្លាក់ចុះរបស់ក្រុមការពារតំណែងជើងឯក ភ្នំពេញក្រោន ដែលពេលនេះ បានមធ្លាក់មកឈរនៅលេខ៦ ដោយមានត្រឹម៧ពិន្ទុ ជាមួយការឈ្នះបានត្រឹម១លើកគត់ ព្រមទាំងស្មើ៤ និងចាញ់២ប្រកួត៕