កីឡាករជើងខ្លាំងវ័យក្មេង ពេជ្រ សម្បត្តិ បានប្តេជ្ញាថា រូបគេនឹងខំប្រឹងប្រែងប្រកួត ដើម្បីធ្វើឱ្យមានភាពកក្រើកខ្លាំង សម្រាប់ការប្រកួតរំអំបោះឆៅ ១ទល់៣នាក់ ដែលរៀបចំដោយសង្វៀនថោន សម្រាប់ការប្រកួត នៅទីរួមខេត្តកោះកុង នាព្រលប់ ថ្ងៃសៅរ៍នេះ។
សម្រាប់ការប្រកួត ដែលត្រូវបានគេដាក់រហ័ស្សនាមថា «ជើងឯកគុនខ្មែរកណ្តាប់ដៃមាស» ពេជ្រ សម្បត្តិ ត្រូវបានដាក់ឱ្យប្រកួត១ទល់៣នាក់ជាមួយកីឡាករ បាន លីម, ឯម រដ្ឋា និង សាន សំអុន ហើយលក្ខខណ្ឌនៃការប្រកួតម៉ាសហ្វៃ១ទឹក មាន៩នាទី វ៉ៃអត់ឈប់នេះ គឺលុះត្រាតែ ពេជ្រ សម្បត្តិ ផ្តួលអ្នកទាំង៣នេះ ឱ្យសន្លប់ដូចគ្នា ទើបអាចទទួលបានជ័យជម្នះ និងទទួលបានប្រាក់រង្វាន់បន្ថែមចំនួន១០០០ដុល្លារ។
យ៉ាងណាក៏ដោយ បើសិនជា ពេជ្រ សម្បត្តិ អាចផ្តួលបាន១នាក់ នឹងបានប្រាក់បន្ថែម២០០ដុល្លារ ហើយបើផ្តួលឱ្យសន្លប់បាន២នាក់ នឹងទទួលបាន៤០០ដុល្លារ។ ចំណែកបេក្ខភាពខាង៣នាក់វិញ គឺអ្នកដែលផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់ នឹងទទួលបាន២០០ដុល្លារ ហើយមានលក្ខខណ្ឌពិសេសមួយទៀត គឺបើអ្នកណាផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់ មុន១នាទី ក្នុងពេលឡើងប្រកួត នឹងទទួលបានប្រាក់រង្វាន់៤០០ដុល្លារ។
ជាមួយលក្ខខណ្ឌនៃការប្រកួតនេះ ពេជ្រ សម្បត្តិ បាននិយាយថា សម្រាប់ការប្រកួតអំបោះឆៅ ៣ទល់១ នៅខេត្តកោះកុង ជាលើកដំបូងនេះ ខ្ញុំយល់ថា នឹងមានភាពតានតឹងខ្លាំង ព្រោះដៃគូរបស់ខ្ញុំទាំង៣នាក់នេះ សុទ្ធតែល្អ។ បាន លីម ជាកីឡាករជើងចាស់ដែរ និងមានសមត្ថភាពល្អ ហើយគាត់តាន់ ចំណែក សាន សំអុន មិនធ្លាប់ជួបគាត់ទេ តែឃើញគាត់ល្អក្បាច់ រីឯ ឯម រដ្ឋា កាលពីមុន ខ្ញុំធ្លាប់ផ្តួលគាត់ឱ្យសន្លប់ នៅទឹកទី២ ប៉ុន្តែពេលនេះ គាត់ល្អ និងស្វិតដែរ»។
យ៉ាងណាក៏ដោយ ពេជ្រ សម្បត្តិ បានធ្វើការប្តេជ្ញាចិត្ត បែបនេះថា៖ «ខ្ញុំមានការបារម្ភខ្លះៗដែរ ប៉ុន្តែខ្ញុំខំហ្វឹកហាត់ បុកយកសុហ្វឱ្យបានខ្លាំង ហើយអ្នកទាំង៣ ដែលខ្ញុំត្រូវជួបលើកនេះ ខ្ញុំគិតថា បាន លីម ជាឧបសគ្គសម្រាប់ខ្ញុំ ព្រោះខ្ញុំមិនធ្លាប់ជួបគាត់ទេ ហើយការប្រកួតរបស់គាត់ឃើញថា នៅក្នុងចំណោម៣នាក់ហ្នឹង គាត់ល្អជាងគេ។ តែទោះបីជាយ៉ាងណា ខ្ញុំប្តេជ្ញាថា នឹងធ្វើការប្រកួតនេះ មានភាពឱ្យកក្រើកខ្លាំង»៕