ក្រុមជម្រើសជាតិបាល់​ទាត់នារី​កម្ពុជា បាន​បង្ហាញ​វត្តមាន ជាលើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម នៅ​ទីក្រុងហាណូយ ប្រទេស​វៀតណាម កាលពី​យប់​មិញ ប៉ុន្តែ​វា​ក៏ជាពេលដែល​ពួកគេ ទទួលបានភាពជូរ​ចត់ ក្រោមស្នាដៃ​​ក្រុម​ខ្លាំង​ចម្រុះ​ដោយ​កីឡាការិនីកូនកាត់​របស់​ហ្វីលីពីន ផងដែរ។

តាម​រយៈការ​ប្រកួត​បើក​ឆាក​ កាលពី​យប់​ថ្ងៃចន្ទ​នោះ ក្រុមនារីជម្រើសជាតិកម្ពុជា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដើម្បីបង្ហាញពី​អ្វីដែលពួកគេ​មាន ប៉ុន្តែ​ក្រុម​ដ៏​កម្សត់ ដែលមាន​បទពិសោធ​ក្មេង​ខ្ចី​មួយ​នេះ មិនអាច​ទប់​ក្រុម​ហ្វលីពីន ដែល​មាន​កៅ​អី បាន​ទៅលេង នៅព្រឹត្តិការណ៍​បាល់​ទាត់នារីពិភព​លោក បាន​នោះទេ។

បើទោះបីជា​ក្រុមនារីកម្ពុជា បាន​ប្រើថាម​ពល​ដំបូង​ទី និងខំសហការគ្នា ដោយ​ឆន្ទៈ នៅលើទីលាន ដើម្បី​ទប់ និង​កាត់​បន្ថយឱកាស​រកគ្រាប់បាល់​របស់ក្រុមហ្វីលីពីន មកសល់​ត្រឹម​១​គ្រាប់ ប៉ុន្តែ​ការ​ធ្លាក់ចុះ​នូវ​​គុណភាព​កម្លាំងរបស់​ពួកគេ មិនអាច​ទប់​មហិច្ឆតា បង្កើតការ​វាយលុក​របស់​ហ្វីលីពីន បាន​ទៀតនោះទេ ដោយ​​ក្រុម​ខ្លាំង ហ្វីលីពីន អាច​រកបានគ្រាប់បាល់ជាបន្ត​បន្ទាប់ ចំនួន​៤គ្រាប់​ទៀត ដើម្បីបញ្ចប់ការ​ប្រកួត​បើក​ឆាក​របស់ពួកគេ ជាមួយ​ភាពរីករាយយ៉ាងខ្លាំង ដោយការ​យក​ឈ្នះក្រុមកម្ពុជា ៥-០។

ជាមួយ​លទ្ធផល​នេះ បាន​បង្ហាញ​ស្ទើរ​១០០​ភាគ​រយ​ទៅ​ហើយ​ថា ក្រុម​នារី​ហ្វីលីពីន នឹង​អាច​បន្ត​ដំណើរ​ឡើង​ទៅ​កាន់វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយគ្មាន​អ្វីត្រូវសង្ស័យ​នោះ​ទេ ព្រោះ​​ក្រុមនារី​កម្ពុជា ដែល​ត្រូវ​ប្រកួត​លើកទី​២ ចុង​ក្រោយជាមួយ​ក្រុមនារីម្ចាស់​ផ្ទះ​វៀតណាម នោះ គឺ​គេច​មិន​ផុតពីការចាញ់ ម្តង​ទៀត​នោះ​ទេ ដ្បិតអី ក្រុមនារី​វៀតណាម មាន​កម្រិត​លេង​ ​ល្អជាង​ក្រុម​ហ្វីលីពីន ទៅទៀត។

យ៉ាង​ណា​ក៏ដោយ ការ​ព្យាយាម​លេង​របស់​ក្រុមនារីកម្ពុជា បាន​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​ភាគ​ច្រើន បាន​មើល​ឃើញ​ពីការ​ខិតខំ​របស់ពួកគេ សម្រាប់ការ​បង្ហាញខ្លួន​ជា​លើកដំបូង ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ហើយជាមួយគ្នា​នេះ ក្រុមនារីកម្ពុជា ក៏ទទួលបាន​សារ​លើកទឹក​ចិត្ត​ច្រើនជាង​សារ​បំបាក់ទឹក​ចិត្ត ពី​អ្នកគាំ​ទ្រជា​ជនរួមជាតិ​ផងដែរ ព្រោះ​អ្នកស្នេហា​វិស័យកីឡា​បាល់​ទាត់​ភាគ​ច្រើន បានដឹងច្បាស់ពីកម្រិត​លេង​របស់​​ក្រុមនារីកម្ពុជា ហើយការ​ចូល​រួម​ស៊ីហ្គេម លើកនេះ គឺ​ផ្តោត​ខ្លាំង លើការទទួលបាន​បទពិសោធ​ថ្មីៗ​បន្ថែម ដើម្បី​ឈាន​ទៅកាន់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែលកម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ជាប្រវត្តិសាស្រ្ត លើកដំបូង៕