ក្រុម​សិស្សសាលាតំណាង​ឱ្យខេត្ត​រាជធានី​ចំនួន២៤ នៅទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា សុទ្ធតែ​​​ដណ្តើម​បានមេដាយ ពីការ​ប្រកួត​កីឡាសិស្សបឋម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ​២០២២ ដែល​ទើប​បាន​​បញ្ចប់ កាលពី​ថ្ងៃអាទិត្យ ប៉ុន្តែ​ខេត្តមក​ពី​ជាយ​ដែនសមុទ្រ កោះកុង មិនដណ្តើម​មេដាយ​អ្វី​សោះ ពីការ​ប្រកួត​នេះ។

តាម​រយៈ​ការ​ប្រកួត​ចំនួន៩​ថ្ងៃ នៅលើប្រភេទ​កីឡា​ចំនួន៨ រួមមាន​បាល់​ទាត់ បាល់​ទះ បាល់​បោះ អត្តពលកម្ម តេក្វាន់ដូ WT វាយសី តេក្វាន់​ដូ ITF និងវាយ​កូនឃ្លីលើតុ ដែលទើប​បានបញ្ចប់ កាលពី​ថ្ងៃអាទិត្យ គឺ​ក្រុម​សិស្ស​សាលា​មកពី​​ខេត្តប៉ៃលិន ដណ្តើមបានមេដាយមាស ច្រើន​ជាង​គេ គឺ​មេដាយមាស​៨ និង​សំរឹទ្ធ៣ ដើម្បី​ឈរ​នៅលេខ​១ សម្រាប់ការ​ប្រកួត​នេះ ហើយ​មេដាយមាស​ទាំង​៨នេះ ខេត្តប៉ៃលិន បានឈ្នះ​នៅលើ​ប្រភេទកីឡាបាល់​ទាត់ ចំនួន ​១ បាល់​ទះ​១ បាល់​បោះ​១ អត្តពលិក ២ និង​ការ​ប្រកួត​តេក្វាន់ដូ ITF ចំនួន​៣។

ចំណែក​សាលាបឋម​សិក្សា តំណាង​ឱ្យ​រាជធានភ្នំពេញ បាន​ឈរ​នៅលេខ​២ ដោយ​បានឈ្នះមេដាយមាស​៤ ប្រាក់​៥ និងសំរឹទ្ធ​៣ ហើយមេដាយមាស​ទាំង​៤​នេះ ក្រុម​រាជ​ធានី​ភ្នំពេញ ដណ្តើម​បានពីការ​ប្រកួត​វាយកូនឃ្លី​លើ​តុ​ រហូត​ដល់​៣មេដាយ ក្នុង​ការ​ប្រកួត​សរុប​៤​វិញ្ញាសា ដោយការ​ប្រកួត​វាយកូនឃ្លី​លើ​តុ​នេះ ត្រូវបាន​លោក ស៊ុន សុទ្ធារិទ្ធ ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនឃ្លី​លើ​តុ វាយ​តម្លៃជា​រួម​ថា បាន​ដំណើរការ​យ៉ាង​ល្អ និង​បានបញ្ចប់​ដោយ​ជោគជ័យ។ ចំណែកមេដាយ​១​ទៀត ក្រុមរាជធានី​ភ្នំពេញ ​ដណ្តើម​បាន ពីការ​ប្រកួត​វាយសី។

ជាមួយគ្នា​នេះ ក្រុមសាលា​បឋម​សិក្សា មកពី​ខេត្ត​ចំនួន​១៣​ទៀត ក៏ដណ្តើម​បាន​មេដាយ​មាស ប្រាក់ និងសំរឹទ្ធ ត្រឡប់ទៅ​វិញ​ផងដែរ ចំណែក​ខេត្តចំនួន​៦​ទៀត បានត្រឹម​មេដាយ​ប្រាក់ និងសំរឹទ្ធ ខណៈ​ខេត្តមណ្ឌល​គិរី រតនគិរី និង​ខេត្តពោធិ៍សាត បាន​ត្រឹមមេដាយ​សំរឹទ្ធ ប៉ុន្តែខេត្ត​កោះកុង គ្មានដណ្តើម​បានមេដាយ​១​សោះ ពីការ​ប្រកួត​កីឡាសិស្ស​បឋម​សិក្សា​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២២​នេះ៕