​ក្រុមជម្រើសជាតិចំបាប់នារី​កម្ពុជា នឹងត្រូវ​ធ្វើការ​ប្រកួតប្រជែង ដើម្បី​ស្វែង​រក​មេដាយ ទៅតាម​ប្រភេទទម្ងន់របស់​ពួកគេ នៅថ្ងៃ​នេះ ហើយប្រធាន​ប្រតិភូដឹកនាំ​ការ​ប្រកួត លោក Casey Barnett មានការ​ជឿជាក់​ថា ពួកគេ នឹង​អាច​ដណ្តើម​បានមេដាយ នៅ​ក្នុង​កម្រិតណា​មួយ បន្ទាប់ពី​កីឡាករ​ចំបាប់​ ចំនួន​៥នាក់ បានបញ្ចប់ការ​ប្រកួត​វិញ្ញាសា​ក្រិចកូរ៉ូម៉ាំង ដោយ​គ្មាន​​មេដាយ​សោះ​នោះ។

សម្រាប់ការ​ប្រកួត នៅ​ថ្ងៃពុធនេះ កីឡាការិនី​ចំបាប់​កម្ពុជា ចំនួន​៤នាក់ ​​ នឹង​ត្រូវប្រកួត​នៅ​លើ​វិញ្ញាសា​ចំបាប់សេរី ទៅតាម​ប្រភេទទម្ងន់​រៀងៗខ្លួនរបស់ពួកគេ ដោយក្នុង​នោះ​កីឡា​ការិនី ជា កញ្ញា ត្រូវ​ប្រកួត​ក្នុងទម្ងន់​៦២គីឡូក្រាម រីឯ សឿន នឿន ប្រកួតទម្ងន់​៥៧​គីឡូក្រាម ​ហើយ សម្បត្តិ វណ្ណះ​ប្រកួត​ទម្ងន់​៥៣គីឡូក្រាម ចំណែក​កីឡាការិនី ឌិត សំណាង ត្រូវ​ប្រកួត ក្នុងទម្ងន់​៥៧គីឡូក្រាម។

ជាមួយ​វត្តមាន​របស់កីឡាការិនី​ទាំង​៤នាក់នេះ អនុប្រធានសហព័ន្ធកីឡាចំបាប់​កម្ពុជា លោក Casey  Barnett ដែលជា​ប្រធាន​ប្រតិភូ​ដឹក​នាំ​ក្រុមជម្រើសជាតិចំបាប់កម្ពុជា ទៅប្រកួតស៊ីហ្គេម នៅប្រទេស​វៀតណាម​នេះ បាន​ថ្លែង ដោយ​ភាពជឿជាក់​ថា៖​​ «យើង​ទន្ទឹងរង់ចាំ ការប្រកួតចំបាប់នារី នៅថ្ងៃពុធនេះ ហើយ​​យើង​រំពឹងថា នឹង​ឈ្នះបាន​​មេដាយ​ចំនួន​២»។

ការ​ដាក់ក្តីសង្ឃឹម​រ​បស់​នាយកវិទ្យាស្ថានខេមអេដ លោក Casey Barnett ត្រូវបាន​ធ្វើ​ឡើង បន្ទាប់ពី​លោក​បានជួបការ​ខក​ចិត្ត ទៅ​លើការ​ប្រកួត​ចំបាប់ក្រិចកូរ៉ូម៉ាំង​ទាំង​៥​ប្រភេទ​ទម្ងន់​របស់​កីឡាករជើងចាស់ ឌន សៅ ព្រមទាំង កែវ សុភ័ក្រ្ត, អេង សេងលាង, ងួន មករា និង យុន ប៊ុនណា ដែលបានបញ្ចប់ការ​ប្រកួត កាលពី​ម្សិលមិញ ដោយ​រកមិនបានមេដាយ​សោះ។ ផ្ទុយពីនេះ កីឡាករ​របស់ម្ចាស់ផ្ទះវៀតណាម ​បាន​ឈ្នះមេដាយមាស ទាំង​៦​ប្រភេទទម្ងន់​ ដែល​ត្រូវបាន​ដាក់ឱ្យ​ប្រកួត កាលពី​ថ្ងៃអង្គារ​នោះ។

សម្រាប់ការប្រកួតទាំង​៥ប្រភេទរបស់​​កីឡាករ​កម្ពុជា កាលពី​ថ្ងៃអង្គារ​នោះ អតីត​ម្ចាស់​មេដាយ​មាស ៣​សម័យកាល ឌន សៅ ទទួលបានលេខ​៤ ក្រោយគេ ក្នុង​ការប្រកួតទម្ងន់​៩៧គីឡូក្រាម រីឯ យុន ប៊ុនណា បានលេខ​៤ ក្នុងចំណោម​៥នាក់ នៃ​ការ​​ប្រកួតទម្ងន់​៦០គីឡូក្រាម។

ចំណែកកីឡាករ អេង ផានិត ​បាន​លេខ​៤​ក្រោយគេ ក្នុងទម្ងន់​៦៧គីឡូក្រាម ហើយ កីឡាករ​ទម្ងន់​៧៧គីឡូក្រាម ងួន មករា បានលេខ​៤ ក្នុងចំណោម​បេក្ខភាព​ចូល​រួម​ប្រកួត​ទាំង​​៦នាក់ ហើយ​កីឡាករ កែវ សុភ័ក្រ្ត បានលេខ​៤ ក្រោយគេផងដែរ ក្នុងការ​ប្រកួត​ទម្ងន់​៨៧​គីឡូក្រាម៕