កីឡាករជើងខ្លាំងវ័យក្មេង ពេជ្រ សម្បត្តិ បានធ្វើឱ្យប្រជាប្រិយភាព និងភាពល្បីល្បាញរបស់គេ កាន់តែកក្រើកខ្លាំង បន្ទាប់ពីរូបគេ បានបង្ហាញការប្រកួតយ៉ាងល្អបំផុត សម្រាប់ការប្រកួត១ទល់៣នាក់ តាមបែបម៉ាសហ្វៃ ១ទឹកមាន៩នាទី នៅលើសង្វៀន៨ទិស នៅទីរួមខេត្តកោះកុង នោះ។
បើទោះបីជាការប្រកួត ដែលរៀបចំដោយសង្វៀនថោន មួយនេះ មិនផ្តួលគូប្រកួតឱ្យសន្លប់ទាំង៩នាក់ ក្នុងរយៈពេល៩នាទីនេះ ដើម្បីទទួលបានប្រាក់រង្វាន់១០០០ដុល្លារ ទៅតាមការកំណត់របស់អ្នករៀបចំ ប៉ុន្តែការផ្តួលអ្នកប្រដាល់ បាន លីម និង ឯម រដ្ឋា ឱ្យសន្លប់បន្តគ្នា ដោយប្រើពេល មិនដល់៤នាទីនោះ បានធ្វើឱ្យគ្រប់គ្នា មានការកោតសរសើរខ្លាំង ទៅដល់ ពេជ្រ សម្បត្តិ ហើយរូបគេ ក៏បានវ៉ៃ បេក្ខភាពទី៣ សាន សំអុន ឱ្យដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ ផងដែរ តែការចំណាយកម្លាំងច្រើនពេក ពេលប្រកួតជាមួយ បាន លីម និង ឯម រដ្ឋា បានរារាំង សម្បត្តិ មិនអាចសម្រេចរឿងនេះបាន។
យ៉ាងណាក៏ដោយ ពេជ្រ សម្បត្តិ ក៏ទទួលបានប្រាក់រង្វាន់ចំនួន៤០០ដុល្លា ស្មើនឹង១៦០០០០០រៀល ពីការផ្តួល បាន លីម និង ឯម រដ្ឋា ឱ្យសន្លប់ ផងដែរ ហើយនៅក្រោយការប្រកួតនោះ អ្នកទស្សនាផ្ទាល់រាប់រយនាក់ បាននាំគ្នាស្រែកអបអរដល់ ពេជ្រ សម្បត្តិ។ បន្ថែមលើនេះ ពួកគេ បាននាំគ្នាផ្តល់លុយផ្ទាល់ខ្លួន ឱ្យទៅ ពេជ្រ សម្បត្តិ ដែលរូបភាពបែបនេះ កម្រនឹងឃើញមានណាស់។
ជាមួយគ្នានេះ ពេជ្រ សម្បត្តិ បាននិយាយ នៅក្រោយការប្រកួតថា៖ «ចំពោះខ្ញុំ ឱ្យតែឡើងទៅ ដឹងតែវ៉ៃហើយ គឺអត់អូសបន្ទាយពេលវេលានោះទេ ព្រោះគេ៣នាក់ ឯយើងតែម្នាក់ឯងទេ ហើយសម្រាប់បេក្ខភាពទាំង៣នាក់ ដែលវ៉ៃជាមួយខ្ញុំមុននេះ បង សាន សំអុន ស្វិត និងធន់ជាងគេ ចំណែកអ្នកចូលប្រកួតទី១ (បាន លីម) គាត់ក៏ល្អគួរសមដែរ គ្រាន់តែពេលនោះ ខ្ញុំនៅកម្លាំងពេញ ដោយវ៉ៃចូលបានធ្ងន់ជាង ចំណែកអ្នកចូលវ៉ៃទី២ (ឯម រដ្ឋា) គឺការប្រកួតរបស់គាត់រាងខ្សោយជាងគេ»។
ទន្ទឹងនឹងនេះ ទាំង សាន សំអុន, បាន លីម និង ឯម រដ្ឋា សុទ្ធតែបានសរសើរទៅដល់ទម្ងន់ដៃដ៏ធ្ងន់របស់ ពេជ្រ សម្បត្តិ។ សាន សំអុន ដែលរាប់រងការប្រកួតចុងក្រោយ ជាង៥នាទី បន្ទាប់ពី បាន លីម និង ឯម រដ្ឋា បានចាញ់ដោយសន្លប់អស់នោះ បាននិយាយថា៖ «ពេជ្រ សម្បត្តិ ល្អ និងស៊ូខ្លាំង ពិសេសដៃរបស់គាត់ធ្ងន់ពេក ហើយខ្ញុំក៏ចង់វ៉ៃគាត់ផ្តាច់ដែរ ប៉ុន្តែគាត់ស៊ូ ខ្ញុំវ៉ៃគាត់មិនទៅ»៕