ក្រុម​សិង្ហក្រហម ភ្នំពេញក្រោន នឹងបើក​ទ្វារ​កីឡដ្ឋាន​ស្មាត​អអេសអ៊ិន ស្វាគមន៍​ក្រុម​វិសាខា នៅ​ល្ងាច​ម៉ោង ៦:៣០ ថ្ងៃ​សៅរ៍នេះ ហើយនេះជា​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ  ដណ្តើម​ពាន​រង្វាន់​​ខេមបូឌានលីគខាប់ ឆ្នាំ​២០២២ បន្ទាប់ពីក្រុមទាំង​២នេះ បានឈ្នះគ្រប់ការ​ប្រកួតទាំង​៥​លើក​ជាប់ៗ​គ្នា កន្លងមកនេះ។

នៅក្នុង​ការ​ប្រកួតនេះ ក្រុម​ម្ចាស់​ផ្ទះ ភ្នំពេញក្រោន ពិតជា​ត្រូវការ​ឈ្នះខ្លាំង ព្រោះពួកគេ ចង់​បានពាន​នេះ ដើម្បីជាការ​ឧទ្ទិស​ទៅដល់​វិញ្ញានក្ខន្ធ​ប្រធាន​ក្លិបរបស់ពួកគេ គឺ​លោកឧញ៉ា ឬទ្ធី សំណាង ដែល​ទើប​ទទួល​មរណភាព កាលពីពេលថ្មីៗ​នេះ ចំណែកក្រុមវិសាខា ក៏ចង់បាន​ពាន​នេះ ដើម្បីស្រោចស្រង់ពីការ​ដណ្តើម​មិន​បានពាន​អ្វីមួយ​សោះ របស់ពួកគេ នៅក្នុង​រដូវ​កាល នេះ ផងដែរ។

យ៉ាងណា​ក៏ដោយ សម្រាប់ការ​ប្រកួតដ៏សំខាន់នេះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេងជម្រើស​១១នាក់​ដំបូងរបស់​ភ្នំពេញក្រោន គឺ លឹម ពិសុទ្ធ នឹងមុនអាច​ចូល​រួមជួយក្រុម​នេះ បាន​នោះទេ បន្ទាប់ពី​រូបគេ មាន​បញ្ហា​របួស​សសៃ​ពួរ​កជើង​ខាងឆ្វេង ក្រោយ​ពី​មាន​ការ​ប៉ះ​ទង្គិច​គ្នា ​ក្នុង​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​​​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់ខេមបូឌានលីគខាប់ ជាមួយ​ក្រុម​ណាហ្គាវើលដ៍ នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ ហើយបើតាមការ​ប្រកាស​របស់​ក្លិបភ្នំពេញក្រោន បាន​ឱ្យ​ដឹង​ទៀត​ថា ជាមួយ​បញ្ហា​របួស​​នេះ លឹម ពិសុទ្ធ នឹងត្រូវសម្រាក ព្យាបាលរយៈពេលពី​៥ ទៅ៦សប្តាហ៍។

តែទោះបីជា​យ៉ាង​ណា​ ភ្នំពេញក្រោន នៅមានកីឡាករ​ល្អៗជា​ច្រើន​ទៀត ដើម្បី​បំពេញ​ទីតាំង លឹម ពិសុទ្ធ ហើយជាមួយគ្នា​នេះ លោក មាស ចាន់ណា ដែលទើប​បាន​ផ្លាស់ប្តូរតួនាទី ពីអ្នកចាត់ការទូទៅ មកកាន់​​តំណែង​ជា​គ្រូង្គោល នៅ​ក្នុងក្លិប​វិសាខា ជំនួសគ្រូ​បង្វឹក​កូរ៉េខាងត្បូង ​លោក Lee Tae Hoon នោះ បាន​ទទួលស្គាល់​ថា ការ​ប្រកួតនេះ នឹងមាន​ភាពតានតឹង​ខ្លាំង ព្រោះវាជំនួប​របស់ក្រុមខ្លាំង ដែលមិនទាន់ស្គាល់ការ​ចាញ់សោះ​ដូចគ្នា នៅក្នុង​ព្រឹត្តិការណ៍​មួយនេះ។

