ការ​ប្រកួត​បាល់​ទាត់​ពាន​​រង្វាន់ថ្មីមួយ ឈ្មោះ​ថា Cambodian League Cup 2022 ដែលទើប​បង្កើត​ឡើង ​ដោយក្រុមហ៊ុន​​ហ៊ុនខេមបូឌាន​ព្រីមៀរលីគ (CPL) នៃ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា​នោះ នឹង​ចាប់ដំណើរការ​ប្រកួតប្រជែង​គ្នា នៅថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ​នេះ ដើម្បី​ស្វែង​រក​ម្ចាស់ជើងឯក។

ដោយសារ ការ​ប្រកួត​ទាំង​លីគកំពូល​កម្ពុជា និង​លីគ​២ ត្រូវ​ឈប់​សម្រាក ដើម្បី ទុក ពេល​ឱ្យក្រុម​ជម្រើសជាតិ​កម្ពុជា ត្រៀម​ខ្លួន​ហ្វឹកហាត់ និង​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម នា​ខែឧសភា ខាង​មុខនេះ អ៊ីចឹងការ​​បង្កើតពានរង្វាន់ Cambodian League Cup 2022 គឺ​ដើម្បីផ្តល់​ឱកាស​ឱ្យ​កីឡាករ ដែលមិនបានជាប់ជម្រើសជាតិ ទៅស៊ីហ្គេម ទាំង​កីឡាករលេង​នៅលីគកំពូល និង​លីគ​២ បាន​បន្ត​ការ​ប្រកួត​ ក្នុងកំឡុងពេល​ឈប់សម្រាប់រយៈពេល​ជិត១​ខែ​នេះ។

សម្រាប់​ការ​ប្រកួត ក្នុង​ពាន​រង្វាន់​ថ្មីនេះ មាន​ក្រុម​ចូលរួមចំនួន​១៦ ហើយ​ក្នុង​នោះ ក្រុមកំពុង​លេង នៅលីគកំពូលកម្ពុជា​ ទាំង​៨​ក្រុម បានចូល​រួម​ទាំង​អស់ ចំណែក​ក្រុមទាំង​១២ នៅលីគ២ បាន​ចូល​រួម​ចំនួន​៨​ក្រុម ខណៈ​ក្រុម​ចំនួន​៤​ទៀត មាន​ក្រុមអាស៊ីអឺរ៉ុប ក្រុម​សូលទីឡូអង្គរ ក្រុម​ខេត្តត្បូងឃ្មុំ និងក្រុម​បន្ទាយមានជ័យ​អេហ្វស៊ី មិន​បានចូល​រួម។​

ជាមួយ​គ្នា​នេះ គណៈកម្មការ​រៀបចំការ​ប្រកួត បានកំណត់​ដាក់​ក្រុមលេង​នៅលីគកំពូល​ចំនួន​២ និងក្រុមលីគ​២ ចំនួន២ ឱ្យ​ឈរ​នៅពូល​ជាមួយគ្នា ហើយ​តាម​រយៈ​ការ​កំណត់នេះ មានន័យ​ថា ក្រុមលីគកំពូល និងលីគ​២ នឹង​បានប្រកួត​ប្រជែង​គ្នា នៅតាមពូលទាំង​៤ ដើម្បី​ស្វែង​រកក្រុម​ឡើង​ទៅវគ្គបន្ត។

តាម​រយៈការ​ចាប់ឆ្នោត​បែង​ចែកពូល កាលពី​ថ្ងៃទី​២០ ខែមេសា ពូល​A មាន​ក្រុម​ណាហ្គាវើលដ៍ គិរីវង់សុខសែន​ជ័យ កោះកុងអេហ្វស៊ី ក្រុម ISI ដង្កោសែន​ជ័យ រីឯពូលB មាន​ក្រុម​ព្រះខ័នរាជស្វាយរៀង កង​យោធពល​ខេមរភូមិន្ទ(ទ័ព) អគ្គិសនី​កម្ពុជា និង​សៀម​រាប​អេហ្វស៊ី ហើយពូលC មាន​ក្រុម​បឹងកេត ភ្នំពេញ​ក្រោន នគរ​បាលជាតិ និង​​សាលា​បាល់​ទាត់ជាតិបាទី ខណៈពូល​D មាន​ក្រុម​វិសាខា អង្គរ​ថាយហ្គឺរ ព្រៃវែងអេហ្វស៊ី និង​​ក្រុម​​ណិច​ស្តិប​អេហ្វស៊ី។

ចំពោះ​រូបមន្ត​នៃ​ការ​ប្រកួត គឺ​ក្រុមទាំង​១៦នេះ ត្រូវ​ធ្វើការ​ប្រកួតជម្រុះ នៅតាមពូល​រៀងៗ​ខ្លួន ហើយ​ក្រុម​ដែល​ទទួលបានលេខ​១ និងលេខ​២ តាមពូលទាំង​៤​នេះ នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​ខ្វែង រួច​បន្ត​យក​ក្រុម​ឈ្នះទាំង​៤ ឡើងទៅប្រកួតវគ្គ១/២​ផ្តាច់ព្រ័ត្រ ​ហើយ​​ក្រុម​ឈ្នះ ត្រូវ​ឡើង​ទៅប្រកួតគ្នា​ដណ្តើមពាន នៅវគ្គ​ផ្តាច់ព្រ័ត្រ។ ចំណែក​ការ​ប្រកួត​បើក​ឆាក នៅ​ចុងសប្តាហ៍នេះ វាជា​ការជួបគ្នា​រវាង​ក្រុម​​លេង​​នៅ​លីគកំពូល និងក្រុម​លេងនៅលីគ​២ ទាំង​៨​គូ​តែម្តង៕