ប្រធាន​ប្រធានដឹកនាំ​ក្រុមជម្រើសជាតិចំបាប់​កម្ពុជា បាន​អះអាង​ដោយ​ភាពជឿជាក់​ថា កីឡាករ​របស់​កម្ពុជា ចំនួន​២​នាក់ នឹង​អាចដណ្តើមបានមេដាយមាស ក្នុងការ​ប្រកួត នៅថ្ងៃ​ព្រហស្បតិ៍នេះ បើ​ទោះបីជា​ការ​ប្រកួត​២​ថ្ងៃ កន្លងមក​នេះ ក្រុមចំបាប់ ដណ្តើម​បាន​ត្រឹម​មេដាយ​សំរឹទ្ធ​ក៏ដោយ។

តាម​រយៈការ​ប្រកួត ចំនួន​២​ថ្ងៃកន្លងមកនេះ  ​កីឡាករ ងួន មករា, យុន ប៊ុនណា, ឌន សៅ, កែវ សុភ័ក្រ្ត និង​​កីឡាករ អេង សេងលាង សុទ្ធតែ​បាន​បញ្ចប់ការ​ប្រកួត​ចំបាប់​ក្រិចកូរ៉ូម៉ាំង ដោយ​លទ្ធផលចាញ់ និងមិន​ដណ្តើម​បានមេដាយដូចគ្នា កាលពីថ្ងៃអង្គារ​។

ចំណែកការ​ប្រកួត​របស់ក្រុមកីឡាការិនីចំបាប់ចំនួន​៤នាក់ កាលពី​ថ្ងៃពុធ ក៏​ធ្វើ​មិនសូវ​បាន​​ល្អ​​ប៉ុន្មាន​ដែរ ដោយ​ក្នុង​នោះ​មានតែ​​កីឡាការិនីចំបាប់​ទម្ងន់​៥៧​គីឡូក្រាម ឌិត សំណាង និង​កីឡាការិនី ជា កញ្ញា ប្រកួត​ក្នុងទម្ងន់៦២​គីឡូក្រាម​ប៉ុណ្ណោះ ដែល​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ​រៀងៗ​​ខ្លួន ទោះលទ្ធផលប្រកួត​ជម្រុះ​មាន​ចាញ់ មានឈ្នះ ប៉ុន្តែកីឡាការិនី​ សឿន នឿន ប្រកួត​ទម្ងន់​​៥៧​គីឡូក្រាម និង សម្បត្តិ វណ្ណះ​ ដែល​ប្រកួត​​ទម្ងន់​​៥៣គីឡូក្រាម  មិន​ដណ្តើម​បាន​មេដាយ​នោះទេ។

តាម​ការ​ប្រកួតជា​ច្រើន​វិញ្ញាសា​ រយៈពេល​២​ថ្ងៃ​មកនេះ ក្រុមអត្តពលិកចំបាប់​របស់​ម្ចាស់​ផ្ទះ​វៀតណាម ដែលត្រូវបានគេចាត់ទុក​ថា ជា «បងធំ» ផ្នែក​ចំបាប់​ប្រចាំនៅ​តំបន់​អាស៊ាននេះ បាន​ឈ្នះមេដាយមាស គ្រប់វិញ្ញាសា​ទាំងអស់។ តែទោះបីជា​យ៉ាងណា លោក Casey Barnett បានបង្ហាញ​ការ​ជឿជាក់ថា សម្រាប់ការ​ប្រកួត នៅថ្ងៃ​នេះ ក្រុមចំបាប់កម្ពុជា នឹង​អាចដណ្តើម​បានមេដាយមាស​ ជាមិនខាន។

អនុប្រធានសហព័ន្ធ​កីឡា​ចំបាប់កម្ពុជា លោក Casey Barnett ដែលជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួតនេះ បាន​ថ្លែង​ថា៖​ «វៀតណាម បាន​ឈ្នះ​មេដាយមាស​ទាំងអស់ ក្នុង រយៈ​ពេល​២ថ្ងៃ​ចុង​ក្រោយនេះ គឺ​ពួកគេខ្លាំង ប៉ុន្តែ​នៅ​ថ្ងៃ​នេះ​ យើង​រំពឹង​ថា នឹង​ឈ្នះ​មេដាយ​មាស២ សម្រាប់​ទម្ងន់​១២៥​គីឡូក្រាម និង​ទម្ងន់​៩៧គីឡូក្រាម»។

ចំពោះបេក្ខភាព ដែលកម្ពុជា រំពឹងបានឈ្នះមេដាយមាស​ នៅថ្ងៃ​នេះ គឺ​កីឡាករ​កូនកាត់ខ្មែរ-អ៊ីរ៉ង់ ម៉ូ សារី ដែល​ប្រកួតក្នុងទម្ងន់​៩៧​គីឡូក្រាម និង ស៊ូ បាលី ដែលប្រកួត​ក្នុង​ទម្ងន់​១២៥គីឡូក្រាម ហើយ​កីឡាករទម្ងន់​៨៦គីឡូក្រាម ហេង វុទ្ធី កីឡាករ​ទម្ងន់​៥៧​គីឡូក្រាម សឿន សុភាស់ កីឡាករ​ទម្ងន់​៦៥​គីឡូក្រាម ជុន ធួន កីឡាករ​ទម្ងន់​៧៤​គីឡូក្រាម អុល សៅហ៊ាង និងកីឡាការិនីកូនកាត់ខ្មែរ-កូរ៉េ អ៊ំ ជីអ៊ុន មានទម្ងន់​៦២​គីឡូក្រាម ក៏​ប្រកួត នៅថ្ងៃ​នេះ​ដូចគ្នា៕