យ៉ាងណា​ក៏ដោយ អតីតគ្រូ​បង្គោលក្រុមណាហ្គាវើលដ៍ លោក មាស ចាន់ណា បាន​បញ្ជាក់​ ដោយ​ភាពជឿជាក់​ថា៖ ​«យើង​​ត្រៀម​ខ្លួន ​បាន​រួចរាល់​អស់ហើយ ហើយ​យើងបានតាំង​ចិត្តថា នឹង​យក​ពាន​មួយនេះ មក​កាន់​ក្លិប​របស់​យើង​ឱ្យបាន អ៊ីចឹង​ហើយទាំង​ក្រុម​កីឡាករ ថ្នាក់ដឹកនាំ និង​ក្រុមគ្រូ​បង្វឹក បានតាំង​ចិត្ត​ ដោយ​ម្នាក់ៗ ត្រូវ​ខំប្រឹង​ព្យាយាម​យក​ពាន​មួយនេះ​ឱ្យបាន»។

គួរបញ្ជាក់ថា នៅក្នុងការ​ប្រកួត​ពាន​រង្វាន់​មួយនេះ ក្រុម​វិសាខា បាន​យក​ឈ្នះក្រុមអង្គរ​ថាយហ្គឺរ ព្រៃវែង​អេហ្វស៊ី និងក្រុមណិចស្តិប ដើម្បី​ទទួល​បាន​ចំណាត់​ថ្នាក់​​លេខ​១ ប្រចាំពូល​D ហើយ​ក្រុមនេះ បាន​បន្ត​ទម្លាក់​ក្រុមលេខ​២​ពូល​C បឹងកេត ដោយ​​ការ​យក​ឈ្នះ ២-០ ក្នុង​វគ្គ​ខ្វែង​៨ក្រុម​ចុង​ក្រោយ ហើយ​អ្វី​ដែលកាន់​តែ​ពិសេស​នោះ គឺ វិសាខា បាន​យក​ឈ្នះក្រុម​ខ្លាំង​មិនស្គាល់​ការ​ចាញ់ នៅលីគកំពូលកម្ពុជា ព្រះខ័ន​រាជស្វាយរៀង ២-០ ដ៏គួរ​ឱ្យភ្ញាក់ផ្អើល នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​ភ្នំពេញ​ក្រោន ក៏​ធ្វើបាន​ល្អ​ដូចគ្នា ដោយ​ពួកគេ បាន​យក​ឈ្នះក្រុមបឹងកេត ក្រុម​នគរ​បាលជាតិ និង​ឈ្នះ​ក្រុម​​យុវជនបាល់​ទាត់ជាតិបាទី សម្រាប់​ការប្រកួតជម្រុះ ​ក្នុង​ពូល​C​ រួច​បន្ត​​​ទៅ​ទម្លាក់​ក្រុមព្រៃវែង​អេហ្វស៊ី ៤-១ ក្នុង​វគ្គ​ខ្វែង​៨​ក្រុម​ចុង​ក្រោយ និង​បន្ត​ឈ្នះ​​ណាហ្គាវើលដ៍ ៣-០ នៅ​វគ្គ​ពាក់​កណ្តាល​​ផ្តាច់​ព្រ័ត្រ ហើយតាម​លទ្ធផលនេះ វា​បានបង្ហាញ​រួច​ទៅហើយ ការ​ប្រកួត​ផ្តាច់ព្រ័ត្រ​រវាងក្រុមទាំង​២​នេះ ពិតជា​មាន​ភាពតានតឹង និងស្វាញ​ខ្លាំង ដែល​មិនអាច​កំណត់ពីលទ្ធផល ទុក​មុន បាននោះទេ៕