រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេចជាគោលការណ៍ អនុញ្ញាតឱ្យ​ក្រសួងអប់រំ យុវជន និង​កីឡា រៀបចំ​ការ​ប្រកួត​កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី១៧ ដល់​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើយោងតាម សជណ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក អ៊ីន វីរជាតិ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី កាលពីថ្ងៃទី២៥ ខែ​មេសា ឆ្នាំ២០២២ ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការអនុញ្ញាតនេះ ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់ពីលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋ​មន្ដ្រី​ក្រសួងអប់រំ យុវជន និងកីឡា បានស្នើសុំគោលការណ៍ ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈការ​ប្រកួតកីឡាជាតិ ចំនួន​២​លើក​កន្លង​មក ក្រសួងអប់រំ បានសហការ​រៀបចំ ជាមួយ​គណៈកម្មាធិការជាតិអូឡាំពិក​កម្ពុជា (NOCC)។

យ៉ាង​ណា​មិញ យោងតាម​គោលការណ៍​អនុញ្ញាត​នេះ ក្រសួងអប់រំ យុវជន និង​កីឡា នឹង​ត្រូវ​គ្រប់​គ្រង និង​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២​នេះ ដោយ​ខ្លួនឯង ដោយមិន​មានការ​ចូល​រួមពី NOCC ដូច​មុន​កាល​រៀបចំ លើកទី១ ឆ្នាំ២០១៦ និងលើកទី២ កាលពីឆ្នាំ២០១៨ នោះ​ទេ ខណៈការ​ប្រកួត​កីឡា​ជាតិ កាល​ឆ្នាំ២០២០ ត្រូវ​បាន​ផ្អាក មិន​អាច​រៀបចំ​បាន ដោយសារមានការ​ផ្ទុះឡើង​ខ្លាំង នៃ​ជំងឺកូវីដ១៩។

គួរ​បញ្ជាក់​ថា សម្រាប់​ការ​ប្រកួត​កីឡាជាតិ នេះត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​ជាបទពិសោធ ជា​ពិសេស​ពង្រឹង​គុណ​ភាព​ទាំង​ទៅលើបច្ចេក​ទេសនៃ​ការរៀបចំ និង​ពង្រឹងសមត្ថ​ភាព​មន្រ្តី​បច្ចេក​ទេស ដោយមាន​​គោល​ដៅ​ចម្បង ​ឆ្ពោះ​ទៅ​​ទទួល​រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រកម្ពុជា៕