ខ្សែការពារ​ដ៏​ឆ្នើម​របស់ក្លិប​វិសាខា ដែល​បានបាត់បង់ឱកាស​យ៉ាងសំខាន់ ក្នុង​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ ឆ្នាំ​២០២១ នៅប្រទេស​វៀតណាម កាលពីពេលថ្មីៗ​នេះ ត្រូវ​បាន​កោះ​ហៅ ឱ្យ​ចូល​រួមជាមួយក្រុមជម្រើសជាតិ ឡើង​វិញ ប៉ុន្តែកីឡាករ​ចំនួន​៧នាក់ ដែលទើប​បាន​វិលត្រឡប់ពីការ​ប្រកួត​ស៊ីហ្គេមនេះ មិនត្រូវ​ក្រុមគ្រូ​បង្វឹក​ជម្រើសជាតិ​កម្ពុជា កោះហៅ​ឱ្យ​ចូល​ប្រមូល​ផ្តុំ ជាថ្មីនោះ​ទេ។

សម្រាប់ការ​កោះហៅកីឡាករ​ជម្រើសជាតិ​កម្ពុជា ឱ្យមក​ជំរំ​ហ្វឹក​ហាត់​ ឡើង​វិញ​នេះ គឺ​ដើម្បី​​ត្រៀមការ​ប្រកួត​មិត្តភាពអន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​ទីម័រ​ខាងកើត និង​ត្រៀម​ការ​ប្រកួត​​ពានរង្វាន់ AFC Asian Cup Qualifiers ដែលនឹង​​ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់​ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២។

តាម​បញ្ជីរាយនាមបឋមកីឡាករជម្រើសជាតិកម្ពុជា ដែលសហព័ន្ធកីឡា​បាល់​ទាត់កម្ពុជា (FFC) ទើប​បាន​ប្រកាស កាលពី​ថ្ងៃ​ចន្ទ  បាន​ឱ្យ​ដឹង​ថា ខ្សែ​ការពារ​ដ៏​រឹងមាំ ទេស សម្បត្តិ អាច​វិល​ត្រឡប់ មក​កាន់ក្រុមជម្រើសជាតិវិញ​ហើយ បន្ទាប់ពីរបួស​របស់គេ បានជាសះ​ស្បើយ បន្ទាប់ពី​កីឡាករ​របស់​ក្លិប​វិសាខា រូបនេះ បាន​បាត់បង់ឱកាស​មាស សម្រាប់​ការ​ទៅប្រកួត​ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម ដែលទើបរៀបចំពិធី​បិទ កាលពី​យប់ថ្ងៃ​ចន្ទ កន្លងមកនេះ។

 

ប៉ុន្តែ កីឡាករ វ៉ាំង ដាវីន របស់​ក្លិបបឹង​កេត ផាត សុខា របស់​ក្លិបណាហ្គាវើលដ៍ យ៉ើ សាហ្វី របស់​ក្លិប​ភ្នំពេញ​ក្រោន អ៊ីម សំអូន របស់ក្រុមគិរីវង់សុខសែន​ជ័យ ម៉ៅ ពិសិដ្ឋ របស់​ក្រុមអង្គរ​ថាយហ្គឺរ  ព្រមទាំង ញាណ សុស៊ីដាន និង ណារ៉ុង កក្កដា របស់​ក្រុមទ័ព ដែល​ទើបវិល​ត្រឡប់ មកពី​ប្រកួតស៊ីហ្គេម នៅ​វៀតណាម នេះ មិន​ត្រូវបាន​កោះ​ហៅ ឱ្យ​ចូលរួម​ជាមួយ​ក្រុមជម្រើសជាតិកម្ពុជា លើក​នេះ​ទេ។

ផ្ទុយ​ពីនេះ អ្នកចាំទី ហ៊ុល គឹមហ៊ុយ, សៀង ចន្ធា, សឿត ណាវ៉ា, តាំង ប៊ុនឆៃ របស់បឹងកេត, អ្នកចាំទី វីរៈ ដារ៉ា, សារ ទី, គី រីណា របស់​ក្រុម​វិសាខា, ខ្សែ​ការពារ ជា សុខម៉េង របស់ណាហ្គាវើលដ៍, លឹម ពិសុទ្ធ, ជួន ចាន់ចាវ របស់​ភ្នំពេញ​ក្រោន កីឡាករ មិន រតនៈ,ជូ ស៊ីនទី និង អ៊ាន ពិសី ដែលមាន​បញ្ហា​របួស​ចាស់ មិនអាច​ប្រកួត​ស៊ីហ្គេម លើកនេះ​បាន  ហើយជំនួស​វិញ​ដោយ ណារ៉ុង កក្កដា, ព្រមទាំង​កីឡការ​វ័យក្មេង ស៊ិន សុវណ្ណមករា របស់​ក្រុម​ខេត្តព្រៃវែង សុទ្ធតែ​បាន បន្តជាប់​ឈ្មោះ នៅក្នុងក្រុមជម្រើសជាតិកម្ពុជា សម្រាប់ត្រៀមការ​ប្រកួតទាំង​២ ខាង​លើកនេះ។

ជាមួយគ្នា​នេះ ​កីឡាករ​លើស​អាយុ​២៣​ឆ្នាំ ចំនួន​១២​ទៀត ក្នុង​នោះ​ក៏មាន​ខ្សែ​ការពារ​កូនកាត់បុរស-ខ្មែរ កុក បូរីស ដែល​​កំពុងប្រកបអាជីព នៅ​លីកកំពូល​ម៉ាឡេស៊ី ផងដែរ ដែល​ត្រូវ​បាន​កោះហៅ​ឱ្យ​ចូល​រួមជាមួយ​ក្រុមជម្រើសជាតិ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​វ័យជំនាស់​ជាង​គេ គួច សុកុម្ភៈ មិនត្រូវ​បានកោះហៅ​នោះ​ទេ ហើយ​វា​ក៏អាច​ចាត់ទុក​ថា ជា​រឿងកម្រ​មួយ​ផងដែរ ដែល សុកុម្ភៈ មិនបាន​ជាប់ឈ្មោះ នៅ​ក្នុងក្រុម​ធំជម្រើសជាតិកម្ពុជា ព្រោះការ​ប្រមូល​ផ្តុំ កន្លង​មក រូបគេតែង​មាន​​វត្ត​មានជា​និច្ច៕