ថ្នាក់ដឹកនាំ​គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ក្រោមការ​ដឹក​នាំ​ផ្ទាល់ ក្រោមការ​ដឹកនាំ​ផ្ទាល់​ដោយ​លោកឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារ ទៀ បាញ់ ជា​ប្រធាន CAMSOC បាន​ទទួល​ទង់​ស៊ីហ្គេម ជា​ផ្លូវ​ការ នៅ​ក្នុ​ង​ពិធីបិទ ការ​ប្រកួតស៊ីហ្គេម លើកទី​៣១ ឆ្នាំ​២០២១ នៅទី​ក្រុងហាណូយ ប្រទេស​វៀតណាម កាលពី​យប់​ម្សិលមិញ។

នៅក្នុង​ពិធី​បិទ​នោះ លោកបណ្ឌិត ថោង ខុន ជា​ប្រធាន​គណៈកម្មាធិការជាតិអូឡាំ​ពិក​កម្ពុជា (NOCC) និង​អនុប្រធានអចិន្រ្តៃយ៍ CAMSOC បាន​ទៅទទួលទង់ស៊ីហ្គេម ផ្ទាល់​ពីភាគី​វៀតណាម ជាមួយ​លោក វ៉ាត់ ចំរើន ដែល​ជា​អគ្គលេខា ហើយនៅក្នុងពិធី​នោះ ក្រុម​សិល្បៈ​ប្រពៃណី​ខ្មែរ និង​ក្រុម​ល្បុក្កតោ​កម្ពុជា ក៏បានបង្ហាញ​វត្តមានជាមួយការ​សម្តែង និង​ច្រើន នៅ​ក្នុងពេល​នោះ​ដែរ។

ជាមួយគ្នានេះ ប្រតិភូ​កីឡា​កម្ពុជា ព្រមទាំង​ក្រុមអត្តពលិក ដែលដណ្តើម​បានមេដាយ​មាស ​ក្នុងការ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​វៀតណាម លើកនេះ នឹង​ធ្វើដំណើរអម ការ​ដង្ហែរ​ទង់ស៊ីហ្គេមនេះ មក​ដល់កាន់ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ នា​រសៀល​ម៉ោង​៥ ថ្ងៃ​អង្គារនេះ ក្រោម​ការ​ដឹកនាំ​របស់​លោក​ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងការពារ ទៀ បាញ់ ផ្ទាល់​តែម្តង។

នៅក្រោយការ​មកដល់​មាតុប្រទេស​វិញ​ នៅរសៀល​ថ្ងៃ​អង្គារ​នេះ ប្រតិភូកីឡាករ​កម្ពុជា នឹង​ធ្វើការ​ដង្ហែរ​ទង់ស៊ីហ្គេម​នេះ ចេញពី​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ នៅ​ម៉ោង ៥:៣០ ដោយ​ក្បួន​ដង្ហែរទង់ស៊ីហ្គេម តាម​រថយន្ត​នេះ នឹង​ចាក​ចេញពី​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ តាម​ផ្លូវ​​សហព័ន្ធ​រុស្ស៊ី ឆ្ពោះ​ទៅ​កាន់​​វិមាន​​ឯករាជ្យ មុន​នឹង​ដង្ហែរ​ត្រឡប់​ទៅកាន់​ទីស្នាក់​ការ​ NOCC វិញ។

ជាមួយ​ការ​បង្ហែ​ទង់​ស៊ីហ្គេម នៅថ្ងៃ​អង្គារ​នេះ លោក វ៉ាត់ ចំរើន ជា​អគ្គលេខាធិការ NOCC និង CAMSOC និងនាយបេសកកម្ម​ស៊ីហ្គេម​នេះ បាន​ធ្វើ​ការ​អំពាវ​នាវ​ដល់​ប្រជាពល​រដ្ឋ​កម្ពុជា បែប​នេះ​ថា៖​ «ប្រតិភូ​កីឡា​របស់​យើង ​ដឹកនាំ​ដោយ​សម្តេចពិជ័យសេនា ទៀ បាញ់ ​នឹង​ទៅ​ដល់​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ហើយយើង​នឹង​ធ្វើ​ពិធី​ដង្ហែរ​ពី​ព្រលាន​យន្តហោះ នូវ​ទង់ ស៊ីហ្គេម ដែល​បានមក​ដល់​ព្រះ​រាជណាចក្រ​កម្ពុជានេះ ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ហ្នឹង អ៊ីចឹងខ្ញុំ​​សូម​ផ្ញើ​​សារ​នេះ ទៅ​ដល់​ប្រជា​ពល​រដ្ឋទាំង​អស់ នឹង​អ្នក​ស្នេហា​វិស័យ​កីឡា​ទាំង​អស់ ក៏ដូចជា​យុវជន​របស់​យើង​ទាំង​អស់​គ្នា សូម​ចូល​រួម​អបអរ​សាទរការដង្ហែរ​ទង់ស៊ីហ្គេម​នេះ និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ កីឡា​ការិនី​ ជា​ម្ចាស់​ជយលាភី​ស៊ីហ្គេម​របស់​យើង ដែល​បាន​ទៅ​ពីស៊ីហ្គេម នៅ​ប្រទេស​វៀតណាម​នេះ ផងដែរ»៕