បរទេស៖ ក្លិប Aston Villa បាន​ឈាន​​ដល់​ការ​ព្រម​ព្រៀង​មួយ​ដើម្បី​ចុះ​ហត្ថលេខា​ជា​មួយនឹង​ខ្សែ​ការ​ពារ Diego Carlos ពីក្លិប Sevilla​។ ខ្សែ​ការ​ពារ​កណ្តាល​សញ្ជាតិ​ប្រេស៊ីល​​វ័យ​២៩​ឆ្នាំ​រូបនេះ បច្ចុប្បន្ន នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អង់គ្លេស ដើម្បីពិនិត្យ​សុខភាព និង​បំពេញលក្ខខណ្ឌ​ផ្ទាល់​ខ្លួន ក្នុង​តម្លៃ​២៦​លានផោន (ស្មើនឹង​៣៣លានដុល្លារ​អាមេរិក​)​។

Carlos ដែល​បាន​លេង​​ការ​ប្រកួត​១៣៦លើក​សម្រាប់ក្រុម Sevilla និង​បាន​ជួយ​ឲ្យ​ពួកគេ​ឈ្នះ​​ពាន​ Europa League ឆ្នាំ​២០២០ ក៏​បាន​ពិភាក្សា​ជាមួយនឹងក្លិប Newcastle ផ​ងដែរ ក្នុង​ពេល​បើក​ទីផ្សារ​ដោះដូរ​កីឡាករ​កាលពី​ខែមករា ប៉ុន្តែ ការ​ផ្ទេរ​នេះ មិនបានកើត​ឡើង​ឡើយ​។ Aston Villa បាន​ឲ្យដឹង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា៖ «ក្លិប Aston Villa អាច​ប្រកាស​​បាន​ថា ក្លិប​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​គ្នា​ជា​មួយនឹងក្លិប Sevilla FC សម្រាប់​ការ​ផ្ទេរ Diego Carlos ក្នុង​តម្លៃ​ខ្លួន​បិទ​ជិតមួយ​។

កីឡាករ​រូបនេះ នឹង​ធ្វើ​ដំណើរ​ទៅកាន់​​អង់គ្លេស ក្នុង​រយៈ​ពេល​​ឆាប់​នេះ ដើម្បី​បំពេញ​ការ​ពិនិត្យ​សុខភាព និង​បំពេញលក្ខខណ្ឌផ្ទាល់​ខ្លួន​»​។ Carlos បាន​ចូលរួម​​ជាមួយនឹងក្លិប Sevilla កាល​ពី​ឆ្នាំ​២០១៩ ពី​ក្លិប​បារាំង Nantes និង​ជា​សមា​ជិកក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល ដែល​បាន​ឈ្នះមេដាយ​មាស​អូឡាំពិក​ទីក្រុង​តូក្យូ​៕

 

ប្រភព​ព័ត៌​មាន៖ The Guardian