បុគ្គលសំខាន់ៗ នៅ​ក្នុង​វិស័យ​បាល់​ទាត់ រួម​មាន​ថ្នាក់ដឹកនាំមកពី​សហព័ន្ធ​កីឡា​ជាតិ និង​អង្គការមួយចំនួន ព្រមទាំង​អគ្គលេខាធិការ និងគ្រូ​បង្វឹក មកពី​ក្លិប​បាល់​ទាត់ កំពុងលេង​ នៅលីគ​កំពូល​កម្ពុជា សុទ្ធតែ​បានគាំ​ទ្រ​ពេញទំហឹង ​ទៅដល់​​កម្ម​វិធីបណ្តុះបណ្តាល​ក្រុម​បាល់​​ទាត់​​កុមារី​​កម្ពុជា ចាប់ពី​អាយុ​៦ ដល់១២ឆ្នាំ នៅកម្ពុជា របស់ Girls Onside Football Cambodia (GOFC) ដែល​ត្រូវ​​បាន​​​បង្កើត​ឱ្យមានជា​ផ្លូវការ កាលពី​ថ្ងៃពុធ ព្រោះ​កម្ម​វិធីនេះ បាន​ក្លាយ​ទៅ​ជាមូល​ដ្ឋាន​គ្រឹះយ៉ាង​សំខាន់ ក្នុង​ការលើក​កម្ពស់ ក៏ដូចជា​អភិវឌ្ឍ​បាល់​ទាត់​នារី សម្រាប់​អ្នក​ជំនាន់ក្រោយ។

នៅក្នុង​សន្និសីទ​កាសែត​ប្រកាសបង្កើត GOFC នេះ លោក សំហេង បុរស រដ្ឋលេខា​ធិការ​​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនី​តិសម្បទា និង​ប្រធាន​សហព័ន្ធ​កីឡា​អត្តពល​កម្ម​ស្ម័គ្រ​ចិត្ត បាន​ថ្លែង​ថា៖ «ការលើក​ស្ទួយ​កុមារី​ នៅក្នុងកីឡា គឺជាវិស័យ​​មួយ ដែល​មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​នឹង​ខ្ញុំ​យ៉ាង​ខ្លាំង ហើយ​ខ្ញុំរីករាយ​ ក្នុងការ​មើល​ឃើញ​គំនិត​ផ្ដួច​ផ្ដើម​នា​នា ដូច​ជា GO FC ដែល​ប្រើ​ប្រាស់​គំរូ​សាក​ល្បង ដើម្បី​ជំរុញ​ទឹក​ចិត្ត​​កុមារី កាន់តែ​ច្រើន​​ឱ្យ​ចូលរួម​ នៅ​ក្នុង​វិស័យ​កីឡា​បាល់​ទាត់​មួយ​នេះ។ ខ្ញុំលើក​ទឹក​ចិត្ត​ឱ្យ​​ឪពុក​ម្ដាយ​ ទំាងអស់​​ឱ្យ​លើក​ទឹក​ចិត្ត និងគាំទ្រ​​កូន​ស្រី​រ​បស់​ខ្លួន​ក្នុង​ការ​ចូល​រួម​​លេង​កីឡា ដូចជាកីឡាបាល់ទាត់»។

GOFC មានបំណង​​សម្រេច​បាន​លើស​ពី​​កីឡា​បាល់​ទាត់ តាម​រយៈ​ការ​លើក​កម្ពស់​សម​ភាព​យេន​ឌ័រ និង​​ការ​ផ្ដល់ភាព​អង់អាច​ក្លាហ៊ាន​គ្រប់​ជ្រុង​ជ្រោយ​ដល់​កុមារី និង​ក៏​លើក​កម្ពស់​អត្ត​សញ្ញាណ​សហគមន៍ ​តាម​រយៈ​​កីឡា​បាល់ទាត់​នេះ​​ផងដែរ។

ជាមួយ​ផ្នត់គំនិត​នេះ នាយកប្រចាំប្រទេស​នៃអង្គការ Plan International ឈ្មោះ Gwynneth Wong បាន​ថ្លែង​ថា៖ «យើងទទួលស្គាល់ថាសារសំខាន់​នៃបរិយាប័ន្ន​កុមារី​នៅក្នុង​កីឡា​ជារួម ហេតុនេះហើយ យើងរីករាយ​ក្នុងការធ្វើជាដៃគូ​បច្ចេកទេសនៃ GOFC ។ ក្រុម​កីឡា​បាល់​ទាត់កុមារីនេះ​ នឹងជួយ​កុមារី នៅកម្ពុជា ​ក្នុងការរៀនបំណិន​នៃ​ជីវិ​ត​យ៉ាង​សំខាន់ ដូច​ជា ការ​ធ្វើការ​ងារ​ជា​ក្រុម ភាព​ជា​អ្នក​ដឹកនាំ ការ​ធ្វើសេចក្ដី​សម្រេច​ចិត្ត​​​កា​រប្រព្រឹត្ត ដោយ​ស្មើ​ភាព​គ្នា​ និង​ជំនឿ​ចិត្ត។ ក្រុម​កីឡានេះ ​នឹងជួយ​សម្រេច​បាន​សិទ្ធិកុមារ និង​សមភាព​សម្រាប់​កុមារី»។

