គិត​ត្រឹមព្រឹក​ថ្ងៃចន្ទ​នេះ នៅមិនទាន់មាន​កីឡាករ កីឡាការិនី​ជម្រើសជាតិកម្ពុជា រូបណា ដណ្តើម​បាន​មេដាយមាសបន្ថែម​ជូនកម្ពុជា ក្រៅពី​កីឡាករ​ឃីក​បុកស៊ីង បឺត សង្ឃឹម នោះទេ ខណៈវីរកីឡាការិនី​ជឺជីតស៊ូ ខាន់ ចេសា ដែល​ជា​ក្តី​សង្ឃឹម​យ៉ាង​ធំ ក្នុង​ការ​រក​មេដាយមាស​បន្ថែម​​ឱ្យកម្ពុជា មិនត្រូវបានអនុញ្ញាត​ឱ្យចូល​រួម​ប្រកួត​នោះ​ទេ។

តាម​រយៈ​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ ដែល​កំពុង​ដំណើរ​ការ នៅ​ទីក្រុងហាណូយ ប្រទេស​វៀតណាម​នេះ កីឡាករ ទូច រ៉ាឆាន់ ដែលគេ​ស្គាល់ថា បឺត សង្ឃឹម នោះ បាន​ក្លាយជា​អ្នកពលិក​តែម្នាក់​គត់ ដែល​ដណ្តើម​បានមេដាយមាស​ដំបូង​គេ ឱ្យកម្ពុជា បន្ទាប់ពី​រូបគេ បាន​យក​ឈ្នះកីឡាករ​ថៃ នៅវគ្គ​ផ្តាច់​ព្រ័ត្រ ក្នុងការ​ប្រកួត​ទម្ងន់​៥៧​គីឡូក្រាម។

បន្ថែម​លើនេះ ក្រុម​ឃីក​បុក​ស៊ីងកម្ពុជា ក៏​ដណ្តើមបានមេដាយប្រាក់​​៣ និងសំរឹទ្ធ​១ ទៀត​ផងដែរ នៅក្នុងចំនួនមេដាយសរុប​ចំនួន​១៤ (មាស​១ ប្រាក់​៤ និងសំរឹទ្ធ​៩) ដែល​ក្រុម​អត្តពលិក​កម្ពុជា ដណ្តើម​បាន​នៅពេលនេះ ខណៈ​​មេដាយប្រាក់​១​ទៀត រក​បាន​ដោយ​ក្រុម​ប៉េតង់​កម្ពុជា រីឯ​មេដដាយ​សំរឹទ្ធ ចំនួន​៨​ទៀត ដណ្តើម​បាន​ដោយ​ក្រុម​ប៉េតង់ ចំនួន​៣ ក្រុម​កីឡាវ៉ូស៊ូ ចំនួន​៨  ខណៈ​២​ទៀត ជា​ការ​ប្រជែងបាន​របស់​ក្រុមអត្តពលិក​កីឡាទូករ៉ូអ៊ីង និង​ជឺជីតស៊ូ។

យ៉ាងក៏​ដោយ នៅមុនការ​ឈាន​ទៅដណ្តើម​បានមេដាយ​មាស​ឱ្យ​កម្ពុជា ជាលើក​ដំបូង ក្នុង​អាជីពនេះ បឺត សង្ឃឹម បាន​និយាយ​ថា៖​ «ការ​ប្រកួតនេះ ខ្ញុំមាន​ការ​លំបាកខ្លាំង ព្រោះ​គាត់​ទាត់ល្អ​យក​ពិន្ទុ ហើយ​នៅទឹកទី​៣ ខ្ញុំមានការ​ភ័យ​ខ្លាំងមែនទែន ដោយសារ​តែ​ខា​ង​កម្ពុជា​យើង ឱ្យខ្ញុំ​ចូល​​វ៉ៃ​គេ​វិញ ហើយនាទី​ក៏ជិតអស់ទៀត»។

បឺត សង្ឃឹម បានបន្ថែម​ថា៖ «​ការ​ឈ្នះបាន​មេដាយមាស​ស៊ីហ្គេម ជា​លើកដំបូងនេះ ខ្ញុំពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំងណាស់ ព្រោះខ្ញុំ​មាន​ក្តីស្រម៉ៃ​ (ចង់​ឈ្នះ​មេដាយ​មាស) នេះ តាំង​ពី​យូរ​មក ហើយ​ទៅ​ថ្ងៃ​មុខ ខ្ញុំសន្យា​ថា ខ្ញុំនឹងធ្វើ​ឱ្យ​បាន​​ល្អ​​ជាង​ហ្នឹង​ទៀត។ ចំណែក​​​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា ខ្ញុំ​នឹងខំប្រឹង​ធ្វើ​ឱ្យ​បាន​ល្អ ដើម្បីរក​មេដាយ​ជូន​​ជាតិ​របស់​យើងទៀត»។

ផ្ទុយពី​នេះ វីរកីឡាការិនី​ជឺជីតស៊ូ ខាន់ ចេសា ដែល​ជា​ក្តី​សង្ឃឹម​យ៉ាង​ធំ ក្នុង​ការ​រក​មេដាយមាស​បន្ថែម​​​ឱ្យកម្ពុជា​នោះ បាន​ធ្លាក់​ចេញពីការ​ប្រកួត​នេះ ត្រឹម​ពេល​ថ្លឹងទម្ងន់ ដោយសារ ចេសា លើសទម្ងន់​ចំនួន​២ខាំ ដូចនេះ​យោង​តាម​បទ​បញ្ជាការ​ប្រកួត​របស់​សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook គឺ​មិនអនុញ្ញាតឱ្យ​ចូលប្រកួត​នោះ​ទេ។

ជាមួយគ្នា​នោះ ថ្នាក់ដឹកនាំ​ប្រតិភូកម្ពុជា បាន​ធ្វើការ​ស្នើសុំ​ជាផ្លូវ​ការ​ទៅ​កាន់​គណៈ​កម្មការ​រៀបចំ​ការ​ប្រកួតភ្លាមៗ បន្ទាប់ពីការថ្លឹងទម្ងន់នោះ ដើម្បីឱ្យ​ម្ចាស់មេដាយ​កីឡាអាស៊ី ឆ្នាំ​២០១៨ ខាន់ ចេសា បាន​ចូលប្រកួតក្នុងប្រភេទទម្ងន់៦២គីឡូក្រាមវិញ ប៉ុន្តែ ការ​ស្នើ​សុំ​នេះ ត្រូវ​បាន​បដិសេធដដែល។ ហេតុនេះ ចេសា បាន​ត្រឹម​បង្ហាញ​វត្តមាន ក្នុងនាមជាកាន់ទង់ជាតិ​កម្ពុជា នៅក្នុងពិធីបើកស៊ីហ្គេម ហើយ​កញ្ញា ក៏​បាន​ចូលរួមអបអរ មិត្ត​រួម​ក្រុម គឺ​កីឡាការិនី ម៉ាប់ សុខហួយ ដែលបាន​ឈ្នះមេដាយ​សំរឹទ្ធ លើ​ប្រភេទ​កីឡាជឺជីតស៊ូ​នេះ កាលពី​ថ្ងៃអាទិត្យ ម្សិលមិញ​ផងដែរ៕