ក្រុមប្រតិភូ​កីឡាកម្ពុជា ដែល​ត្រូវ​ចេញ​ទៅបំពេញបេសកកម្ម ក្នុង​ព្រឹត្តិការណ៍ស៊ីហ្គេម លើក​ទី​៣១ នៅទីក្រុងហាណូយ ប្រទេស​វៀតណាម នា​ខែឧសភា​នេះ មានភាពកក់ក្តៅ និង​មាន​ទំនុកចិត្ត​កាន់តែ​ខ្លាំង ក្នុងការ​ប្រកួតប្រជែង​យកមេដាយជូនជាតិ ដោយ​បានអះអាង​ថា ពួកគេ នឹង​អាចដណ្តើម​បានមេដាយច្រើនជាងការ​ប្រកួតស៊ីហ្គេម មុនៗ។

ការកើត​ទំនុក​ចិត្ត ក្នុងការ​ប្រកួតប្រជែង ដណ្តើម​យក​មេដាយស៊ីហ្គេម ជូនជាតិ លើកនេះ គឺ​បន្ទាប់​ពីរាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន និងដោយមាន​ការ​សម្រប​​សម្រួល​​ពី​​រដ្ឋាលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និង​ក្រុមហ៊ុន​ខេមបូឌាអ៊ែរវ៉េ ផងនោះ បាន​​សម្រេច​ផ្តល់យន្ត​ហោះពិសេស សម្រាប់​ដឹកជញ្ជូន​ក្រុម​ប្រតិភូ​កីឡាកម្ពុជា ទាំង​នេះ ឱ្យ​ទៅ​ចូល​រួមការ​ប្រកួតស៊ីហ្គេម ទាំង​ទៅ ទាំង​មក ដោយ​មិនគិត​ថ្លៃ​នោះ។

ជាមួយការ​ផ្តល់​ដំណោះស្រាយដ៏ពិសេស​នេះ បាន​ធ្វើ​ឱ្យ​ប្រតិភូ​​ក្រុមជម្រើសជាតិ នៃ​ប្រភេទ​កីឡា​ទាំង​៣៣ ព្រមទាំងអ្នក​ពាក់ព័ន្ធ ដែលត្រូវ​ចេញ​ទៅបំពេញ​បេសកកម្ម នៅ​ស៊ីហ្គេម លើកនេះ មានការ​សប្បាយ​ចិត្ត ហើយពួកគេ កាន់តែមាន​ទំនុក​ចិត្ត និងមានភាពជឿជាក់ ក្នុង​ការ​ប្រកួត​ប្រជែង​រកមេដាយជូនជាតិ។

គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) ដែល​អ្នក​រៀបចំ និង​ដឹកនាំ​ប្រតិភូ​គ្រប់ប្រភេទកីឡា ទៅចូល​រួម​ការ​ប្រកួតស៊ីហ្គេម លើក​នេះ បាន​លើក​ឡើង នៅ​​សេចក្តីជូនដំណឹង​របស់ខ្លួន​ថា៖​ «ក្នុងនាមប្រធានប្រតិភូ និង​កីឡាករ កីឡាការិនី មានក្តីរំភើប សប្បាយ​រីក​រាយ និង​កក់ក្តៅ​​ជា​ទី​បំផុត  ដែលបាន​ទទួល​ការ​ធ្វើដំណើរ​ប្រកប​ដោយ​ផាសុខភាព រក្សា​បាន​សុខភាព​ផ្លូវការ និង​ផ្លូវ​ចិត្ត ឆ្ពោះ​ទៅការ​ប្រកួតប្រជែង​​ប្របក​ដោយ​​ប្រសិទ្ធភាព គុណ​ផលកីឡា ដើម្បី​ដណ្តើម​​ជយលាភី​ជូនជាតិ ឱ្យបានច្រើនជាង​លើក​មុនៗ»៕