នៅទីបំផុត ការ​ប្រកួត​ពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ (Cambodian League Cup) បាន​រក​ឃើញ​ក្រុមខ្លាំ​ងទាំង​២ ឡើងទៅ​ប្រកួត​ផ្តាច់ព្រ័ត្រ ជា​ផ្លូវការ​ហើយ នោះគឺ​ក្រុម​វិសាខា និង​ភ្នំពេញក្រោន បន្ទាប់ពីក្រុម​ទាំង​២​នេះ បានទទួលជ័យជម្នះ​រៀងៗ​ខ្លួន នៅ​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដែល​ទើបបាន​បញ្ចប់ កាលពី​ថ្ងៃអង្គារ ម្សិលមិញ។

តាម​រយៈការ​ប្រកួត​នេះ ក្រុមវិសាខា ក្រោម​ការ​ដឹកនាំ​ផ្ទាល់​ ដោយ​លោកគ្រូ​ មាស ចាន់ណា បា​នទទួលជ័យជម្នះគ្រប់ការ​ប្រកួត​ទាំងអស់ គឺ​ពួកគេ បាន​យក​ឈ្នះក្រុមអង្គរ​ថាយហ្គឺរ ព្រៃវែង​អេហ្វស៊ី និងក្រុមណិចស្តិប ដើម្បី​ទទួលបានចំណាត់ថ្នាក់​លេខ​១ ប្រចាំពូល​D ហើយ​ក្រុមនេះ បាន​បន្ត​ទម្លាក់​ក្រុមលេខ​២​ពូល​C បឹងកេត ដោយការ​យក​ឈ្នះ ២-០ នៅក្នុង​វគ្គ​ខ្វែង​៨ក្រុម​ចុង​ក្រោយ។

យ៉ា​ងណា​មិញ សម្រាប់ការ​ឡើង​មក​ជួប​ក្រុម​លេខ​១ពូល​B ព្រះ​ខ័នរាជស្វាយរៀង នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ ដែល​បានទម្លាក់​ក្រុម​គិរីវង់សុខសែនជ័យ ២-០ នៅ​វគ្គខ្វែង​ដែរ​នោះ ក្រុម​វិសាខា បាន​យក​ឈ្នះក្រុម​ខ្លាំង​មិនស្គាល់​ការ​ចាញ់ នៅលីគកំពូលកម្ពុជា ស្វាយរៀង ២-០ ដ៏គួរ​ឱ្យភ្ញាក់ផ្អើល។

ជាមួយ​​ជ័យជម្នះ ក្រុម​​វិសាខា នឹង​ត្រូវ​ឡើង​ទៅជួបក្រុម​ភ្នំពេញក្រោន នៅវគ្គ​ផ្តាច់​ព្រ័ត្រ ដែល​ការ​ប្រកួត​នេះ ត្រូវ​បាន​គេមើល​ឃើញ​ថា នឹង​មាន​ភាពតានតឹងខ្លាំង ព្រោះក្រុម​លេខ​១​ពូល​C ភ្នំពេញ​ក្រោន បាន​ឈ្នះគ្រប់ការ​ប្រកួត​ដូចគ្នា នៅមុន​ឡើង មកដល់​វគ្គ​ផ្តាច់ព្រ័ត្រ ដណ្តើម​យក​ពាន​នេះ។

នៅក្នុង​វគ្គ​ជម្រុះ​តាមពូល ភ្នំពេញ​ក្រោន បាន​យក​ឈ្នះក្រុមបឹងកេត ក្រុមនគរ​បាលជាតិ និង​ឈ្នះ​ក្រុម​​យុវជនបាល់​ទាត់ជាតិបាទី ដើម្បី​ទទួលបាន​លេខ​១​ប្រចាំពូល​C​នេះ ហើយ​បន្ទាប់​មក ពួកគេ ​បានបន្ត​​ទៅទម្លាក់​ក្រុមព្រៃវែង​អេហ្វស៊ី ៤-១ ក្នុង​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ និង​បន្ត​ឈ្នះក្រុមណាហ្គាវើលដ៍ ៣-០ នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

 

ជាមួយ​លទ្ធផលដ៏​ល្អ​របស់​ក្រុមទាំង​២​នេះ ត្រូវបានគេ​គិត​ថា ការ​ជួបគ្នា​របស់​ក្រុម​វិសាខា និង​ភ្នំពេញក្រោន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ នឹង​មានភាពស្វិតស្វាញខ្លាំង ព្រោះ​ក្រុម​របស់​លោក មាស ចាន់ណា ត្រូវការ​ឈ្នះខ្លាំង ដើម្បី​បង្ហាញពី​ភាពប្រសើរ​ឡើង​វិញ របស់ក្រុមនេះ បន្ទាប់ពី វិសាខា បានបញ្ចប់កុង​ត្រា​មុនពេលកំណត់​ជាមួយ​គ្រូ​បង្វឹក​កូរ៉េខាងត្បូង​ លោក Lee Tae Hoon ចំណែក​ក្រុម​ភ្នំពេញក្រោន កាន់តែ​មាន​មហិច្ឆតា​ខ្ពស់ ក្នុងការ​យក​ពាន​នេះ ដើម្បីឧទ្ទិស​ទៅដល់​វិញ្ញានក្ខន្ធ​ប្រធាន​ក្លិបរបស់ពួកគេ គឺ​លោកឧញ៉ា ឬទ្ធី សំណាង ដែល​ទើប​ទទួល​មរណភាព កាលពីពេលថ្មីៗ​នេះ៕