កីឡាករ សូត្រ វាសនា ចង់ប្រើការប្រកួតជាមួយអ្នកប្រដាល់ថៃ នៅលើសង្វៀនថោន នាព្រឹកថ្ងៃអាទិត្យនេះ ដើម្បីស្តាមុខមាត់ និងប្រជាប្រិយរបស់ខ្លួនឡើងវិញ សម្រាប់ការកីឡាករចិន យ៉ាងជូរចត់ ក្នុងការប្រកួត «ស្តេចប្រដាល់អង្គរ» កាលពីខែមេសា ចំណែក គង់ ហូវ បានអះអាងថា ការជួបថៃ លើកនេះ ត្រូវតែវ៉ៃឱ្យកាច គឺមិនអាចដូចការប្រកួតជាមួយកីឡាករខ្មែគ្នាឯងនោះទេ។
«នៅក្នុងរយៈពេលជាង១ខែ ចាប់តាំងពីការប្រកួតនៅខេត្តសៀមរាបមក ខ្ញុំមិនដែលបានឡើងប្រកួតទេ ដោយសារចាប់គូអត់បាន ប៉ុន្តែខ្ញុំបានហ្វឹកហាត់ជាប់រហូតមក គ្រាន់តែពេលចូលឆ្នាំ យើងហាត់អត់សូវបានច្រើន»។ នេះជាការអះអាងរបស់ សូត្រ វាសនា សម្រាប់ការត្រៀមខ្លួនជួបជាមួយកីឡាករថៃ Teeza Carryboy សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃអាទិត្យនេះ។
គួររំឭកថា សម្រាប់ការប្រកួត «ស្តេចប្រដាល់អង្គរ» នៅលើទឹកដីអង្គរ ខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២នេះ កីឡាករ សូត្រ វាសនា ដែលធ្លាប់តែមានភាពរឹងមាំ ពេលប្រកួតជាមួយកីឡាករខ្មែរគ្នាឯងនោះ ត្រូវបានកីឡាករចិន Yang Hua ម៉ាត់ពោះ បណ្តាលឱ្យសន្លប់យ៉ាងជូរចត់ ត្រឹមទឹកទី១។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតលើកនេះ សូត្រ វាសនា បានបញ្ជាក់ថា៖ «ទោះខានប្រកួតយូរ ប៉ុន្តែខ្ញុំអត់សូវបារម្ភទេ ព្រោះខ្ញុំហ្វឹកហាត់ត្រៀមរាល់ថ្ងៃ ហើយការប្រកួតនេះ ខ្ញុំនឹងប្រកួតឱ្យបានល្អ ដើម្បីស្តាមុខមាត់មកវិញ ព្រោះការប្រកួតលើកមុន ខ្ញុំធ្វើអត់សូវបានល្អ អ៊ីចឹងប្រកួតម្តងនេះ ខ្ញុំនឹងធ្វើឱ្យបងប្អូនភ្លឺភ្នែក និងគាំទ្រខ្ញុំ កាន់តែខ្លាំង»។
យ៉ាងណាមិញ កីឡាករកម្ពុជា គង់ ហូវ ក៏ត្រូវប្រកួតមិត្តភាពអន្តរជាតិ ជាមួយអ្នកប្រដាល់របស់ថៃ Extra Morakot នៅថ្ងៃអាទិត្យនោះដែរ ហើយនេះក៏ជាការទទួលបានឱកាសប្រកួតអន្តរជាតិ ជាថ្មីរបស់ គង់ ហូវ ផងដែរ បន្ទាប់ពីរូបគេខកខានអស់រយៈពេលចូល២ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ កន្លងមកនេះ។
គង់ ហូវ បាននិយាយថា៖ «មួយរយៈពេលកូវីដនេះ ខ្ញុំមិនដែលបានប្រកួតជាមួយកីឡាករបរទេសនោះទេ ប៉ុន្តែលើកនេះ ខ្ញុំត្រូវជួបកីឡាករថៃ ដែលខ្ញុំមានអារម្មណ៍ថាប្លែក ហើយក៏មានការបារម្ភ និងរាងភ័យដែរ ដោយសារយើងខានប្រកួតជាមួយកីឡាករថៃយូរដែរ»។
កីឡាករល្អស្នៀតជើងរបស់កម្ពុជា រូបនេះ បានបន្ថែមថា៖«តែទោះបីជាយ៉ាងណា ខ្ញុំធ្លាប់បានឃើញការប្រកួតរបស់គាត់ ពេលវ៉ៃជាមួយបង ផុន ផាន់ណា ដោយគាត់ល្អជើង តែខ្ញុំក៏ល្អជើងដែរ ហេតុនេះខ្ញុំប្តេជ្ញាចិត្តថា នឹងយកឈ្នះកីឡាករថៃម្នាក់នេះឱ្យបាន។ ទោះបីជាលទ្ធផលទៅជាយ៉ាងណាក៏ដោយ ប៉ុន្តែខ្ញុំនឹងខំប្រឹងធ្វើឱ្យអស់ពីសមត្ថភាព ហើយការប្រកួតជាមួយថៃលើកនេះ ដឹងតែខ្ញុំវ៉ៃកាចហើយ គឺខុសពីវ៉ៃជាមួយខ្មែរគ្នាឯង ដែលកាចដែរ តែកាចតិច»៕