ជាមួយគ្នា​នេះ លោកស្រី ពុធ ធីតា ប្រធាន​ក្លិប​កីឡា​បាល់ទាត់​បឹងកេត និង​ជាសមាជិក​នៃ​គណៈ​កម្មាធិការ​​ប្រតិបត្តិសហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា បានគាំ​ទ្រពេញ​ទំហឹង​ទៅលើការ​បង្កើត​ឱ្យមានកម្ម​វិធី​បណ្តុះបណ្តាល​កីឡា​បាល់​ទាត់ GOFC នេះ ព្រោះ​កម្ពុជា​នេះ បាន​រួមចំណែក​យ៉ាងសំខាន់ ក្នុងការ​បណ្តុះបណ្តាល​ថ្នាក់​ថ្នាល់​កុមារី ដើម្បី​ទ្រទ្រង់ទៅ​លើការ​អភិវឌ្ឍកីឡា​បាល់​ទាត់នារី នៅ​កម្ពុជា។

លោក​ស្រី ពុធ ធីតា ដែល​ជា​​អនុ​ប្រធាន​​គណៈកម្មាធិ​ការ​​រៀបចំ​កីឡា​បាល់​ទាត់​ស្រ្តីផង​នោះ បាន​បញ្ជាក់​ថា៖​«ក្នុ​ង​នាម​ជាស្រ្តី​ម្នាក់ និង​ជា​អ្នក​ស្រឡាញ់បាល់​ទាត់​ម្នាក់ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ដែល​បាន​ចូលរួម​​ជា​ផ្នែក​មួយ​នៃ GOFC ។ ខ្ញុំ​ដឹងយ៉ាង​ច្បាស់​​អំពី សារ​សំខាន់​នៃ​កីឡា​បាល់ទាត់​​ចំពោះកុមារី។ ក្រុមបាល់ទាត់​កុមារីនេះ​ នឹងជួយ​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​កីឡា​បាល់​ទាត់​ស្រ្តី​ នៅកម្ពុជា ហើយ​ខ្ញុំ​គាំទ្រទាំង​ស្រុង ​ចំពោះ​គំនិតផ្ដួចផ្ដើមនេះ»។​

ក្រោម​ការជួយ​ឧបត្ថម្ភ​របស់ Urban Living Solution (ULS) និង​ធនាគារ ABA គឺ GOFC ​នឹង​បង្កើត​ជំរំ​បាល់​​ទាត់ ​សម្រាប់​តែ​កុមារី​ នៅរាជធានីភ្នំពេញ ចំណែក​ ការ​បណ្ដុះ​បណ្ដាល​ប្រចាំ​សប្ដាហ៍​​ក៏​ នឹង​ត្រូវ​បាន​សម្រប​សម្រួល​​ដោយ​​ក្លិប​នានា ដែល​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​សម្រាប់ GOFC ។ តែទោះបីជា​យ៉ាង​ណា GOFC ក៏​នឹងរៀបចំ​​វគ្គបណ្ដុះ​បណ្ដាល​ប្រចាំ​សប្ដាហ៍​​​របស់​ខ្លួន​ផងដែរ ជាមួយ​នឹងគោលបំណង ដើម្បីដោះស្រាយភាព​ខ្វះ​​ចន្លោះ ដែល​មាន នៅពេលបច្ចុប្បន្ន ចំពោះ​កុមារី​ក្មេងៗ ដែល​មាន​បំណង​លេង​បាល់​ទាត់ ហើយ​គំរូនេះ​ នឹង​ត្រូវ​បានពង្រីក​​ទៅកាន់​​ក្លិប និង​រាជធានី​ខេត្ត​ដទៃទៀត​ផងដែរ​ នៅពេលអនាគត។

«នៅក្នុងរយៈពេល ១០ឆ្នាំ នៃការធ្វើ​ជា​មន្រ្តី​អភិវឌ្ឍន៍​​បាល់ទាត់ នៅ​ប្រទេស​អៀរឡង់ បញ្ហា​ប្រឈម​ធំ​បំផុត​មួយ ​នៃ​បញ្ហា​ប្រឈម​ធំ​បំផុត​របស់​ខ្ញុំ គឺការ​ទទួល​​បាន​ភារកិច្ច​ឱ្យ​​បង្កើន​ចំនួន​កុមារី​​លេង​បាល់​ទាត់។ ខ្ញុំរីករាយ​​ក្នុង​ការ​ធ្វើការងារ​ជាមួយ GOFC ​លើ​ការ​ដោះ​​ស្រាយ​បញ្ហា​ដូចគ្នា​នេះ ​នៅកម្ពុជា។ សូមចូលរួម និង​​ជួយ​យើង ដើម្បី​​បង្ហាញ​ថា កីឡា​បាល់​ទាត់ គឺ​សម្រាប់​មនុស្ស​គ្រប់​រូប»។ នេះជាការ​ជំរុញ​​របស់​គ្រូបង្គោល​​នៃ​ក្លិប​បាល់​ទាត់​ព្រះខ័ន​រាជស្វាយរៀង លោក Conor Nestor។

