ក្រុមហ៊ុនខេមបូឌាន​ព្រីមៀរលីគ (CPL) បានអនុញ្ញាត​ឱ្យ​​ទស្សនិកជន ចូល​រួម​ទស្សនា​​ការ​​ប្រកួត​ផ្ទាល់ ​១០០​ភាគ​រយ​វិញហើយ ដោយមិន​មានការ​ តម្រូវឱ្យ​ធ្វើឱ្យ​ធ្វើ​តេស្ត​រហ័ស​រកមេរោគ​កូវីដ​១៩ ទៅ​លើមន្រ្តី និង​កីឡាករ សម្រាប់ការ​ប្រកួត ដែលរៀបចំ​ដោយ CPL ទៀត​នោះទេ។

ដំណឹង​ដ៏​ល្អ​​នេះ ត្រូវបាន​ក្រុមហ៊ុនខេមបូឌាន​ព្រីមៀរលីគ នៃ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ប្រកាស​ជា​ផ្លូវ​ការ កាលពី​ថ្ងៃ​ពុធ ម្សិល​មិញ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ទទួលបាន​ការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ទៅ​លើ​សំណើសុំ​ឱ្យ​​មាន​ទស្សនិកជន ចូល​រួម​ទស្សនា​​ការ​​ប្រកួត​ផ្ទាល់ ​១០០​ភាគ​រយ​ និង​តម្រូវ​មិន​ឱ្យ​ធ្វើ​តេស្ត​រហ័ស​រកមេរោគ​កូវីដ​១៩ ទៅ​លើមន្រ្តី និង​កីឡាករ សម្រាប់ការ​ប្រកួត ដែលរៀបចំ​ដោយសហព័ន្ធ និង CPL នេះ។

តាមការ​ជូនដំណឹងរបស់ CPL កាលពី​ថ្ងៃពុធ បាន​បញ្ជាក់​ថា៖ ​«ក្រោម​ការ​ដឹក​នាំ​ដ៏ឈ្លាស​វៃ និងការ​យក​ចិត្តទុក​ដាក់ពី​ប្រមុខ​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធ​ប្រឆាំង និងទប់ស្កាត់​ការ​ចម្លង​រីក​រាល​ដាល់ ​នៃជំងឹកូវីដ​​១៩ នាពេលបច្ចុប្បន្ន មាន​ការថមថយ គួរឱ្យ​កត់​សម្គាល់ ហើយ​ម្យ៉ាង​ទៀត ដោយមើល​ឃើញ​ពី​សន្ទុះ​ទឹក​ចិត្ត​ដ៏​ខ្លាំង​ក្លា​របស់អ្នកគាំ​ទ្រ ក៏​ដូច​ជា​​ផ្តល់​ឱកាស និងលើកទឹក​ចិត្ត​ដល់​ទស្សនិក​ជន អ្នកស្នេហា​វិស័យកីឡា​បាល់​ទាត់​ទាំង​អស់ បាន​ចូលរួម​ទស្សនា​ផ្ទាល់គ្រប់ការ​ប្រកួត និង​ជំរុញ​វិស័យ​កីឡា​បាល់​ទាត់​ឱ្យ​កាន់តែ​រីក​ចម្រើន​​ថែម​មួយ​កម្រិត​ទៀត ហេតុដូច្នេះ ក្រុម​ហ៊ុនខេមបូឌាន​ព្រីមៀរលីគ សម្រេច​អនុញ្ញាត​ឱ្យ​ទស្សនិក​ចូល​រួម​ទស្សនា​ចំនួន​១០០​ភាគ​រយ នៅតាម​កីឡដ្ឋាន​នីមួយៗ គ្រប់ការ​ប្រកួត ដែល​រៀបចំ ដោយ​ក្រុម​ហ៊ុនខេមបូឌាន​ព្រីមៀរលីគ»។

យ៉ាង​ណា​ក៏​ដោយ CPL នៅតែ​លើក​ទឹក​ចិត្ត​ដល់​ក្លិប​បាល់​ទាត់ទាំង​អស់ បន្ត​នៅវិធាន​ការការពារ ដោយធ្វើ​ការ​វាស់កម្តៅ និង​លាងសម្អាត​ដៃ​ជា​ប្រចាំ​ដល់មន្រ្តី កីឡាករ និង​ក្រុមការងារ​ពាក់ព័ន្ធទាំងអស់ នៅពេល​ទៅដល់​ទី​លាន ទាំង​មុនថ្ងៃ​ប្រកួត និងថ្ងៃ​ប្រកួត ដើម្បី​បន្តចូល​រួមទប់ស្កាត់​ការ​ចម្លង​រីក​រាល​ដាលនៃ​ជំងឺ​កូវីដ​១៩ និង​ធានា​បាន​នូវសុខសុវត្ថិភាព នៅ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់៕