​ក្រុម​បាល់​ទាត់ជម្រើសជាតិកម្ពុជាអាយុ​ក្រោម​២៣​ឆ្នាំ បាន​​ប្រើការប្រកួត​បើក​ឆាក​របស់​ខ្លួន ដើម្បី​ដាក់បន្ទុក ទៅ​លើ​ក្រុមជម្រើសជាតិឡាវ កាន់តែ​ខ្លាំង តាមរយៈការ​យក​ឈ្នះ​រហូត​ដល់ ៤-១ កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​ក្រុម​សិង្ហបុរី ដែលទើប​ប្រកួតស្មើគ្នាជាមួយ​ក្រុមឡាវ បាន​ជួប​ភាព​​ជូរ​​ចត់​ខ្លាំង​ជាង​នេះ​ទៅ​ទៀត។

        តាម​រយៈការ​ប្រកួត​បើក​ឆាក​របស់​ខ្លួន ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែលកំពុង​ដំណើរ​ការ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នេះ ក្រុម​កម្ពុជា បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា មានការ​ភ្ញាក់ផ្អើល ទៅនឹង​ទម្រង់​លេង​ដ៏​ល្អ​របស់​ខ្លួន ហើយ​វាគឺ​រឿង​ដ៏​មិនគួរ​ឱ្យ​ចង់​ជឿ ដែលពួកគេ អាច​យក​ឈ្នះក្រុម​ជម្រើសជាតិឡាវ រហូត​ដល់ ៤-១ នោះ។

តាម​រយៈ​ការ​ប្រកួត កាលពី​ថ្ងៃចន្ទ ម្សិលមិញ​នេះ ​ខ្សែ​ប្រយុទ្ធជា​ប្រធាន​ក្រុម សៀង ចន្ធា បាន​ធ្វើឱ្យ​អ្នកគាំ​ទ្រ មានការ​ភ្ញាក់ផ្អើល និងសរសើរ​មិនដាច់ពីមាត់ ជាមួយបច្ចេក​ទេស​បណ្តើរ​បាល់​ដ៏ល្អ​របស់គេ ព្រោះ​កីឡាករ​បឹងកេត រូបនេះ បាន​អូស​បាលរំលងខ្សែ​ការពារ​ទាំង២​នាក់របស់ឡាវ រួច​ស៊ុត​​បញ្ចូល​ទី​បាន​យ៉ាង​ល្អ នៅត្រឹមនាទីទី​៤។

​ បន្ថែម​លើ​នេះ ​ការ​ស៊ុតបាល់​ពេញ​ជើង និង​​កៀកទីបំផុត​របស់​ខ្សែ​ប្រយុទ្ធ សារ ទី ​​បាន​ធ្វើឱ្យបាល់​នោះ ភ្លាត់​ចេញពី​ដៃរបស់អ្នកចាំទី​ក្រុម​ឡាវ ​ទៅប៉ះ​ជើង​ខ្សែ​​ការពារ Anantaza Siphongphan រួចឡង​ចូលទី​វិញ នៅនាទីទី​១៤ ហើយ​បន្ទាប់មក​ទៀត ខ្សែ​​ប្រយុទ្ធ​ជាមិត្ត​រួម​ក្រុម​ក្នុង​ក្លិប​វិសាខា​របស់គេ គឺ គី រីណា ​បានសម្រេច​ធ្វើតាមគន្លង សៀង ចន្ធា ដោយ​បាន​អូសបាល់ ​​ចូលទៅ​ក្នុង​​តំបន់​គ្រោះថ្នាក់ រួច​ស៊ុត​ដោយ​​បច្ចេកទេស ដោយ​ខ្លួនឯង ផុត​ដៃ​អ្នកចាំទី​របស់ឡាវ ​ចូលទីបាន​យ៉ាងល្អ​បំផុត នៅនាទីទី​៦៣។

យ៉ាងណា​ក៏​ដោយ ភាពស្ទាក់ស្ទើរ ក្នុងការ​បញ្ចូលបាល់ចេញពី​ជើង​របស់ មិន រតនៈ បាន​​ធ្វើ​ឱ្យខ្សែ​ប្រយុទ្ធ​​របស់​ឡាវ Phouvieng Phounsavath ដណ្តើមបាល់​នោះបាន រួច​ស្ទុះ​ទៅ​ស៊ុតបាល់នោះ ចូលទី​ក្រុមកម្ពុជា បានសម្រេច នៅនាទីទី​៦៧ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​ទើប​ដាក់​ឱ្យចូលលេង អ៊ីម សំអូន របស់​ក្រុមគិរីវង់សុខសែនជ័យ ​បាន​​ស៊ុត​បញ្ចូលទី​១​គ្រាប់វិញ នៅ​នាទីទី​៧១ ដើម្បី​បញ្ចប់ការ​ប្រកួត ជាមួយ​លទ្ធផល ៤-១។

​តាមរយៈការ​រកឃើញ​ជោគ​ជ័យដ៏​ធំ​នេះ ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​កម្ពុជា នាំ​គ្នាសរសើរពី​ទម្រង់​លេង​ដ៏​ល្អ​របស់​ក្រុមកម្ពុជា ដោយពួកគេ បានសហការ​គ្នា​លេង​យ៉ាង​ល្អ ហើយ​ការ​ដណ្តើម​បាន៣ពិន្ទុ​លើកនេះ នឹង​ជួយ​ផ្តល់​កម្លាំង​ចិត្តកាន់តែ​ធំ សម្រាប់​កម្ពុជា ក្នុង​បន្តទៅ​ជួបក្រុម​ជម្រើសជាតិ​សង្ហបុរី ដែល​បាន​ជួប​ភាពជូរចត់​ខ្លាំង​ជាង​ក្រុមឡាវ ទៅទៀត កាលពី​យប់​ម្សិលមិញ​នោះ​ដែរ។

បើ​ទោះបីជា​ក្រុមជម្រើសជាតិ​សិង្ហបុរី បាន​ស្មើ ២-២ ជាមួយក្រុម​ឡាវ ក្នុងការ​ប្រកួត​បើក​ឆាក​ប្រចាំពូល​Bនេះ ប៉ុន្តែ​សម្រាប់ការ​ជួប​ក្រុមជម្រើសជាតិ​ថៃ កាលពី​យប់មិញ​នេះ ពួកគេ បានក្លាយ​ជា​ក្រុម ដែលរងគ្រោះ​ខ្លាំង នៅលើ​ទីលាន ព្រោះ​ថៃ ដែល​ទើបជួបការ​ឈឺ​ចាប់ខ្លាំង ដោយសារ​ភ្លាត់​ចាញ់​ក្រុមម៉ាឡេស៊ី ២-១ ក្នុងការ​ប្រកួតបើកឆាកនោះ បានលត់​ក្រុម​សិង្ហបុរី រហូត​ដល់ ៥-០។

ជាមួយ​លទ្ធផលនេះ បាន​ជួយ​ឱ្យក្រុម​ថៃ ឡើង​ទៅ​ឈរ​នៅលេខ​១ ប្រចាំពូល​B នេះជា​បណ្តោះអាសន្ន​វិញ​ ហើយកម្ពុជា ឈរ​នៅលេខ​២ ម៉ាឡេស៊ី ឈរ​នៅលេ៣ ដោយក្រុមទាំង​៣​នេះ មាន​៣ពិន្ទុស្មើ​គ្នា ខណៈ​ក្រុមឡាវ ឈរ​នៅលេខ​៤ និងក្រុម​សិង្ហបុរី ឈរ​នៅលេខ​៤ ចុងក្រោយ​គេ៕