​ក្រុមជម្រើសជាតិកីឡាប៉េតង់កម្ពុជា ត្រូវ​ធ្វើ​ការ​ប្រកួត​វិញ្ញាសា​ទាំង​២​ចុងក្រោយ នៅ​ថ្ងៃ​នេះ ហើយ​វាក៏ជា​ការ​បង្ហាញ​វត្តមាន​របស់កីឡាករ និងកីឡាការិនី​ឆ្នើមៗ​នៃ​ប្រភេទ​កីឡា​នេះ​ផងដែរ ចំណែក​​កីឡាករ ស៊ិន វង់ និង​កីឡាការិនី វង ចន្ថា បាន​បង្កើតកំណត់​ត្រា​ថ្មី សម្រាប់ខ្លួនឯង តាម​រយៈការ​ដណ្តើម​បានមេដាយមាស លើ​វិញ្ញាសា​ប្រកួត​គូចម្រុះ កាលពី​ថ្ងៃអង្គារ ម្សិលមិញ រួច​ហើយ។

តាម​រយៈការ​ប្រកួត​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសា​គូ​ចម្រុះ (បុរស​១ និងនារី១នាក់) កាលពី​ល្ងាច​ថ្ងៃអង្គារ ម្សិលមិញនេះ កីឡាករ ស៊ិន វង់ និង​កីឡាការិនី វង់ ចន្ថា បានសហការគ្នា​ប្រកួត​យ៉ាង​ល្អបំផុត ដើម្បី​យក​ឈ្នះ​ទៅលើក្រុម​ម្ចាស់​ផ្ទះ​វៀតណាម ដោយពិន្ទុ ១៣-៤ យ៉ាងរំភើប​បំផុត។

ជាមួយ​លទ្ធផលនេះ ​បាន​បង្ហាញ​ថា ​ស៊ិន វង់ និង​ វង់ ចន្ថា បាន​ឈ្នះស្ទើរ​គ្រប់ការ​ប្រកួតទាំង​អស់ សម្រាប់ការ​ចាប់ដៃគ្នា លេងវិញ្ញាគូ​ចម្រុះនេះ ពោលគឺ​ពួកគេ បាន​ចាញ់តែ​ក្រុម​ថៃ ដោយ​ពិន្ទុ ១៣-៩ ម្តងគត់ នៅក្នុង​វគ្គ​ជម្រុះ​វិល​ជុំ ក្រៅ​ពី​នោះ ពួកគេ​ឈ្នះទាំង​អស់។ ចំណែក​ក្រុម​វៀតណាម​នេះ ក៏​ធ្លាប់បានចាញ់​ក្រុមកម្ពុជា ក្នុង​វគ្គជម្រុះ​វិល​ជុំ ផងដែរ ប៉ុន្តែ​ វៀតណាម បានទម្លាក់​ក្រុម​ថៃ ដោយពិន្ទុ​ដាច់ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ ដើម្បីឡើងមកជួបកម្ពុជា ដែលបានទម្លាក់ក្រុម​ម៉ាឡេស៊ី ហើយជា​លទ្ធផល កម្ពុជា បានបន្ត​ឈ្នះជា​លើកទី២ តែម្តង។

ជាមួយការ​រកឃើញ​ជ័យជម្នះ​ដ៏សំខាន់ ក្នុងអាជីព​នេះ កីឡាការិនី វង ចន្ថា បាន​និយាយ ក្រោយ​ការ​​ឈ្នះ​លើក្រុមវៀតណាម​ថា៖ ​«ខ្ញុំពិតសប្បាយ​ចិត្តខ្លាំងណាស់ ដែលបាន​ឈ្នះ​មេដាយ​មាស ជូនប្រទេស​ជាតិ! ពួកយើង បានប្រឹងប្រែង​ហ្វឹកហាត់ខ្លាំង​ណាស់​ ជាមួយគ្រូ​បង្វឹក នៅកម្ពុជា ដោយ​ ស៊ិន វង់ គាត់​វាយ​ត្រូវ ហើយខ្ញុំចូលបាន ល្អ»។

កីឡាការិនី​រូនេះ បាន​បញ្ជាក់ពីអារម្មណ៍ពិត ពេល​ជួបក្រុម​វៀតណាម នៅវគ្គ​ផ្តាច់​ព្រ័ត្រ​ថា៖ «នៅពេលឃើញក្រុម​វៀតណាម បាន​​យក​ឈ្នះក្រុមថៃ នៅវគ្គ១/២​ផ្តាច់ព្រ័ត្រ គឺ​ពួក​ខ្ញុំ ដឹង​តែ​យក​មេដាយមាស​នេះបាន ព្រោះ​យើង​ធ្លាប់បាន​យក​ឈ្នះលើ​​ក្រុមនេះ ម្តង​រួច​មក​ហើយ អ៊ីចឹង​យើងមានទំនុក​ចិត្តតាំងពីមុន​ការប្រកួតថា យើង​នឹង​ឈ្នះ​មេដាយ​មាស​នេះតែម្តង»។

ដោយឡែក នៅថ្ងៃពុធ​នេះ ក្រុមជម្រើសជាតិ​ប៉េតង់​កម្ពុជា នឹង​ធ្វើ​ការ​ប្រកួត​២​វិញ្ញាសាចុងក្រោយ​របស់​ខ្លួន គឺ​វិញ្ញាសា​បុរស៣នាក់ ទល់​៣នាក់ និង​ នារី​៣នាក់ ទល់​៣នាក់។ សម្រាប់​ការ​ប្រកួតនេះកីឡាករ ញ៉ែម បូរ៉ា, ហេង ថន, សៀង វណ្ណា និង ឃួន លីហ៊រ (បម្រុង​ម្នាក់) នឹងចាប់ដៃ​គ្នា​ប្រកួតជា​ក្រុម​បុរស ដោយពួកគេ ត្រូវប្រកួត​វិល​ជុំ ជាមួយ​ក្រុម​វៀតណាម ថៃ ឡាវ និង​ម៉ាឡេស៊ី។

ចំណែក​កីឡាការិនី អ៊ុន ស្រីយ៉ា, ស៊្រាង សុរ៉ាឃីម, ឃួន យ៉ារី និង ដួង ឌីណា (បម្រុង​១នាក់) នឹង​ត្រូវចាប់ដៃ​គ្នា​ប្រកួត​វិញ្ញាសា​ជា​ក្រុមនារី (៣នាក់ ទល់​៣នាក់) ដោយ​ពួកគេ ឈរ​នៅពូល​B ជាមួយ​ក្រុម​ម្ចាស់​ផ្ទះ​វៀតណាម និង​ម៉ាឡេស៊ី គឺ​មានន័យ​ថា បើ​សិនជា​ ក្រុមនារី​កម្ពុជា ឈ្នះបានត្រឹម​១​ប្រកួត នឹង​បាន​ឡើង​ទៅ​វគ្គពាក់កណ្តាល​ផ្តាច់ ហើយ ហេតុនេះ​ឱកាស​នៃការ​ឡើង​ទៅដណ្តើម​មេដាយ ជូនជាតិ គឺ​មានច្រើន ចំណែក​ក្រុម​បុរស ក៏មានរំពឹង​ខ្ពស់ផងដែរ ព្រោះ​បើ​ឈ្នះត្រឹម​២​ប្រកួត ដឹងតែ​បាន​ឡើងទៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ហើយ៕