បរទេស៖ Nottingham Forest បានឈ្នះសិទ្ធិទៅលេងក្នុងក្របខ័ណ្ឌ Premier League វិញជាលើកដំបូង ក្នុងរយៈពេល២៣ឆ្នាំ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ១-០ លើក្រុម Huddersfield ក្នុងការប្រកួតក្របខ័ណ្ឌ Championship វគ្គ Playoff ផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យ។
ការធ្វើឲ្យបាល់ចូលទីខ្លួនឯងរបស់កីឡាករ Levi Colwill នៅជិតបញ្ចប់ការប្រកួតតង់ទី១ នាកីឡដ្ឋាន Wembley គ្រប់គ្រាន់សម្រាប់ក្រុមរបស់លោក Steve Cooper ទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់បំផុតពីការប្រកួតបាល់ទាត់តែ១ប្រកួត។ ការឈ្នះកៅអីទៅលេងក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ត្រូវបានប៉ាន់ប្រមាណថា នឹងទទួលបានចំណូលយ៉ាងហោចណាស់១៧០លានផោន (ស្មើនឹង២១៤លានដុល្លារអាមេរិក)។
Forest នឹងទទួលបានប្រាក់ចំណូលដ៏ច្រើនសន្ធឹកសន្ធាប់នេះ ប៉ុន្តែ ពួកគេនឹងមានអារម្មណ៍ធូរស្រាល ក្រោយពីបានបញ្ចប់ការរង់ចាំអស់រយៈពេល២៣ឆ្នាំ ដើម្បីវិលទៅកាន់ក្របខ័ណ្ឌ Premier League ក្រោមទិដ្ឋភាពនៃការអបអរយ៉ាងខ្លាំងក្លា ពីអ្នកគាំទ្រ។ ទីបំផុត Forest អាចសម្លឹងឆ្ពោះទៅកាន់ការស្វាគមន៍ការប្រកួតក្របខ័ណ្ឌកំពូលរបស់អង់គ្លេស នាកីឡដ្ឋាន City Ground រស់ពួកគេ ក្នុងរយៈពេលជាលើកដំបូងក្នុងសតវត្សរ៍ទី២១នេះ។ លោក Cooper បាននិយាយថា៖ «ខ្ញុំពិតជារំភើបរីករាយណាស់ជួសកីឡាករ និងអ្នកគាំទ្រ។ គ្រប់គ្នាដែលផ្សារភ្ជាប់ជាមួយនឹងក្លិបបាល់ទាត់នេះ ពិតជាស័ក្តិសមនឹងសមិទ្ធផលនៅថ្ងៃនេះ ហើយបច្ចុប្បន្ន យើងពិតជាសម្លឹងឆ្ពោះទៅកាន់អនាគតដ៏វិជ្ជមានមួយ»៕
ប្រភពព័ត៌មាន៖ Channel News Asia