កីឡាករជើងខ្លាំងរបស់កម្ពុជាទាំង៤នាក់ រួមមាន ទូច រ៉ាឆាន់ (បឺត សង្ឃឹម) លន បញ្ញា, ឈឿង ល្វៃ និង កាន់ ម៉េងហុង នឹងត្រូវប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមយកមេដាយមាស នៃប្រភេទកីឡាឃីកបុកស៊ីង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម នាយប់ថ្ងៃសុក្រនេះ។
ជាមួយគ្នានេះនេះ អ្នកគាំទ្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំផ្នែកកីឡា ប្រចាំនៅប្រទេសកម្ពុជា បាននឹងកំពុងដាក់ក្តីសង្ឃឹម ថាតើអ្នកទាំង៤នេះ អាចដណ្តើមបានមេដាយឱ្យប្រទេសជាតិបានទេ ហើយនេះក៏ជាលើកដំបូងផងដែរ ដែលកីឡាករមានប្រភពពីប្រដាល់គុនខ្មែរ បឺត សង្ឃឹម, លន បញ្ញា, ឈឿង ល្វៃ និង កាន់ ម៉េងហុង បានចេញទៅប្រកួតតំណែងឱ្យជាតិ ជាលើកដំបូង ក្នុងនាមជាកីឡាករឃីកបុកស៊ីងនេះ។
យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាស នៅលើប្រភេទទម្ងន់៤ផ្សេងៗគ្នា នៅថ្ងៃនេះ ត្រូវបានគេមើលឃើញថា កីឡាករទាំង៤នាក់របស់កម្ពុជានេះ អាចនឹងមានការពិបាកខ្លាំង ក្នុងការសម្រេចទិសដៅដ៏ធំជាតិនេះ ព្រោះបេក្ខភាពទាំង៤ ដែលពួកគេ ត្រូវជួប សុទ្ធតែជាជើងខ្លាំង ដោយក្នុងនោះកីឡាករកម្ពុជា៣នាក់ ត្រូវប៉ះជាមួយថៃ ដែលមានសមត្ថភាពខ្លាំង គឺមានតែ លន បញ្ញា មួយទេ ដែលត្រូវជួបម្ចាស់ផ្ទះ ហើយការជួបកីឡាករម្ចាស់ផ្ទះទៀតសោត បើយើងគេមិនដាច់ គឺមិនអាចឈ្នះបានឡើយ ដ្បិតអី ឈុត វ៉ាន់ថង បានជួបបញ្ហានេះរួចទៅហើយ ពេលរូបគេធ្លាក់ ក្នុងវគ្គជម្រុះដំបូង ក្រោយស្នាដៃកីឡាករម្ចាស់ផ្ទះវៀតណាម។
ចំពោះការប្រកួតផ្តាច់ព្រ័ត្រ បឺត សង្ឃឹម នឹងត្រូវប្រកួតមុនគេ ដោយរូបគេ ត្រូវប្រឈមជាមួយកីឡាករថៃ Arunno Sivapan ក្នុងទម្ងន់៥៧គីឡូក្រាម នៅព្រលប់ម៉ោង ៧:១៥ ហើយបន្ទាប់មក គឺ កាន់ ម៉េងហុង ដែលត្រូវជួបថៃ Sungnoi Chaiwat ក្នុងទម្ងន់៥៤គីឡូក្រាម នៅម៉ោង ៨:១៥ ដែលគេម្នាក់នេះ មានសមត្ថភាពខ្លាំង ព្រោះអាចយកឈ្នះលើកីឡាករម្ចាស់ផ្ទះ Duong Danh Hoat ដោយពិន្ទុដាច់ ៣-០។
ចំណែក លន បញ្ញា ត្រូវជួបកីឡាកររបស់ម្ចាស់ផ្ទះវៀតណាម Nguyen The Huong ដែលបានទម្លាក់កីឡាករម៉ាឡេស៊ី Kiang Athachai ក្នុងវគ្គ១/២ផ្តាច់ព្រ័ត្រ ហើយការប្រកួតផ្តាច់ព្រ័ត្រ ទម្ងន់៦៧គីឡូក្រាមនេះ ត្រូវធ្វើនៅយប់ម៉ោង ៩:១៥ គឺមុនពេលការប្រកួតដណ្តើមមេដាយមាសរបស់ ឈឿង ល្វៃ ជាមួយអ្នកប្រយុទ្ធរបស់ថៃ Thongchai Thapphi ក្នុងទម្ងន់៧១គីឡូក្រាម ដែលចាប់ប្រកួតពីម៉ោង ១០:៤៥ យប់តទៅ៕