ក្រុមប្រដាល់ឃីកបុកស៊ីងកម្ពុជា បានធ្វើឱ្យមានភាពកក្រើកខ្លាំង សម្រាប់ការចូលរួមការប្រកួតស៊ីហ្គេម ជាលើកទី២ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ដែលកំពុងដំណើរការ នៅប្រទេសវៀតណាម។
បើទោះបីជា ការបង្ហាញវត្តមាន ជាលើកដំបូង ក្នុងស៊ីហ្គេម កាលពីឆ្នាំ២០១៩ នៅប្រទសហ្វីលីពីន ក្រុមឃីកបុកស៊ីងកម្ពុជា ដណ្តើមបានត្រឹមមេដាយសំរឹទ្ធ ប៉ុន្តែសម្រាប់ការបង្ហាញវត្តមាន ក្នុងស៊ីហ្គេម លើកនេះ ក្រុមអត្តពលិកមានប្រភពចេញពីប្រដាល់គុនខ្មែរ ទាំងនេះ បានកក់មេដាយប្រាក់ចំនួន៤ និងបានឈ្នះមេដាយសំរឹទ្ធ ចំនួន១ រួចទៅហើយ។
តាមរយៈការប្រកួត ក្នុងស៊ីហ្គេមនេះ កីឡាករជើងខ្លាំង បឺត សង្ឃឹម (ទូច រ៉ាឆាន់) ព្រមទាំង លន បញ្ញា និង កាន់ ម៉េងហុង សុទ្ធតែឡើងទៅប្រកួតដណ្តើមយកមេដាយមាស បន្ទាប់ពីពួកគេ បានទទួលជ័យជម្នះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃអង្គារ ដោយក្នុងនោះ ទូច រ៉ាឆាន់ បានយកឈ្នះដោយពិន្ទុដាច់ លើកីឡាករម៉ាឡេស៊ី Seaw Wei Sheng លើប្រភេទទម្ងន់ ៥៧គីឡូក្រាម។
ចំណែកកីឡាករ លន បញ្ញា បានយកឈ្នះលើអ្នកប្រយុទ្ធដ៏ខ្លាំងរបស់ថៃ Rodnok Ophat ដោយពិន្ទុ សម្រាប់វិញ្ញាសាទម្ងន់ ៦៧គីឡូក្រាម ហើយ កាន់ ម៉េងហុង បានឈ្នះម៉ាឡេស៊ី Awang Marajaya Awangku Abdul Rahman ដោយពិន្ទុដូចគ្នា ប៉ុន្តែ សន រ៉ាគីម បានត្រឹមមេដាយសំរឹទ្ធ ក្រោយរូបគេចាញ់ពិន្ទុកីឡាករថៃ Santidongsakun Chaleamlap ក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម។
ដោយឡែក ឈឿង ល្វៃ ដែលបានប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីយប់ថ្ងៃពុធ ម្សិលមិញ ក៏បានយកឈ្នះកីឡាករហ្វីលីពីន Antonio Honorio Ban Ario លើវិញ្ញាសាទម្ងន់៧១គីឡូក្រាម ដើម្បីបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ ផងដែរ ហើយនេះ បានក្លាយជាលទ្ធផលប្រវត្តិសាស្រ្តដ៏ល្អបំផុត លើកដំបូងរបស់ក្រុមឃីកបុកស៊ីងកម្ពុជា ហើយទាំង បឺត សង្ឃឹម, លន បញ្ញា, កាន់ ម៉េងហុង និង ឈឿង ល្វៃ នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៅថ្ងៃសុក្រស្អែកនេះ៕