ក្រុម​លេង​នៅលីគកំពូល​កម្ពុជា ព្រះខ័នរាជស្វាយរៀង ​វិសាខា ​គិរីវង់សុខសែនជ័យ ​កង​យោធពលខេមរភូមិន្ទ (ទ័ព) ភ្នំពេញ​ក្រោន និង​​ក្រុមបឹងកេត សុទ្ធតែ​​ទទួលបាន​ជ័យជម្នះ​រៀងៗ​ខ្លួន នៅ​ក្នុង​​ការ​ប្រកួតបើក​ឆាក ក្នុង​ពាន​រង្វាន់ថ្មី Cambodian League Cup 2022 ប៉ុន្តែ​ក្រុម​អង្គរ​ថាយហ្គឺរ បានបរាជ័យ ចំពោះការ​ដាក់កីឡាករ​ក្មេងៗ​ឱ្យ​ចូលលេង ចំណែក​ក្រុម​ណាហ្គាវើលដ៍ ក៏បាន​ជួបការ​ខក​ចិត្ត​ផងដែរ។

តាម​រយៈ​ការ​ប្រកួតជម្រុះតាមពូល​​ទាំង​៤ កាល​ពី​ថ្ងៃសៅរ៍ និង​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ ក្រុម​​កំពុងគ្រប់គ្រង​តំបន់​លេខ​១ នៃ​លីគកំពូល​កម្ពុជា ព្រះខ័នរាជស្វាយរៀង និងក្រុម​សម្បូរធន​ធាន​​កីឡាករ វិសាខា រកបានគ្រាប់បាល់​ច្រើនដូចគ្នា ដោយ​ក្នុង​នោះ ស្វាយរៀង ​បាន​លត់​ក្រុមសៀមរាបអេហ្វស៊ី ៦-០ ដើម្បី​ឡើង​ទៅឈរ​នៅលេខ​១ ប្រចាំពូល​B រីឯ ក្រុម​វិសាខា បាន​បំបាក់​​ក្រុមណិចស្តិបអេហ្វស៊ី ៦-០ ដូចគ្នា ដើម្បី​ឡើង​ទៅ​ឈរ​នៅ​លេខ​១ ប្រចាំពូល​D។

ចំណែក​ក្រុម​ទ័ព បាន​យក​ឈ្នះក្រុមប្រើប្រាស់​កីឡាករខ្មែរ​សុទ្ធ អគ្គិសនី​កម្ពុជា ៣-១ ដើម្បី​ឈរ​នៅលេខ​២ ក្នុងពូល​B ដោយមាន​៣ពិន្ទុ ស្មើ​ក្រុមស្វាយរៀង ប៉ុន្តែ​ក្រុមអង្គរ​ថាយហ្គឺរ បាន​ចាញ់​ក្រុម​ព្រៃវែង​អេហ្វស៊ី ១-០ ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល សម្រាប់ការ​ប្រកួត​បើក​ឆាក​នេះ។

បើទោះបីជា ក្លិប​អង្គរថាយហ្គឺរ បាន​ប្រកាស​ថា ការ​ប្រកួតនេះ ពួក​គេ បានផ្តល់ឱកាស​ឱ្យ​កីឡាករ​វ័យក្មេង​ បាន​​ប្រកួត ប៉ុន្តែ​ការ​ដាក់​ជម្រើស១១នាក់ដំបូង​ សុទ្ធតែ​ជា​កីឡាករ​វ័យ​ក្មេង និងជាខ្មែរ​សុទ្ធ ដោយគ្មាន​កីឡាករ​បរទេស​នេះ បានធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​របស់អង្គរ​ថាយហ្គឺរ មួយ​ចំនួន មិនពេញចិត្ត​នោះ​ ដោយ​អ្នកខ្លះ បាន​លើក​ឡើង​ថា ឈប់​ទៅសំបុត្រ ទៅចូល​មើល​ទៀត​ហើយ បើ​សិនជាបន្ត​ដាក់​កីឡាករ​វ័យក្មេង​លេង​សុទ្ធ​បែបនេះ ខណៈ​ជំនួប​នេះ កីឡាករ វឿន វ៉ា រកបាន​គ្រាប់​បាល់​ជ័យជម្នះ​ឱ្យក្រុមព្រៃវែង​អេហ្វស៊ី នៅនាទីទី ៩០+៥។

ស្រសៀង​គ្នា​នេះ ក្រុមណាហ្គាវើលដ៍ ដែលបាន​ដាក់សុទ្ធតែជម្រើសល្អៗ ឱ្យ​ចូល​រួមប្រកួត​នោះ បាន​វាយបក​តាមស្មើ​​​ក្រុម​អាយអេសអាយ​ដង្កោរសែនជ័យ ១-០ ទាំង​លំបាក សម្រាប់ការ​ប្រកួត​បើក​នេះ ហើយ​ការ​បានម្នាក់១​ពិន្ទុនេះ បាន​បើក​ផ្លូវឱ្យក្រុម​ក្រុមគិរីវង់សុខសែន​ជ័យ ឡើង​ទៅ​ឈរ​នៅកំពូល​តារាង​ប្រចាំពូល​A នេះ ជាបណ្តុះអាសន្ន ព្រោះ​ពួកគេ បាន​យក​​ឈ្នះ​ក្រុម​កោះកុងអេហ្វស៊ី ៥-២។

យ៉ាង​ណាមិញ ​ក្រុម​ភ្នំពេញក្រោន និង​បឹងកេត ដែល​ឈរ​នៅពូល​C ជាមួយ​គ្នា សុទ្ធតែ​បាន​យក​​ឈ្នះ​ក្រុម​លេង នៅលីគ​២ សម្រាប់ការ​ប្រកួត​បើក​ឆាក​នេះដូចគ្នា ដោយ​ក្នុង​នោះ ភ្នំពេញ​ក្រោន បាន​​យក​ឈ្នះក្រុម​ធ្លាប់លេងនៅលីគកំពូលជាមួយគ្នា នគរ​បាលជាតិ ៣-០ ហើយ បឹងកេត បាន​យក​ឈ្នះក្រុមសាលាបាល់​ទាត់ជាតិបាទី ១-០ ទាំង​ប្រផិតប្រផើយ ដើម្បី​ឈរ​នៅលេខ​២៕