ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល ២០២២​ជុំទី១ ដែល​ត្រូវបាន​ធ្វើ​ឡើង ​នៅ​លើ​ភ្នំ​កកេស ស្ថិត​ក្នុង​ទឹកដី​​ខេត្ត​កំពត កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ មាន​អ្នកចូល​រួម​យ៉ាង​ច្រើន ហើយ​តាម​រយៈការ​ប្រកួតប្រជែង​គ្នា យ៉ាងស្វិតស្វាញ​នោះ បាន​​ធ្វើ​ឱ្យអ្នក​រៀបចំ និង​ម្ចាស់ឧបត្ថម្ភ មានការពេញ​ចិត្ត ព្រោះទាំង​ការ​ប្រកួត និងលទ្ធផល ទទួល​​បាន​លទ្ធផល​ល្អ។

លោក Pierre Yves Catry ស្ថានិក​កម្មវិធី​ប្រណាំង​កង់ភ្នំ និង​ជា​តំណាង​អ្នក​រៀបចំ​កម្ម​វិធី FLYING BIKES2 ឱ្យ​ដឹងថា ជុំ​ទី១ បាន​ទាក់​ទាញ​កីឡាករ កីឡាការីនី​ជម្រើស​ជាតិ និង​​មហា​ជន ដែល​ស្រឡាញ់​ការ​ជិះ​កង់​ទាំង​ក្មេង និង​​បុគ្គលិក​ក្រុម​ហ៊ុន​ជីបម៉ុង បាន​​ចូល​រួម​ជា​ច្រើន​សរុប​រហូត​ដល់​ទៅ​៣២៨​នាក់ ហើយបរិមាណ​ដ៏ច្រើននេះ បាន​​ធ្វើ​ការ​ប្រណាំងក្នុងជុំ​ទី​១​នេះ ​មាន​ភាព​​ស្វិត​ស្វាញ និង​ពោរពេញ​ដោយ​ថាមពល។

ជាមួយគ្នានេះ ទីលាន​ប្រកួត​ដ៏ស្មុញ និងមានឧបសគ្គច្រើន នៅ​លើ​ភ្នំកកេស ត្រូវបាន​អ្នកជំនាញ លោក Pierre Yves Catry ចាត់ទុក​ថា ជា​ការ​បន្ថែម​នៅបទពិសោធ​ថ្មី សម្រាប់អ្នក​ចូល​រួម ជាពិសេស​ក្រុមជម្រើសជាតិកង់ភ្នំ​កម្ពុជា នៅពេលពួកគេ ចេញ​ទៅប្រកួតស៊ីហ្គេម លើកទី​៣១ នៅប្រទេស​វៀតណាម ក្នុង​ខែ​ឧសភា​នេះ។

«ទីលាន​ប្រណាំង​ នៅ​កំពត ​មាន​ស្ថានភាព​ផ្លូវ​លំបាក មាន​ផ្លូវ​ទួល ផ្លូវ​ថ្ម ដែល​ទាមទារ​ការ​ប្រើ​ប្រាស់​កម្លាំង​ខ្លាំង និង​ត្រូវ​មាន​បច្ចេកទេស​ជំនាញ​ជិះ​កង់​ខ្លាំង ហើយស្ថាន​ភាព​នេះ ​បាន​ធ្វើ​ឱ្យ​កីឡាករ កីឡាការិនី​​របស់យើង អាច​ស្វែង​យល់​គន្លឹះ​ក្នុង​ការ​ជិះ​កង់ភ្នំ កាន់តែ​ប្រសើរ និង​អាច​ពង្រឹង​​បទ​ពិសោធ​បច្ចេកទេស​របស់​ពួកគេ​បន្ថែម​ទៀត»។ លោក Pierre Yves Catry បានបញ្ជាក់​បន្ថែម។

