បរទេស៖ លោក Jose Mourinho បាននិយាយ​កាល​ពីថ្ងៃ​អង្គារ​ថា បទពិសោធន៍​នៃ​ការ​ឈ្នះពាន​ក្រប​ខ័ណ្ឌ​អឺ​រ៉ុប​របស់​លោក នឹង​មិន​ជួយ​អ្វី​ដល់​លោក​ឡើយ ខណៈ​ដែលក្រុម Roma នៅ​សល់​ត្រឹម​តែ​មួយ​ជំហាន​មួយ​ទៀត​ប៉ុណ្ណោះ ក្នុង​ការ​ឈ្នះពាន​ប្រចាំ​ទ្វីប​ជាលើក​ដំបូង​របស់​ពួក​គេ​។

លោក Mourinho ធ្លាប់​បាន​​ឈ្នះពានក្រប​ខ័ណ្ឌ Champions League ២លើក ពាន UEFA Cup និង Europa League ប៉ុន្តែ បាននិយាយ​ថា លោក​មាន​អារម្មណ៍​ថា បាន​រង​នូវ​សម្ពាធដូចគ្នា នៅមុន​ពេល​ការ​ប្រកួត​​ជាមួយនឹងក្រុម Feyenoord ក្នុង​ក្រប​ខ័ណ្ឌ Conference League ក្នុង​ទីក្រុង Tirana នៅ​រាត្រីនេះ​។ លោក Mourinho បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​ថា៖ «ខ្ញុំ​នឹង​មិន​គិត​អ្វី​ផ្សេង​ឡើយ លុះ​ត្រា​តែ​បន្ទាប់​ពីការ​ប្រកួតនៅ​ថ្ងៃ​ស្អែក (ថ្ងៃនេះ)​។ បទពិសោធ​កាលពីមុន​របស់​ខ្ញុំ មិន​បាន​ជួយ​ដល់ខ្ញុំ​ឡើយ​។ ខ្ញុំ​បាន​គិត​ថា វា​នឹង​ជួយ ប៉ុន្តែ មិនបាន​ជួយ​ឡើយ​។

ខ្ញុំ​ជាមនុស្ស​ដូច​មុន ពោល​គឺ​ដូច​ពេល​ដែលខ្ញុំ​បាន​ដឹកនាំ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​ជាលើក​ដំបូង​របស់​ខ្ញុំ​អ៊ី​ចឹង​»​​។ លោក Mourinho វ័យ​៥៩​ឆ្នាំ បាន​ធ្វើ​ឲ្យ​ខ្លួន​លោក​ផ្ទាល់​មាន​ប្រជា​ប្រិយភាពក្នុង​ចំណោម​អ្នក​គាំទ្រ ក្រោយពី​​បាន​ជួប​ភាព​ជោគ​ជ័យ​ក្នុង​​រដូវ​កាល​ទី​១​របស់​លោក ក្នុង​ប្រទេស​អ៊ីតាលី ខណៈ​ដែល​លោក​បានដឹកនាំ​ឲ្យ Roma ឈ្នះ​កៅអី​ទៅលេង​ក្នុងក្រ​ប​ខ័ណ្ឌ Europa League និង​ឈាន​ទៅ​ប្រកួតក្រប​ខ័ណ្ឌ​អឺរ៉ុប​វគ្គ​ផ្តាច់​ព្រ័ត្រ ជាលើក​ដំបូង ក្នុង​រយៈពេល​៣​ទស​វត្សរ៍​៕

 

ប្រភព​ព័ត៌​មាន៖ Channel News Asia