បរទេស៖ សំណើរបស់​លោក Todd Boehly ដើម្បី​កាន់​កាប់​ក្លិប Chelsea បាន​បោះ​មួយ​ជំហាន​ទៀត​ឆ្ពោះ​ទៅកាន់​ការ​បំពេញ​ជា​ស្ថាពរ កាលពីថ្ងៃ​អង្គារ នៅពេល​ដែល​ក្រុម​ប្រឹក្សា​ក្រប​ខ័ណ្ឌ Premier League បានប្រកាស​ថា ខ្លួន​បាន​អនុ​ម័ត​ការ​ទិញ​​ក្លិប​នៅ​ទីក្រុង​ឡុងដ៍របស់​មហា​សេដ្ឋី​រូបនេះហើយ​។

ក្រុម​អ្នក​វិនិយោគ​​ដែល​ត្រូវ​បាន​ដឹកនាំ​ដោយ​លោក Boehly សហ​ម្ចាស់​ក្លិប​កីឡា​បេស្បល Los Angeles Dodgers បាន​យល់​ព្រមរួចជាស្រេច​លើ​កិច្ច​ព្រម​ព្រៀង​ក្នុង​ទំហំ​ទឹក​ប្រាក់​៤,២៥​ពាន់​លាន​ផោន (ស្មើ​នឹង​៥,៣​ពាន់​លាន​​ដុល្លារ​អាមេរិក) ដើម្បី​ទិញ​ក្លិប​ស្ថិត​ក្នុងក្រប​ខ័ណ្ឌ Premier League មួយ​នេះពី​លោក Roman Abramovich កាលពីថ្ងៃទី​៧ ខែ​ឧសភា​។ ក្រប​ខ័ណ្ឌ​ Premier League បាន​​ឲ្យ​ដឹង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​​កាលពីថ្ងៃ​អង្គារ​ថា៖ «ក្រុម​ប្រឹក្សា​ក្រប​ខ័ណ្ឌ Premier League នៅ​ថ្ងៃ​នេះ បាន​អនុ​វត្ត​សំណើ​កាន់​កាប់​ក្លិប​បាល់ទាត់ Chelsea ពីលោក Todd Boehly និង​ក្រុម​អ្នក​វិនិយោគ​ Clearlake ហើយ​។

ការ​ទិញ​នៅ​តែ​រង់​ចាំ​​រដ្ឋា​ភិបាល​ចក្រ​អង់គ្លេស ចេញ​អាជ្ញា​បណ្ណ​ទិញ​ និង​ការ​បំពេញ​លក្ខខណ្ឌ​ពិសេស​ៗ​ក្នុង​​ដំណាក់​កាល​ចុងក្រោយនៃ​ទិញ​ដូរ​នេះ​ប៉ុណ្ណោះ​»​។ លោក​មហា​សេដ្ឋី​រុស្ស៊ី Abramovich បាន​ដាក់​លក់​ក្លិប Chelsea កាលពី​ដើម​ខែ​មីនា នៅ​មុន​ពេល​លោក​​រង​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​ពី​រដ្ឋា​ភិបាល​ចក្រ​ភព​អង់គ្លេស ក្រោយពី​ការ​ឈ្លាន​ពាន​​របស់​រុស្ស៊ី​ក្នុងប្រទេស​អ៊ុយក្រែន​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia