អ្នកប្រយុទ្ធចិត្តសឿង ធន់ អៀងឡៃ បានពោលពាក្យសុំទោស ទៅកាន់ពុកម៉ៃ បងប្អូន ដែលជាអ្នកគាំទ្រ ជាពិសេសប្រពន្ធរបស់គេផ្ទាល់ ដែលខំធ្វើដំណើរតាំងពីខេត្តពោធិ៍សាត់ មកលើកទឹកចិត្តប្តី នៅភ្នំពេញ ប៉ុន្តែបែរជាបានឃើញ ហេតុការណ៍ដ៏តក់ស្លុត នៅពេលឃើញស្វាមីរបស់ខ្លួន ធន់ អៀងឡៃ ដួលសន្លប់បាត់មាត់ឈឹង ក្រោមការបុកជង្គង់ និងវាយកែងរបស់ អេលីត ចំរើន នោះ។
សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានមាស នៅសង្វៀនថោន កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ធន់ អៀងឡៃ បានអះអាងថា រូបគេ បានបញ្ឆោត អេលីត ចំរើន ឱ្យហ៊ានចូលវ៉ៃប្តូរ បានសម្រេចទៅហើយ ប៉ុន្តែផ្លែសម្លាប់របស់គេ មិនអាចវាយឱ្យ ចំរើន ស្រុតបាន ផ្ទុយទៅវិញ អៀងឡៃ បែរសន្លប់ធំ ក្រោមល្បិចបញ្ឆោតនេះទវិញ។
ធន់ អៀនឡៃ បាននិយាយក្រោយការប្រកួតថា៖ «យុទ្ធសាស្រ្តរបស់ខ្ញុំ គឺខ្ញុំព្យាយាមឱ្យ អេលីត ចំរើន ខ្នាញ់ខ្ញុំ ដើម្បីឱ្យគាត់ហ៊ានចូលវាយខ្ញុំ ដើម្បីខ្ញុំងាយស្រួលចូលវាយប្តូរ ហើយនៅពេលយើងធ្វើបាន ដោយឱ្យគាត់ ចូលវ៉ៃយើងបានទៅហើយនោះ បែរជាយើងចាញ់គាត់ទៅវិញ ដោយសារខ្ញុំទាបជាងគាត់បន្តិច អ៊ីចឹងយើងវាយបានតែក្រោម និងស្មើ តែគាត់វាយបានពីលើទៀត»។
ធន់ អៀងឡៃ បានបន្ថែមថា៖ «សម្រាប់ការចូលវាយប្តូរគ្នានេះ ខ្ញុំបានដឹងច្បាស់ គឺបើអ្នកវាយចូលបានធ្ងន់ជាង គឺអ្នកនោះ នឹងឈ្នះ ហើយខ្ញុំក៏សូមអភ័យទោស ទៅដល់ពុកម៉ែ បងប្អូន ជាពិសេសភរិយារបស់ខ្ញុំ ដែលខ្ញុំធ្វើមិនបានល្អ។ តែទោះបីជាយ៉ាងណា ខ្ញុំពេញចិត្ត នៅអ្វីដែលខ្ញុំបានធ្វើ នៅថ្ងៃនេះ ព្រោះថា ខ្ញុំទទួលបានកម្លាំងចិត្ត ពីពួកគាត់ ដែលខ្ញុំមិនថយទេ គឺការប្រកួតនេះ ខ្ញុំមិនថយទេ ហើយខ្ញុំពេញចិត្ត និងទទួលស្គាល់នូវការពិតថា ខ្ញុំពិតជាអត់មែន ព្រោះយើងមានផ្លែ វាយប្តូរមួយទៅ មួយមក តែយើងវាយគេមិនទៅ»។
តាមរយៈការប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពានមាស កាលពីថ្ងៃអាទិត្យ អេលីត ចំរើន និង ធន់ អៀងឡៃ បានវាយប្តូរយ៉ាងខ្លាំង ប៉ុន្តែ អៀងឡៃ បានធ្លាក់កម្លាំង ក្រោមការបុកជង្គង់ចូលពេញៗរបស់ អេលីត ចំរើន ហើយស្របពេលជាមួយគ្នានោះ ចំរើន បានស្ទុះវាយកែងបន្ថែម បណ្តាលឱ្យ ធន់ អៀងឡៃ ដួលដេក សន្លប់ធំ នៅពាក់កណ្តាលទឹកទី៣ នេះតែម្តង។
ជាមួយជ័យជម្នះនេះ បានជួយឱ្យ អេលីត ចំរើន ឈ្នះបានពានមាស អមដោយប្រាក់រង្វាន់១៦លានរៀល ខណៈ ធន់ អៀងឡៃ ដែលមានស្នាមបែក នៅលើក្បាល ដេរអស់ជាច្រើនថ្នេរនោះ ទទួលបានប្រាក់រង្វាន់៨លានរៀល។
ការផ្តួល ធន់ អៀងឡៃ ឱ្យសន្លប់នេះ អេលីត ចំរើន បាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត ចំពោះការឈ្នះពានមាសនេះ តែមុនការប្រកួត ខ្ញុំមិនសប្បាយចិត្តនោះទេ ព្រោះមានបងប្អូន គាត់រិះគន់ច្រើនថា ខ្ញុំបានតែវ៉ៃរត់ និងថយ គ្មានកន្លែងណាល្អមើលទេ! ដល់អ៊ីចឹងខ្ញុំមានអារម្មណ៍អត់ចិត្តដែរ ហេតុនេះការឡើងមកលើកនេះ ខ្ញុំបានតាំងចិត្តថា ទោះបីជា សន្លប់គេ ឬសន្លប់យើង ខ្ញុំត្រូវតែបុក ដើម្បីកុំឱ្យបងប្អូនថា ខ្ញុំចេះតែថយ»៕