ក្រុម​ជម្រើសជាតិបាល់​ទាត់​កម្ពុជា ទាំង​ផ្នែក​បុរស និងនារី ព្រមទាំង​ក្រុមគ្រូបង្វឹក និង​ក្រុមការងារ បាន​ធ្វើ​ដំណើរ ដោយយន្ត​ហោះពិសេស បោះពួយ​ទៅកាន់ទី​ក្រុងហាណូយ ប្រទេស​វៀតណាម កាលពីព្រឹក​ថ្ងៃពុធ​​នេះ ដើម្បី​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើក​ទី​៣១ នៅទី​នោះ ខណៈ​ក្រុមទាំង​២​នេះ ត្រូវប្រកួត​បើក​ឆាក នៅថ្ងៃទី​៩ ខែឧសភា ដូចគ្នា។

យ៉ាង​ណាក៏ដោយ សម្រាប់ការ​ធ្វើ​ដំណើរ ទៅ​ប្រកួតស៊ីហ្គេម លើក​នេះ ក្រុម​ជម្រើស​ជាតិ​បាល់ទាត់​កម្ពុជា ទាំង​២​ក្រុមនេះ ត្រូវមានទំនួលខុសត្រូវ​យ៉ាងធំ ព្រោះ​​ប្រធានសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា លោក​នាយឧត្តមសេនីយ៍ សៅ សុខា បាន​ដាក់កំហឹត​​ឱ្យពួកគេ ត្រូវ​ធ្វើ​យ៉ាង​ណា ដណ្តើម​ឱ្យបានមេដាយ និង​កិត្តិយស មក​​ជូន​ប្រទេសជាតិវិញ។

​ នៅក្នុងពិធីសំណេះសំណាល នៅមុនចេញដំណើរ កាលពី​ថ្ងៃ​ចន្ទ លោក សៅ សុខា បាន​ថ្លែង​ទៅកាន់​ក្រុមជម្រើសជាតិទាំង​២​ក្រុមថា៖ «បេសកកម្ម សម្រាប់​ក្រុម​ទាំង​២ គឺ​ត្រូវ​នាំ​យក​មេដាយ និង​កេរ្តិ៍​ឈ្មោះ មកជូន​ជាតិ​មាតុភូមិ ព្រោះនៅពី​ក្រោយ​អ្នក មានបង​ប្អូន​ប្រជា​ជន​កម្ពុជា​យើង​រាប់លាន​នាក់ គាំ​ទ្រអ្នក និងចាំ​ទស្សនា​ការ​ប្រកួត ដូច្នេះ​វាជាទំនួល​ខុស​ត្រូវ​ដ៏ធំ»។

លោក​នាយឧត្តមសេនីយ៍ សៅ សុខា បាន​សង្កត់ធ្ងន់ថា៖ «ជ័យជម្នះ​ពិតជា​សំខាន់ណាស់! គ្មាន​ជ័យជម្នះ គ្មាន​មេដាយ នឹង​មិនមាន​អ្នកគាំ​ទ្រ។ គ្មានអ្នកគាំ​ទ្រ គឺ​គ្មាន​អ្នកឧបត្ថម្ភ ហើយ​ពេល​​គ្មាន​អ្នក​ឧបត្ថម្ភ​នោះ បាល់​ទាត់​យើង នឹងមិនអាច​ទៅ​មុខបាន​ឡើយ»។

​ក្រុមបាល់​ទាត់ជម្រើសជាត់បុរសកម្ពុជា ក្រោមការ​​ដឹកនាំ​របស់​លោក Keisuke Honda បានកំណត់​យក​បេក្ខភាព​ចុងក្រោយចំនួន​២០នាក់ សម្រាប់ចេញ​ទៅប្រកួតស៊ីហ្គេម លើកនេះ  ហើយ​ពួកគេ ឈរ​នៅពូលB ដោយ​​ត្រូវ​ប្រកួតបើក​ឆាក​ ជាមួយ​ឡាវ នៅ​ថ្ងៃទី៩ រួច​​បន្ត​ទៅជួប​ក្រុម​សិង្ហបុរី នៅ​ថ្ងៃទី​១១ និង​ប៉ះ​​ក្រុមថៃ នៅ​ថ្ងៃទី​១៤ ហើយ​​ចុងក្រោយ​ជួប​ក្រុម​​ម៉ាឡេស៊ី នៅ​ថ្ងៃទី​១៦ ខែឧសភា ខណៈ​ពូលA មានក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន និង​ក្រុម​ទីម័រខាង​កើត។

ចំណែក​ក្រុម​​នារី​ជម្រើសជាតិបាល់​ទាត់​​កម្ពុជា ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល ប្រាក់ វុទ្ធី ក៏បាន​បញ្ជូន​បេក្ខភាព​២០នាក់ ទៅ​ប្រកួត​ដូចគ្នា ហើយក្រុម​ដ៏ក្មេងខ្ចី​មួយ​នេះ បាន​ឈរ​នៅពូល​A ជាមួយ​ក្រុមម្ចាស់​ផ្ទះ​វៀតណាម និង​ហ្វីលីពីន ដោយក្នុង​នោះ ក្រុមនារីកម្ពុជា ត្រូវប្រកួតបើក​ឆាក​ជាមួយ​ក្រុម​ហ្វីលីពីន នៅ​ថ្ងៃទី​៩ មុនទៅជួប​ក្រុម​វៀតណាម នៅថ្ងៃទី​១៤ ខែឧសភា នេះ ចំណែក​ពូលB មាន​​ក្រុមនារី​ថៃ មី​យ៉ាន់​ម៉ា ឡាវ និងក្រុមនារី​សិង្ហ​បុរី៕