គិតមកដល់ពេលនេះ ប្រធាន​ក្លិបបាល់​ទាត់​ភ្នំពេញក្រោន លោកឧកញ៉ា ឬទ្ធី សំណាង ទទួល​មរតភាព​ បានចំនួន​២០​ថ្ងៃ​ហើយ ប៉ុន្តែ​រាល់​អនុស្សាវរីយ៍ទាំងឡាយ ជាពិសេស​ស្នា​ដៃ​សំខាន់ៗ ដែលលោក​បានព្យាយាម​បង្កើត​ឱ្យមា​ន​ឡើង សម្រាប់ក្លិបបាល់​ទាត់ដ៏​ធំ​ជាងគេ នៅ​កម្ពុជា​​មួយនេះ គឺ​បានស្ថិតនៅ​ក្នុងបេះដូង និងការ​ចងចាំ​របស់ក្រុមគ្រួសា​របាល់​ទាត់​ភ្នំពេញក្រោន មិនសាបសូន្យ​ឡើយ។

យ៉ាង​ណា​មិញ នៅក្នុងពិធីលើក​ពាន  ការ​ប្រកួត​ពាន​រង្វាន់​ខេមបូឌាន​លីគខាប់ ឆ្នាំ​២០២ (Cambodian League Cup) កាលពី​យប់ថ្ងៃសៅរ៍ កន្លងមកនេះ គ្រប់គ្នា នៅ​ក្នុង​ក្លិប​​ភ្នំពេញក្រោន ព្រមទាំង​ប្រពន្ធ កូន ម្តាយ និងសាច់ញ្ញាតិ​របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង  សុទ្ធតែ​បាន​បង្ហាញការគោរព​ និង​នឹកគុណ​ដល់​វីរភាព​របស់​បុរសវ័យ​៤១​ឆ្នាំ ដែលទើបទទួល​មរភាព ម្នាក់នេះ។

រូប​ថត​របស់​លោក​ឧកញ៉ា ឬទ្ធី សំណាង ត្រូវបានបង្ហាញ​យ៉ាងខ្ពស់ត្រដែត នៅក្នុង​ពិធីលើក​​ពាន​នេះ ហើយគ្រប់​គ្នា នៅក្នុង​ក្រុម​គ្រួសារបាល់​ទាត់​ភ្នំពេញ​ក្រោន បាន​ឧទ្ទិសការ​ឈ្នះ​ពាន​នេះ ទៅ​ដល់​​វិញ្ញានក្ខន្ធ​ប្រធាន​ក្លិបរូបនេះ ដោយក្លិប​មួយ​នេះ បាន​សរសេរ​បង្ហោះ​នៅ​លើ​ផេច​ហ្វឹក​ផ្លូវ​ការ​របស់​ខ្លួន ក្រោយការ​ឈ្នះពាន​នេះ​​ថា «This one is for you, Boss ដែលមានន័យ​ថា ពាន​រង្វាន់​​នេះ សម្រាប់អ្នក, លោកប្រធាន»។

នៅ​ក្រោយការ​ឈ្នះ​ពាននេះ លោក កែវ សុខង៉ន អ្នកចាត់ការ​ទូទៅ​ក្រុម​ភ្នំពេញក្រោន បានបង្ហោះ​រូបភាព​ការកាន់ពាន អមដោយ​រូបភាព​របស់លោក​ឧកញ៉ា ឬទ្ធី សំណាង រួច​សរសេរ​ថា៖​  «គ្រប់ពេលវេលា មិនថា មុនប្រកួត ឬ​ចប់ការប្រកួត មេ តែងតែ call មក ដើម្បី​លើក​ទឹក​ចិត្តថា មើលក្រុមឱ្យ​បានល្អ លេងដោយឆន្ទៈ»។

អតីត​កីឡាករ​ជម្រើសជាតិកម្ពុជា កែវ សុខង៉ន បាន​បន្ថែម​ថា៖​«កូន​ចៅ​ទាំង​អស់​នឹង​ខិតខំ​ធ្វើឱ្យ​អស់ពីកម្លាំងកាយចិត្ត។ នឹកមេ និងសំឡេងមេ BOSS RITHY SAMNANG ។ ជ័យជំនះមួយនេះ សម្រាប់មេ  ហើយ​​ភ្នំពេញក្រោន គឺ​យើង​នៅ​ជាមួយគ្នា បេះដូងតែមួយ ក្រុមតែមួយ គ្រួសារតែមួយ»។

ជាមួយការ​ឈ្នះពានរង្វាន់ Cambodian League Cup 2022 នេះដែរ លោកជំទាវ សុក ស៊ីដា ដែលជាម្តាយរបស់លោកឧកញ៉ា ឫទ្ធី សំណាង មានថ្លែង​ថា៖ «អរ​គុណ​សម្រាប់​អ្នក​​គាំទ្រ ក្រុម​កីឡាករ និង​ថ្នាក់ដឹកនាំ​ គ្រូបង្វឹក ទាំងអស់ ដែល​បាន​ប្រឹង​ប្រែង​សម្រាប់​ពាន​រង្វាន់​មួយនេះ ហើយខ្ញុំជឿជាក់ថា កូនប្រុសខ្ញុំ (លោកឧញ៉ា ឬទ្ធី សំណាង) នឹង​រីករាយ​ជាមួយ​អ្នកទាំងអស់គ្នា»។

គួរ​បញ្ជាក់ថា ការឈ្នះ​​​ពាន​រង្វាន់​ខេមបូឌាន​លីគខាប់ ឆ្នាំ២០២២ នេះ គឺ​បន្ទាប់ពី​ភ្នំពេញក្រោន បាន​យក​ឈ្នះក្រុម​វិសាខា ២-១ ក្នុងការ​ប្រកួត​ផ្តាច់ព្រ័ត្រ នៅកីឡដ្ឋានស្មាត​អអេសអ៊ិន កាលពី​យប់​ថ្ងៃសៅរ៍ ដោយគ្រាប់បាល់​ទាំង​២​នេះ រក​បាន​ដោយ​ខ្សែ​ប្រយុទ្ធ ប្រាក់ ធីវ៉ា ​​នៅ​ទីទី​៥០ ​និង​កីឡាករ​ជប៉ុន Yudai Ogawa នៅនាទីទី​៨៧ គឺ​បន្ទាប់ពី​​ខ្សែការពារ Khan Mohammed Faeez ​របស់​ក្រុម​វិសាខា បានតែតបញ្ចូល​ទី​១គ្រាប់ តាមស្មើវិញ នៅនាទីទី​៨៣៕