ចំណែក​អ្នក​ស្រី គង់ កុសល នាយិកាទីផ្សារ​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជា​អ្នក​ឧបត្ថម្ភ ក្នុងការ​ប្រកួតនេះ ក៏មាន​ភាពរីក​រាយ ជាមួយទិដ្ឋភាព​ប្រកួត​ប្រណាំង​កង់ភ្នំ នៅជុំ​ទី​១​នេះ ដូចគ្នា  ដោយ​អ្នកស្រី បាន​​ថ្លែង​​ថា៖ «ទីលាន​ប្រណាំង​ជុំទី១ នេះ​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏​គួរ​ឱ្យ​​ទាក់​ទាញ ធ្វើឱ្យ​ព្រឹត្តិការណ៍​ប្រណាំង​កង់ភ្នំ​ ទទួល​បាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង ជា​ពិសេស​មាន​​ពលរដ្ឋ​រស់​ នៅ​ក្នុង​តំបន់ និង​នៅ​តាម​បណ្តា​ខេត្ត​នានា បាន​អញ្ជើញ​មក​ទស្សនា​ផ្ទាល់​ភ្នែក​យ៉ាង​​ច្រើន​កុះករ ដែល​ធ្វើឱ្យ​ជុំទី១ មាន​ភាព​អ៊ូអរ និង​សប្បាយ​ជា​ខ្លាំង»។

ជាមួយគ្នា​នេះ ​អ្នក​ស្រី គង់ កុសល បាន​ឱ្យ​ដឹង​ទៀត​ថា ក្រៅពី​សកម្មភាព​នៃ​ការ​ប្រណាំង​កង់​យ៉ាង​រស់​រវើក​នោះ ព្រឹត្តិការណ៍​ប្រណាំង​កង់ភ្នំ WURKZ MOUNTAIN BIKE SERIES ក៏​មាន​ការ​រៀបចំ​ការ​ភ្លក់​ភេសជ្ជៈ​ប៉ូវ​កម្លាំងវើក WURKZ និង​ស្រាបៀរកម្ពុជា សម្រាប់អ្នក​ចូល​រួម​ដោយ​ឥត​គិត​ថ្លៃ​ផង​ដែរ ​ហើយសកម្មភាពនេះ បាន​​បន្ថែម​ភាព​សប្បាយ​រីករាយ​កាន់​តែ​ខ្លាំង​ដល់​អ្នក​​ចូលរួម​ព្រឹត្តិការណ៍​​នេះ។

សម្រាប់ការ​ប្រណាំង​កង់​ភ្នំ ប្រចាំ​ឆ្នាំ​២០២២ ​​មាន​ការ​ប្រកួតប្រជែង នៅលើ​វិញ្ញាសារ​​រហូត​ដល់​​១៤​ផ្សេង​គ្នា ហើយនៅរាល់ការ​ប្រកួត​នៅតាមជុំនីមួយៗ គណៈកម្មការ បានកត់ត្រា​លទ្ធផល​យ៉ាងត្រឹម​ត្រូវ ដើម្បី​ទុកបូក​ពិន្ទុ​បន្ថែម​បន្ថែម សម្រាប់ការ​ប្រកួតនៅ​ជុំ​ផ្សេងៗ​ទៀត ជាពិសេស​សម្រាប់​ការ​ប្រកួត​របស់ក្រុមជំនាញ និងក្រុមជម្រើសជាតិ ហើយ​ក្នុង​នោះ ក៏​មាន​ផ្តល់​ពាន និង​ប្រាក់រង្វាន់ ដល់​ម្ចាស់ជយលាភី នៅតាមការ​ប្រកួតជុំនីមួយៗ ផងដែរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​កង់ភ្នំ WURKZ Mountain Bike Series ឆ្នាំ​២០២២​​នេះ  មាន​ការ​ប្រកួត នៅលើ​វិញ្ញាសារ​ចំនួន​១៤ ហើយការ​ប្រកួតរដូវ​កាលនេះ ត្រូវ​ធ្វើ​ឡើង​​៥​ជុំ ដោយ​បានចាប់​ផ្តើម ​នៅ​ខេត្តកំពតនេះ រួច​បន្ត​​ទៅ​ធ្វើ​​ជុំ​ទី​២ នៅ​ខេត្តកំពង់ស្ពឺ នា​ថ្ងៃទី​ ៣ ខែកក្កដា ហើយ​ជុំ​ទី​៣ ធ្វើ​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី​​១៦ ខែតុលា រីឯ​ជុំ​ទី​៤ ធ្វើ​នៅ​ព្រែកលៀប ថ្ងៃទី​២០ ខែវិច្ឆិកា ខណៈ​ការប្រកួត​ផ្តាច់ព្រ័ត្រ ជុំ​ទី​៥ ត្រូវធ្វើ​នៅ​គិរី​រម្យដដែល នា​ថ្ងៃទី​ ១៨ ខែធ្នូ៕