GOFC ត្រូវ​បាន​បង្កើត​ឡើង ជា​​អង្គការ​សហគមន៍​​មួយ ដែល​មាន​អ្នក​វិជ្ជា​ជីវៈ​នៅ​ក្នុង​ឧស្សាហ​កម្ម​​បាល់ទាត់ អ្នក​ដឹកនាំ​ធុរកិច្ច និង​អង្គការ​មិន​មែន​រដ្ឋាភិបាល និង​ពល​រដ្ឋ ដែល​មាន​ចំណាប់​អារម្មណ៍​​ទាំង​សហគមន៍ខ្មែរ និង          ​សហគមន៍​​ជនបរទេស។ ក្រុម​កីឡា​បាល់​ទាត់​កុមារី​​​នេះ ​មាន​គោល​បំណង​សហការ​ជាមួយ​​អ្នក​ពាក់​ព័ន្ធ យ៉ាង​ច្រើន ដែល​មាន​គោល​បំណង​ស្រដៀង​គ្នា​​នេះ និង​មាន​បំណង​ជំរុញ​​សេចក្ដីត្រូវការ ​ឱ្យ​មាន​កីឡា​បាល់​ទាត់​កុមារី ហើយ​វិធីសាស្រ្ត​របស់​យើង​ គឺ​តាម​រយៈ​ដំណោះ​ស្រាយ ដែល​ផ្តោត​លើ​សហគមន៍ និង​ស្រប​តាម​គោល​បំណង​របស់ GOFC ក្នុង​ការ​បង្កើត​សហគមន៍​មិត្ត​ភាព​កុមារ ដែល​មាន​ថាមពល ដោយ​ផ្តល់​កន្លែង​​កីឡា​ប្រកប​ដោយ​សុវត្ថិភាព និង​​អាច​​ចូល​រួ​ម​​ដំណើរ​​ការ​​បាន សម្រាប់ក្មេងស្រី។

GOFC មានបំណងបើកចំហរ សម្រាប់ការប្រើប្រាស់ឱ្យបានច្រើន​ តាមអាចធ្វើទៅបាន។ ដោយ​សារ​ហិរញ្ញវត្ថុ គឺជាឧបសគ្គ ចំពោះ​លទ្ធភាពរបស់កុមារី ក្នុងចូលរួម​ជាមួយ​កីឡា​បាល់​ទាត់ ហេតុនេះ​ថ្លៃចំណាយ​នានា ​នឹងត្រូវមានតម្លៃទាប ចំណែក​ការបោះ​ជំរំនានា និង​ការ​បណ្ដុះ​បណ្ដាល​ គឺ​ឥតគិតថ្លៃ សម្រាប់កុមារីទាំងអស់ ដែល​នេះ​​ជា​ចំណុច​ចាប់​ផ្ដើម។ ទោះ​បីជាយ៉ាងណាក្ដី ឪពុកម្ដាយ ​ទទួល​បាន​ការ​លើកទឹក​ចិត្ត​​ឱ្យ​ចូល​រួម​​ជាសមាជិក និង​រួម​វិភាគ​ហិរញ្ញវត្ថុ ប្រសិន​​បើ​​ពួកគេ អាច​​ធ្វើ​បាន​ទៅ​តាមលទ្ធភាព ដែល​ពួកគេ​អាច​មាន ប៉ុន្តែ​ការ​រួម​វិភាគ​ទាន​នេះ​ មិន​​មែន​ជា​កាតព្វ​កិច្ច​​ឡើយ។

សមាជិក​អង្គការនៃ GOFC រួមមានក្លិប​បាល់ទាត់​ស្វាយរៀង ក្លិបបាល់ទាត់​​ភ្នំពេញ​ក្រោន មូលនិធិ KMH​ នៃក្រុម ISI, Riel Phnom Penh Srey, កីឡា​​បាល់ទាត់​សប្បាយ​រីករាយ​កម្ពុជា​​អូស្រ្តាលី (Happy Football Cambodia Australia) និងកីឡា​បាល់​ទាត់ សម្រាប់ជីវិត។

លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន ​បាន​និយាយ​ថា៖​«ខ្ញុំគិត​ថា វាជា​​ពេល​ដ៏ល្អ​ សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ក្លិប​​នេះ ដោយសារ​យើង​តែងតែ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង ក្នុង​កា​រ​​អភិវឌ្ឍ​​បាល់ទាត់​ស្រ្តី ហើយ​ជា ការ​ពិត យើង​​ត្រូ​វលើក​​កម្ពស់​ ​ទេពកោសល្យ និង​បាល់ទាត់​ស្រ្តី​ នៅកម្ពុជា​ ក្នុង​ពេលដ៏រំភើបរីករាយនេះ»៕