បរទេស៖ Hertha Berlin បានរក្សាកៅអីបស់ខ្លួនក្នុងក្របខ័ណ្ឌ Bundesliga សម្រាប់រដូវកាលក្រោយ បន្ទាប់ពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ២-០ នៅលើទឹកដីក្រុម Hamburg កាលពីថ្ងៃចន្ទ ដើម្បីទទួលជ័យជម្នះក្នុងការប្រកួតវគ្គ Payoff ទាំង២ជើងក្នុងលទ្ធផល ២-១។
គ្រាប់បាល់តែតបញ្ចូលទីនៅដើមតង់ ពីកីឡាករ Dedryck Boyata របស់ Hertha និងការស៊ុតបាល់ពិន័យ Free-kick បញ្ចូលទីយ៉ាងល្អ ពី Marvin Plattenhardt បានជួយឲ្យក្រុម Hertha ផ្លាស់ប្តូរជោគវាសនារបស់ខ្លួនវិញ ក្នុងការប្រកួតជើងទី២។ Hertha បានរងបរាជ័យក្នុងការប្រកួតជើងទី១ក្នុងលទ្ធផល ១-០ ក្នុងទីក្រុងប៊ែរឡាំង កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ប៉ុន្តែ ក្រុមភ្ញៀវ បានគេចផុតពីការជួបសំណាងអាក្រក់ ក្នុងទីក្រុង Hamburg នៅពេលដែល Boyata បានតែតបាល់បញ្ចូលទី ក្រោយពីលេងបានត្រឹមតែ៤នាទី។
ជាមួយគ្នានេះ អ្នកចាំទី Daniel Fernandes របស់ Hamburg ក៏បានសង្គ្រោះបាល់យ៉ាងល្អ ពីការស៊ុតដោយកម្លាំងជើងដ៏ខ្លាំងរបស់ខ្សែប្រយុទ្ធ Ishak Belfodil នៅជិតបញ្ចប់តង់ទី១ផងដែរ។ ការរងបរាជ័យក្នុងការប្រកួតទាំង២ជើងនេះ បានរារាំងមិនឲ្យក្រុម Hamburg វិលទៅកាន់ក្របខ័ណ្ឌកំពូលវិញ បន្ទាប់ពីរយៈពេល៤រដូវកាល បើគិតចាប់តាំងពីធ្លាក់ចេញកាលពីឆ្នាំ២០១៨៕
ប្រភពព័ត៌មាន៖ Channel News Asia


